ឧត្តរមានជ័យ:សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងរួមជាមួយនិងបក្ខពួកចំនួន៧នាក់មកបង្ហាញមុខនិងធ្វើការអប់រំបន្ទាប់ពីបានធ្វើសកម្មភាពជិះម៉ូតូប្រដាប់ដោយកាំបិត ដាវ ពូថៅដៃ ស្រែកឡូឡាគម្រាមជេរគ្នានៅតាមដងផ្លូវសាធារណ:ធ្វើឱ្យបាត់បង់សន្តិសុខសណ្តាប់ធ្នាប់សង្គមនេះបើយោងតាមរបាយការណ៏បញ្ជាក់ប្រាប់ឲ្យដឹងពីលោកវរសេនីយ៏ឯក ស៊ូនូវ អធិការស្រុកអន្លង់វែងនៅថ្ងៃទី១៩ខែសីហាឆ្នាំ២០២៤នេះ។
គួររំលឹកថា នៅអំឡុងចុងសប្តាហ៏ថ្ងៃទី១៧ ខែសីហាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ វេលាម៉ោង០៩ និង ០០នាទីព្រឹក អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បញ្ជាផ្ទាល់ទៅកាន់លោកវរសេនីយ៍ឯក ស៊ូ នូវ អធិការនគរបាលស្រុកអន្លង់វែង បានចាត់តាំងកម្លាំងផែនការងារនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលអន្លង់វែង ត្រពាំងតាវ និងប៉ុស្តិ៍លំទង ចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានដល់ការបង្ក្រាបចាប់ឃាត់ខ្លួនក្រុមក្មេងទំនើង ១ក្រុម មានគ្នា ចំនួន ៧នាក់ ប្រុស ដែលបានជិះម៉ូតូកាន់ពូថៅ ដាវ និងកាំបិត ថតវីដេអូរស្រែកសម្លុតគ្នា និងស្រែកឡូឡាតាមដងផ្លូវសាធារណ: នៅពេលជិះចេញពីលេងអូរទឹកខៀវ ស្ថិតនៅភូមិថ្នល់កែង ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង ៣០នាទី កន្លងទៅបណ្តាលឱ្យបាត់បង់សណ្តាប់ធ្នាប់ និងមានការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅតាមមូលដ្ធាន។
លោកវរសេនីយ៏ឯក ស៊ូ នូវ អធិការស្រុកអន្លង់វែងបានបញ្ជាក់ប្រាប់បន្តថា លុះមកដល់ថ្ងៃថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះទើបសមត្ថកិច្ចជំនាញទទួលបានព័ត៌មានបែកធ្លាយជាវីដេអូរថតបង្ហោះពីសកម្មភាពតាមបណ្តាញសង្គមហើយជាក់ស្តែងពួកក្រុមក្មេងទំនើងទាំងនោះត្រូវកម្លាំងជំនាញស្រាវជ្រាវឃាត់នាំខ្លួនជាបន្តបន្ទាប់មកកាន់អធិការស្រុកអន្លង់វែងដើម្បីសាកសួរអនុវត្តន៏តាមនីតិវិធីបន្ត។
សូមបញ្ជាក់ថា ចំពោះក្មេងទំនើងទាំង៧នាក់នេះដែរលោកអធិការស្រុកអន្លង់វែងបានព្រមានធ្វើការអប់រំដោយផ្ទាល់មាត់ និងកិច្ចសន្យាឲ្យបញ្ឈប់រាល់សកម្មភាពទាំងនេះតទៅទៀត រួចហើយឲ្យឪពុកម្តាយមកធានាយកទៅអប់រំបន្តនៅមូលដ្ឋានវិញហើយមួយវិញទៀត ប្រសិនបើថ្ងៃក្រោយប្រព្រឹត្តសកម្មភាពទង្វើដែលសង្គមស្អប់ខ្ពើមនូវរូបភាពបែបនេះ នៅពេលសមត្ថកិច្ចចាប់បានទៀតនឹងអនុវត្តន៏តាមផ្លូវច្បាប់កសាងសំណុំរឿងបញ្ចូនទៅកាន់តុលាការដោយគ្មានការលើកលែងឡើយ។ (ដោយឈឿន ប៊ុនឈី )