ខេត្តប៉ៃលិន ៖ ដើម្បីឱ្យសោភណភាព និងមានបរិស្ថានល្អ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញបន្តពិនិត្យវឌ្ឍនភាព ការកែសម្រួលសណ្តាប់ អនាម័យ បរិស្ថាន និងណែនាំក្រុមគ្រូពេទ្យឱ្យមានក្រមសីលធម៍ល្អ នៃមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីអោយការផ្ដល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើង ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាតាមរយៈការលើកកម្ពស់ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរថែមទៀត។
នៅក្នុងឱកាសនោះដែរ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ សូមបន្តខិតខំយកចិត្តទុកដាក់ផ្តល់សេវ៉ា បម្រើ និងពិនិត្យ ព្យាបាលជម្ងឺ ជូនបងប្អូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ ព្រោះយើងសុទ្ធតែជាមន្រ្តីរបស់រដ្ឋ ដូច្នេះត្រូវធ្វើការងារជំនាញប្រកដោយវិជ្ជាជីវៈ ទៅតាមគោលនយោបាយ និងការណែនាំ របស់រាជរដ្ឋាភិបាល ហើយលោកជំទាវបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការផ្តល់សេវ៉ាសុខាភិបាលជូនប្រជាពលរដ្ឋ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត អោយកាន់តែល្អប្រសើឡើង។
សូមបញ្ជាក់ថា ៖ នៅខេត្តប៉ៃលិនមានមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ១, មណ្ឌលសុខភាពចំនួន៦ ក្នុងនោះនៅក្រុងប៉ៃលិនចំនួន៣ និងនៅស្រុកសាលាក្រៅចំនួន៣ ដោយបុគ្គលិកក្របខ័ណ្ឌសរុប ចំនួន ២១៦នាក់ ស្រី ១១៥នាក់ និងបុគ្គលិកជាប់កិច្ចសន្យា សរុបចំនួន២៦នាក់ ស្រី ១៤នាក់ ៕ ដោយ ៖ នាក់ ង៉យ