ឧត្តរមានជ័យ:ពលករខ្មែរដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃចាប់ផ្តើមនាំគ្នាសម្រុកវិលត្រឡប់មកលេងនៅស្រុកកំណើរជាបណ្តើរ វិញហើយតាមច្រកអន្តរជាតិអូស្មាច់ដើម្បី ចូលរួមក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ខ្មែរនាពេលដ៏ខ្លីខាងមុខនេះ ដោយនៅសល់តែជាងដប់ថ្ងៃទៀតប៉ុណ្ណោះ ជាក់ស្តែងនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤នេះ គេសង្កេតឃើញថា ពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិអូស្មាច់ ខណៈដែលបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាន់តែគៀកនៅសល់តែជាងដប់ថ្ងៃប៉ុណ្ណោះ ដោយពលករចេញត្រឡប់មកវិញម្នាក់ៗទិញរបស់របរដឹកតាមរថយន្តទៅកាន់ខេត្តផ្សេងៗយ៉ាងច្រើនកុះករតែម្តង។
លោកឯម បញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យប្រចាំច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់បានបញ្ជាក់ឲ្យដឹងថានៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២៤ម្សិលមិញនេះថាចំពោះពលរដ្ធខ្មែរ ចូលមក ក្នុងប្រទេស មានការកើនឡើងរហូតដល់ទៅចំនួន៥៥២នាក់ ស្រី៣០១នាក់មកពីប្រទេសថៃ ដោយឡែកពលករ សរុប៤៥នាក់ ស្រី២៣នាក់មកពីប្រទេសថៃ ពលរដ្ធបរទេសចំនួន១៣៨នាក់ ស្រី៧១នាក់មសន១២សញ្ជាតិមកពីប្រទេសថៃ។ សម្រាប់ពលរដ្ធខ្មែរចាកចេញទៅក្រៅប្រទេស ចំនួន៤៦៤នាក់ ស្រី២៦០នាក់ ពលរដ្ធបរទេសចំនួន៧៩នាក់ ស្រី៣៥នាក់ មាន១៥សញ្ជាតិ។
ប្រភពពីពលករខ្មែរ២នាក់ប្តីប្រពន្ធ ដោយសុំមិនបញ្ចេញអត្តសញ្ញាណឈ្មោះ ដែលទើបនឹងចាកចេញពីប្រទេសថៃតាមច្រកអូរស្មាច់ររស់នៅក្នុងខេត្តបន្ទាយមានជ័យបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤ថាចំពោះការវិលត្រឡប់មកពីស្រុកចូលដល់ប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិអូស្មាច់ពុំមាន ការរឹតត្បិតពី សមត្ថកិច្ចពាក់ព័ន្ធនៅច្រកឡើយពីព្រោះថាពួកគាត់ទៅធ្វើការនៅស្រុកគេមានឯកសារ ប៉ាស្ព័រ (Passport)ត្រឹមត្រូវ ជាពិសេសគឺ ពេលមកដល់មាត់ច្រកសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ បានរៀបចំវាយឯកសារចេញចូលនិងជួយរៀបចំសណ្តាប់ធ្នាប់ឲ្យពួកគាត់ឈរយ៉ាងមានរបៀបរៀបរយបានល្អថែមទៀត។
លោកវរសេនីយ៏ឯក ស្រេង ធារី នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤នេះថា សម្រាប់បងប្អូនពលករវិលត្រឡប់មកលេងស្រុកកំណើតតាមច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យនៅថ្ងៃនេះរាងកើនឡើងបន្តិចវិញ ដោយឡែកពលករទើបតែចាប់ផ្តើមមកជាបណ្តើរនៅឡើយទេ ហើយក៏ពុំទាន់ច្រើនដែរ ពួកគាត់មកជាក្រុមតាំងព្រឹកដល់ល្ងាច អាចនៅគៀកថ្ងៃបុណ្យចូលឆ្នាំខ្មែរអាចច្រើនជាងនេះ មួយវិញទៀតចំពោះតួលេខចំនួនពលករជាក់លាក់ទាល់តែពេលល្ងាចបានបូកសរុបរួមតែម្តង ហើយអ្វីដែលសំខាន់លោក បានចាត់កម្លាំង នគរបាលអន្តោប្រវេសន៏ ដាក់រោងនៅរៀបចំសម្រាប់ រងចាំទទួលបងប្អូនពលករ ដើម្បីបង្កភាពងាយស្រួលដល់ការ ធ្វើដំណើរចេញទៅលេងស្រុកកំណើត តាមរថយន្តគ្រួសារ ក៏ដូចជាឡានតាក់សុីបានយ៉ាងរលូនហើយក៏ពុំមានការកកស្ទះ នៅមាត់ច្រកដែរ ឡានដឹកទំនិញ កសិផលចេញចូលបានជាធម្មតា។
សូមជម្រាបផងដែរថា បើតាមការបញ្ជាក់ពីបងប្អូនប្រជាពលរដ្ឋដែលជាពលករទៅធ្វើការនៅប្រទេសថៃដែលពួកគាត់ចូលមកលេងស្រុកកំណើតតាមច្រកអន្តរជាតិអូរស្មាច់បាននិយាយតៗគ្នាថា មានការរីករាយ ហើយសប្បាយចិត្តចំពោះសមត្ថកិច្ចនគរបាលអន្តោប្រវេសន៏ នៅច្រកអូរស្មាច់ដែលបានជួយសម្របសម្រួលធ្វើចរាចរណ៏នឹងយកចិត្តទុកវាយឯកសារបានលឿនឆាប់រហ័ស ហើយនៅថ្ងៃមុខចាប់ពីកំឡុងថ្ងៃទី០១ខែមេសាឆ្នាំ២០២៤ខាងមុខនេះអាចនឹងមានបងប្អូនពលករដែលនៅខេត្តដទៃដទៃទៀត អាចនឹងសម្រុកចូលមកច្រើនជាងនេះ។(ដោយឈឿន ប៊ុនឈី)