ស្វាយរៀង ៖ ភ្លៀងមួយមេធំលាយឡំខ្យល់កន្ត្រាក់បានបង្កឱ្យរលំអគាររោងចក្រចំនួន២ខ្នងរាបដល់ដីនិងកម្មករសំណង់៤នាក់រងរបួសធ្ងន់បែកក្បាល បាក់ធ្មេញ បាក់ដៃ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះបន្ទាន់និង០៣នាក់ផ្សេងទៀត រងរបួសស្រាលបញ្ជូនទៅមន្ទីរពេទ្យបង្អែកជីភូ ដើម្បីព្យាបាល ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ។អាជ្ញាធរស្រុកចន្ទ្រាបានឱ្យដឹងថា មានភ្លៀងមួយមេធំ លាយឡំខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បណ្តាលឱ្យ គ្រោងដែកសាងសង់អាគាររោងចក្រ២ខ្នង (ទទឹង៨១ម៉ែត្របណ្ដោយ១៦២ម៉ែត្រ)កំពុងតែសាងសង់ថ្មីដួលរលំខូចខាតទាំងស្រុង ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត៣ ក្នុងភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ដែលមានកម្មករសំណង់នៅទីនោះរងរបួស ចំនួន ០៧នាក់ ក្នុងនោះរបួសធ្ងន់ ០៤នាក់ (បាក់ដៃ ២នាក់ របួសបែកក្បាល ២នាក់) របួសស្រាល០៣នាក់ ។
សមត្ថកិច្ចបន្តថា អគាររោងចក្រដែលកំពុងសាងសង់ថ្មីខូចខាតទាំងស្រុង ជាមួយនេះ ក៏មានខូចខាតរថយន្តក្រឡុកស៊ីម៉ង់៣គ្រឿង ខូចខាតរថយន្តបាញ់បេតុង០១គ្រឿង ខូចខាតរថយន្តម៉ាកតាកូម៉ា០១គ្រឿង ។ និងរឡូកិនដី១គ្រឿង ក្នុងករណីនេះ ពុំមានរងគ្រោះដល់អាយុជីវិតមនុស្សនោះទេ។
តាមប្រភពពីមជ្ឈដ្ឋានបានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនសាងសង់អគារខាងលើនេះថ្មីមិនទាន់រួចរាល់ផងនិងពុំទាន់សុំច្បាប់អនុញ្ញាតសាងសង់ទេ ហើយការសាងសង់នេះទៀតសោត គឺសាងសង់ខុសបទដ្ឋានបច្ចេកទេស ទើបបណ្តាលឱ្យងាយរលំបែបនេះ។នេះសំណាងហើយគ្រាន់តែខូចខាតទ្រព្យសម្បត្តិតិចតួចនិងរងរបួសមនុស្សធ្ងន់/ស្រាលដោយមិនមានបាត់បង់អាយុជីវិត។