ព័ត៌មានសន្តិសុខសង្គម

ដុតសម្រាមនៅក្បែរផ្ទះ ឆាបឆេះរាលព្រៃភ្នំ អស់ព្រៃរាប់រយហិកតា

 

ខេត្តប៉ៃលិន ៖ បន្ទាប់ពីមានអណ្តាតភ្លើងឆាបឆេះចេញពីលើកូនភ្នំ ក្បែរផ្ទះយ៉ាងសន្ធោរសន្ធៅ ធ្វើឱ្យម្នាក់ៗ រត់ឆ្លេរឆ្លាចុះឡើងៗ ខ្លះរកមើលមែកឈើ ខ្លះរកទឹកធុង ខ្លះទាក់ទងទៅប៉ូលីសមូលដ្ឋាន ឱ្យហៅរថយន្តពន្លត់អគ្គីភ័យ ទៅជួយអន្តរាគមន៍ពន្លត់ទាន់ពេលវេលា ព្រោះតែអគ្គីភ័យបានឆេះកាន់តែខិតជិតផ្ទះពួកគាត់ជាប្រជាពលរដ្ឋ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ និង១៥នាទីរសៀលថ្ងៃទី០៧ /០៨ខែមីនា ឆ្នាំ២០២៤ នៅត្រង់ចំណុចផែស្ងួតចាស់ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

នគរបាលប៉ុស្តិ៍ស្ទឹងកាច់ បានឱ្យដឹងថា ៖ មុនពេលកើតហេតុ មានប្រជាពលរដ្ឋរស់នៅក្នុង ភូមិខាងលើ បានដុតសម្រាម ដែលគេយកទៅបោះចោលដោយមានថង់ សំបកដូង សំបកការ៉ុងជាច្រើន លុះក្រោយពីដុតរួចមិនបានពន្លត់ឱ្យអស់ ក៏ទុកចោល ស្រាប់តែភ្លើងឆាបឆេះរាលដាល់រហូតដល់ឆេះឡើងលើកំពូលកូនភ្នំ ហើយក៏បន្តរាលដាលឆ្ពោះទៅទិសខាងលិចជិតដល់ផ្ទះប្រជាពលរដ្ឋ ដែលធ្វើឱ្យម្នាក់ៗ មានការព្រួយបារម្ភយ៉ាងខ្លាំង។ក្រោយមកក្រុមការងារនគរបាល បានទាក់ទងទៅខាងរថយន្តពន្លត់អគ្គីភ័យ ឱ្យចុះទៅអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើរថយន្ត១គ្រឿង ហើយក៏មានក្រុមការងារចុះទៅជួយពន្លត់ទាន់ពេលវេលាមិនបានឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋនោះទេ។

 

អ្នករស់នៅក្នុងភូមិខាងលើ ដែលមានផ្ទះនៅក្បែរៗជើងភ្នំ ក៏បានប្រាប់ថា  ដោយសារមនុស្សចង្រៃមួយចំនួនតូចបង្កដុតភ្លើងទុកចោលខ្វះការពិចារណាទើបធ្វើឱ្យអណ្តាតភ្លើងឆាបឆេះព្រៃស្ទើរតែរៀងរាល់ឆ្នាំព្រោះមនុស្សមួយចំនួននោះចង់បានដីព្រៃភ្នំធ្វើជាកម្មសិទ្ធិទើបធ្វើបែបនេះ។ហើយនៅដើមខែមីនា ឆ្នាំ២០២៤នេះ អាកាសធាតុក្តៅខ្លាំង ហើយហប់ខ្យល់ លុះមានអ្នកលួចដុតសម្រាមនៅក្បែរៗនោះ ភ្លេចពន្លត់ចោល ទើបឆេះរាលដាលបែបនេះ។ ទោះបីជាយ៉ាងណា ដោយសារតែរដូវប្រាំងនេះ មានព្រៃឈើងាប់នៅលើភ្នំច្រើន ពួកគាត់ដែលរស់នៅក្បែរជើងភ្នំដែលចាក់សោ ផ្ទះទុកចោល ហើយជាប់រវល់ទៅធ្វើការងារនៅខាងក្រៅ ក៏មានការព្រួយបារម្ភក្រែងភ្លើងឆេះផ្ទះរបស់ខ្លួនផងដែរ។

 

អាជ្ញាធរមូលដ្ឋានក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឱ្យរស់នៅក្បែរៗជើងភ្នំ ត្រូវតែមានការ ប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវពន្លត់ភ្លើងធូប ទៀន ឬភ្លើងចង្រ្កានឱ្យបានរួចរាល់ ជាមុនសិន ចាំនាំគ្នាចេញ ទៅធ្វើការងារ ដើម្បីជៀសវាងបង្កករណីគ្រោះថ្នាក់អគ្គីភ័យឆាបឆេះលំនៅឋានរបស់ខ្លួន ជាយថាហេតុ ៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.