ព័ត៌មានជាតិ

សម្តេចធិបតីនាយករដ្ឋមន្រ្តីប្រកាសព្រមានដកតំណែងមន្ត្រីខិលខូច ប្រសិនបើប៉ះពាល់ដីអភិរក្សតំបន់៣ នៅជុំវិញបឹងទន្លេសាប

 

 

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារធ្ងន់ៗ ដោយព្រមានដកតំណែងមន្ត្រីខិលខូច ប្រសិនបើប៉ះពាល់ដីអភិរក្សតំបន់៣ នៅជុំវិញបឹងទន្លេសាប។

 

សម្តេចធិបតីព្រមានបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

សម្តេចធិបតី បានលើកឡើងថា គ្មានដីណា ដែលថ្លៃជាងអនាគតនោះទេ ហើយការថែរក្សាបឹងទន្លេសាប ដែលជាបឹងទឹកសាបធំជាងគេនៅលើពិភពលោក និងជាផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយ មានតម្លៃយ៉ាងធំធេង។ សម្តេចធិបតី ក៏បានប្រាប់អភិបាលខេត្តជាប់បឹងទន្លេសាបទាំង៦ ត្រូវចូលរួមការពារឱ្យបានដីអភិរក្សបឹងទន្លេសាបតំបន់៣។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចការងារនេះ យើងត្រូវអនុវត្តឱ្យបានហ្មត់ចត់ អភិក្រមទាំង៥ ខ្ញុំសង្ឃឹមថា អភិក្រម៤ នឹងត្រូវបានប្រើ។ អភិក្រមទាំង៥ ខ្ញុំមិនចង់ប្រើអំណាចចុងប៊ិចទេ តែបើបង្ខំខ្ញុំ ខ្ញុំត្រូវតែប្រើហើយ។ ការទទួលខុសត្រូវក្នុងរដ្ឋបាល បើគ្មានវិន័យធ្វើការងារអ្វីមិនចេញទេ។ ខ្ញុំអត់សូវចេះមាត់ទេ តែដៃខ្ញុំចេញស៊ីញ៉េ។ ខេត្តទាំង៦ ជាអ្នកទទួលបន្ទុកដឹកនាំរួម ហត់កាយមិនសូវបញ្ហាទេ កុំឱ្យហត់ចិត្ត ខ្ញុំជឿថា ឯកឧត្តមដូចគ្នា ខិតខំធ្វើយ៉ាងណា អាជ្ញាធរទាំងអស់ខិតខំប្រឹងប្រែងស្រុះដៃគ្នា យើងទុក»។

សម្តេចធិបតី បានបន្តថា «បញ្ហាអត់លំបាកទេ យើងចាំបាច់បំផុតក្នុងការស្រុះដៃគ្នា។ យល់រួមគ្នា អំពីអត្ថប្រយោជន៍ នៅតំបន់នេះ។ វាគ្មានតម្លៃអី ដីណាគ្មានតម្លៃដូចអនាគតរបស់យើងទេ វាគ្មានតម្លៃណា ស្មើនឹងការថែរក្សាធនធានធម្មជាតិ ដែលជាផលប្រយោជន៍ សម្រាប់អត្តសញ្ញាណជាតិរបស់យើង ដែលបឹងទន្លេសាបជាបឹងទឹកសាបធំជាងគេលើពិភពលោក និងជាផលសម្រាប់ឱ្យកូនចៅយើងតទៅទៀត អីចឹងខ្ញុំសង្ឃឹមថា បងប្អូនដែលចាប់អារម្មណ៍ទៅលើដីកន្លែងតំបន់ ៣នោះ សូមម្ចាស់ការដកថយមុននឹងត្រូវការអនុវត្តច្បាប់។ ព្រោះការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើឱ្យបានត្រូវការពារឱ្យបាន។ អីចឹង ឯកឧត្តម (អភិបាលខេត្ត) ទាំង ៦ខេត្ត សន្យាជាមួយខ្ញុំ ចូលរួមអនុវត្ត ទប់ស្កាត់ ការទន្ទ្រានតំបន់៣ នេះឱ្យបាន»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដីអភិរក្សបឹងទន្លេសាបត្រូវការពារឱ្យបាន ដើម្បីការពារកិត្តិនាមបឹងទន្លេសាប​ជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ។ អាជ្ញាធរខេត្ត និងស្រុកនៅជុំវិញបឹងទន្លេសាប មានតួនាទីស្នូលក្នុងកិច្ចការពារដីបឹងទន្លេសាប៕

សូមជម្រាបថា ទន្លេសាប ជាបឹងទឹកសាបដែលធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ គ្របដណ្ដប់លើផ្ទៃដីចំនួន ២,៥ សែនហិកតានៅរដូវប្រាំង និងលាតសន្ធឹងដល់ ១,៦លានហិកតានៅរដូវវស្សា។ បឹងនេះ មានប្រព័ន្ធអេកូឡូស៊ីគ្រប់ប្រភេទ ដូចជា តំបន់វាលលំហរទឹកសាប វាលភក់ ព្រៃលិចទឹក ស្មៅលិចទឹក និងតំបន់ទំនាបលិចទឹកជុំវិញ។

បឹងទន្លេសាប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងអាកាសធាតុក្នុងតំបន់ ទប់ស្កាត់ និងកាត់បន្ថយគ្រោះទឹកជំនន់ ជាជម្រកត្រីពង ជាតំបន់ជង្រុកស្រូវ សម្បូរទៅដោយជីវៈចម្រុះ និងធនធានធម្មជាតិយ៉ាងសម្បូរបែប។ ក្នុងមួយឆ្នាំៗ បឹងទន្លេសាបបានស្រូបយកទឹកជំនន់ពីទន្លេមេគង្គប្រមាណជា ២០ភាគរយឯណោះ។

ឆ្លើយតបទៅនឹងសារៈសំខាន់ដ៏មហិមារបស់បឹងទន្លេសាប មកកាន់ប្រជាជាតិកម្ពុជាទាំងមូល បឹងនេះត្រូវបានដាក់ចូលទៅជាតំបន់ការពារធម្មជាតិ ដោយកំណត់ចូលក្នុងប្រភេទជាតំបន់ប្រើប្រាស់ច្រើនយ៉ាង។ រីឯស្ថាប័នដែលពាក់ព័ន្ធលើការគ្រប់គ្រងបឹងទន្លេសាបរួមមាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងកសិកម្ម រុក្ខប្រម៉ាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រសួងមហាផ្ទៃ អាជ្ញាធរទន្លេសាប អាជ្ញាធរថ្នាក់ក្រោមជាតិជុំវិញបឹងទន្លេសាប។

ជាមួយនឹងការព្រមានខាងលើ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រុមការងារដឹកនាំដោយឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះកំណត់ឱ្យបានច្បាស់លាស់ដីអភិរក្សបឹងទន្លេសាប។ ការកំណត់ដីអភិរក្សបឹងទន្លេសាប ត្រូវធានាឱ្យបានសុក្រឹត្យភាព ចីរភាព និងប្រសិទ្ធភាព។

ប្រជាពលរដ្ឋបានសាទរនិងគាំទ្រទាំងស្រុងចំពោះចំំណាត់ដ៏ម៉ឹងម៉ាត់និងខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីក្នុងការថែរក្សាដីព្រៃតំបន់៣ទុកសម្រាប់ជាជម្រកត្រីបន្តពូជដើម្បីឱ្យធនធានមច្ឆារជាតិសម្បូរឡើងវិញ។

 

 

kdn

Leave a Reply

Your email address will not be published.