ភ្នំពេញៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ រួមជាមួយសប្បុរសជាច្រើននាក់នៅព្រឹកថ្ងៃអាទិត្យទី២៥ខែតុលាឆ្នាំ២០២០ម្សិលមិញនេះបានបន្តអញ្ជើញជួបសំណេះសំណាលចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ដែលបានទទួលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន ១.២៥០គ្រួសារ រស់នៅក្នុងសង្កាត់ ចំនួន៦ (ក្នុងចំណោមសង្កាត់ទាំង ៨) នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានពាំនាំព្រះរាជបន្ទូលរបស់ ព្រះករុណា ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេតែងតែមានព្រះរាជហឫទ័យយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់ប្រជានុរាស្ត្រគ្រប់ពេលវេលា។
ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវមនោសញ្ចេតនាអាណិតអាសូរ ចែករំលែកនូវការលំបាក ការសោកស្តាយយ៉ាងក្រៃលែង និងចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារអ្នកស្លាប់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានទទួលរងគ្រោះដោយទឹកជំនន់ ដែលជាគ្រោះធម្មជាតិបង្កឡើងដោយការប្រែប្រួលអាកាសធាតុ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានគូសបញ្ជាក់បន្ថែមថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចផ្ទាល់ រួមជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តែងតែនៅរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់ និងមិនទុក ប្រជាពលរដ្ឋណាម្នាក់ចោលឡើយ។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកសុទ្ធអរុណា ១កេស ឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២) នំប៉័ងផ្អែម ១នំ និងទឹកបរិសុទ្ធ ១ដប។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងថា ក្នុងរាជធានីភ្នំពេញមានខណ្ឌ៤ លើខណ្ឌ១៤ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះមាន ផ្ទះចំនួន ១០,៨៨៣ខ្នង រងផលប៉ះពាល់ និងមានអ្នករងគ្រោះសរុបចំនួន ១០,៨២៥គ្រួសារ។ ខណ្ឌរងគ្រោះទាំង៤ មានខណ្ឌដង្កោ ៥,៥៨៧គ្រួសារ ខណ្ឌពោធិ៍សែនជ័យ ៣,១៨១គ្រួសារ ខណ្ឌច្បារអំពៅ ១,៦៧២គ្រួសារ និងខណ្ឌកំបូល ៣៨៥គ្រួសារ ៕