ព័ត៌មានសន្តិសុខសង្គម

ជនសង្ស័យ ​ដែល​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនាលើជនរងគ្រោះ​ជា​អ្នកសារព័ត៌មាន សមត្ថកិច្ចចាប់ខ្លួនបានហើយ

 

ខេត្តសៀមរាប:សមត្ថកិច្ចនគរបាល​ខេត្តសៀមរាបបានឱ្យដឹងថា ជនសង្ស័យ​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ឈ្មោះ ស៊ី លឿយ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​សៀមរាប​ចាប់​ឃាត់ខ្លួនបានហើយនៅថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ២០២៤នេះ ពីបទ ប៉ុនប៉ង​មនុស្សឃាត ដោយ​ចេតនា ដោយ​ប្រើប្រាស់​អាវុធ​កែច្នៃ​បាញ់ ទៅលើ​ជនរងគ្រោះ ជា​អ្នកសារព័ត៌មាន ខណៈ​ជនរងគ្រោះ​ចុះ​ទៅ​យក​ព័ត៌មាន​ករណី​ឈូសឆាយ​ដី​ព្រៃ បណ្តាលឱ្យរងគ្រោះ​រងរបួសជា​ទម្ងន់ ។​

សមត្ថកិច្ចបន្តថា ​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ កម្លាំង​នគរបាល​ខេត្តសៀមរាប ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោហួ​ត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប ដោយ​មាន​ការសម្របសម្រួល​តាម​នីតិវិធី បាន​ចុះ​បញ្ជា​ការចាប់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗតែម្តង នៅថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ ២០២៤ នេះបន្ទាប់ពីជនសង្ស័យរូបនេះបានបាញ់ប្រហារដោយប្រើកាំភ្លើងកែច្នៃទៅលើជនរងគ្រោះចំនួន១គ្រាប់ កាលវេលា​ម៉ោង​១៨ និង ០០​នាទី​ថ្ងៃ​ទី ៤ ខែ​ធ្នូ ឆ្នាំ​២០២៤ រំលងបាន១ថ្ងៃ ។

​ជនសង្ស័យ ឈ្មោះ ស៊ី លឿយ ភេទ​ប្រុស អាយុ ៤០ ឆ្នាំ ទីលំនៅ ភូមិ​សាលា ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប ។ សមត្ថកិច្ច​ក៏​បាន​រឹបអូស​មក​ជាមួយ​នូវ​វត្ថុតាង​អាវុធ​កែច្នៃ​ផងដែរ ។

សមត្ថកិច្ចដដែលបានបញ្ជាក់ទៀតថា ​ចំណែក​ជនរងគ្រោះ ឈ្មោះ ឈឿង ឈឹង ភេទប្រុសអាយុ៦៣ឆ្នាំ មុខរបរ អ្នកយកព័ត៌មានកម្ពុជាអភិវឌ្ឍន៍ រស់នៅភូមិឃុំកន្លែងកើតហេតុខាងលើ ។ ហេតុការណ៍​បាញ់ប្រហារ​បាន​កើតឡើង នៅ​ភូមិ​ត្រពាំង​ភ្លោះ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប នៅវេលា​ម៉ោង​១៨ និង ០០​នាទី​ថ្ងៃ​ទី ០៤ ខែ​ធ្នូ ឆ្នាំ​២០២៤ ខណៈពេល​ដែល​ជនរងគ្រោះ បាន​ចុះ​ទៅយកព័ត៌មានសកម្ម​ផាព​ឈូសឆាយ​ដី​ព្រៃ​មួយកន្លែង នៅ​ភូមិ​ខាងលើ​ខណៈ​ពេល​ជនរងគ្រោះ​ចុះ​ទៅ​ដល់​ទីតាំង​កើតហេតុ​ភ្លាម ក៏​ស្រាប់តែ​ជនសង្ស័យ ស៊ី លឿយ បានប្រើប្រាស់​កាំភ្លើង​កែច្នៃ បាញ់ប្រហារ​ទៅលើ​ជនរងគ្រោះ លោក ឈឿង ឈឹង តែម្តង បណ្តាល​រងគ្រោះ​ជា​ទម្ងន់ ដោយ​គ្រាប់​បៀម​ក្នុង​សាច់ ។​

បច្ចុប្បន្ន ជនរងគ្រោះ​កំពុង​សំរាក​ព្យាបាល នៅ​មន្នីរ​ពេទ្យ ។ ចំណែក​ជនសង្ស័យ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន កំពុង​សួរនាំបន្ថែមដើម្បីចាត់ការ​បន្តតាម​នីតិវិធី ៕

 

 

 

 

 

 

kdn

Leave a Reply

Your email address will not be published.