បាត់ដំបងៈប្រជាកសិករក្នុងស្រុកកំរៀងពេលនេះកំពុងប្រមូលផលផ្លែស្វាយកែវល្មៀតលក់ជាបន្តបន្ទាប់ដើម្បីដោះស្រាយជីវភាពឲ្យប្រសើរឡើង។
ដោយសារតែពេលបច្ចុប្បន្នទីផ្សាផ្លែស្វាយកែវល្មៀតឡើងថ្លៃបានបន្តិចវិញ ក្រោយពីធ្លាក់ថ្លៃយ៉ាងគំហុគក្នុង១គក២០០រៀលនិងគ្មានអ្នកទិញថែមទៀតផង ជ្រុះស្អុយចោលពេញចំការក្នុងកំឡុងចុងឆ្នាំ២០១៩និងដើមឆ្នាំ២០២០ខណៈពេលជម្ងឺឆ្លងកូវីដ១៩កំពុងរាតត្បាតទូទាំងពិភពលោក។
លោកពូ គុណ អាយុ៣៥ឆ្នាំកសិកររស់នៅក្នុងភូមិកំពង់ចម្លងលើ ឃុំតាគ្រី ស្រុកកំរៀង ខេត្តបាត់ដំបងបានឲ្យដឹងថា ស្វាយកែវល្មៀតរបស់លោកដាំដុះនៅលើផ្ទៃដីជិត១០ហិកតាមានចំនួនដើមស្វាយជាង១ពាន់ដើម ខណៈពេលនេះដល់រដូវប្រមូលផលបេះលក់ហើយ ក្រោយពីថែទាំនិងបំប៉នវាអស់រយៈពេល៥ទៅ៦ខែរួចមក។
លោកបន្តថា ខណៈពេលនេះទីផ្សាមានតម្លៃឡើងវិញបន្តិចនិងមានអ្នកមកប្រមូលទិញដល់ចំការយកទៅលក់បន្តនៅប្រទេសថៃ។ រីឯតម្លៃខ្ពស់បំផុត ផ្លៃធំៗល្អក្នុង១គក/១,២០០រៀល ចុះដល់៩០០/៨០០ទៅ៦០០រៀល/គក.ធ្លាក់ថ្លៃទៅតាមទំហំថ្លែស្វាយតូចឬធំឈ្មួញទិញរើសតាមហ្នឹងតម្លៃមិនដូចគ្នាទេ។
លោកបន្តថាខុសពីឆ្នាំមុនគឺធ្លាក់រហូតដល់១០០ទៅ២០០រៀល សឹងគ្មានអ្នកទិញឲ្យគេបេះយកទៅហូបគេមិនបេះទៀតផង។
កសិកររូបនេះបន្តថា ស្វាយកែវល្មៀតងាយដាំដុះក្នុងរយៈពេល៤ទៅ៥ឆ្នាំគឺអាចប្រមូលផលបានជាបណ្តើរៗហើយរហូតដល់១០ទៅ១៥ឆ្នាំ។លោកបន្តថា នៅពេលដែលវាចេញផ្កាក្តិបផ្លែតូចៗ ត្រូវថែទាំបាញ់ថ្នាំការពារមេរោគសត្វល្អិតស៊ីស្លឹកនិងផ្លែបណ្តាលឲ្យខូចឬអត់ផ្លែ ខណៈពេលវាកំពុងចេញផ្លែល្អ បើយើងមិនមើលថែទាំបំប៉នវាឲ្យបានដិតដល់ទេ ឃើញវាផ្លែហើយទុកចោល ក៏មិនអាចទទួលបានផលល្អដែរ។
លោកបន្តថា ការថែទាំត្រូវចំណាយថ្នាំបាញ់ខ្លាំងជាងពេលដាំដុះ។ដើមស្វាយលោក ជាង១ពាន់ដើមនេះចំណាយក្នុង១រដូវ៣ទៅ៤លានរៀលក្នុង១ឆ្នាំប្រមូលផល២ដង។បើសិនតម្លៃទីផ្សាធ្លាក់ថ្លៃក្នុង១គក.ក្រោម១ពាន់រៀលគឺខាតមិនចំណេញទេ ខាតទាំងកម្លាំងពលកម្មនិងពេលវេលាថែមទៀតផង តែធ្វើមេចបើយើងជាកសិករពឹងលើចំការទៅហើយ។(សម្លេងកសិករ.)។
កសិកររូបនេះដដែលបន្តថា នៅក្នុងភូមិនេះមានចំនួនអ្នកដាំស្វាយកែវល្មៀតមិនសូវជាច្រើនប៉ុន្មានទេ ភាគច្រើនគេដាំពោតនិងដំឡូងមីធ្វើស្រែ។លោកសំណូមពរឲ្យរាជរដ្ឋាភិបាលជួយរកទីផ្សាឲ្យបានតម្លៃខ្ពស់ផងដើម្បីលើកទឹកចិត្តដល់ការដាំដុះបង្កើនជីវភាពឲ្យប្រសើរឡើង បើចុះថោកពេកមិនទប់ទល់ស្មើរនិងការចំណាយជី ថ្នាំ ឡើងថ្លៃ និងមិនគិតកម្លាំងពលកម្មផងទេ មិនបានចំណេញជីវភាពនិងធ្លាក់ដុនដាបហើយ។
ឈ្មួញកណ្តាលម្នាក់បានឲ្យដឹងថា លោកដើរប្រមូលទិញស្វាយពីកសិករយកទៅលក់បន្តក៏បានកម្រៃតិចតួចបំផុតដែរ ព្រោះឈ្មួញថៃគេទិញថោកដែរតាមហាងឆេង.គ្រាន់តែលោកទិញនៅទីនេះលុយខ្មែរយកទៅលក់បានលុយបាតចំនេញទឹកទិញ១គក១,២០០រៀលដឹកទៅលក់ឲ្យឈ្មួញថៃបាន១គក/១២បាតប្រាក់ថៃប៉ុណ្ណោះ។