ឧត្តរមានជ័យ:ប្រជាកសិករ១គ្រួសាររស់នៅក្នុងភូមិកូនក្រៀល សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យប្រកបមុខរបរដាំអំពៅកៀបយកទឹកលក់អាចរកប្រាក់ចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារប្រចាំថ្ងៃបានយ៉ាងរលូនល្អ កាត់បន្ថយការធ្វើចំណាកស្រុកទៅសុីឈ្នួលឲ្យគេបានមួយកម្រិតថែមទៀត។
អ្នកស្រី ឃួន ស្រីមុំ អាយុ៤៨ឆ្នាំរស់នៅក្នុងភូមិឃុំខាងលើបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៣ខែធ្នូឆ្នាំ២០២៤ថា ក្រៅពីទំនេរពីធ្វើស្រែរួច គាត់បានប្រកបមុខរបរដាំអំពៅសម្រាប់កៀបលក់ទទួលបានទិន្នផលផ្លែផ្កាអស់រយ:ពេល២ឆ្នាំកន្លងមកហើយ នៅលើផ្ទៃដីជាងកន្លះហិចតាដោយឡែកការដាំអំពៅនេះដែរមានចំនួន២ប្រភេទ មានអំពៅទឹកឃ្មុំ និងអំពៅស្ករសរ។
កសិករដដែលបានបញ្ជាក់បន្ថែមថា ចំពោះលក្ខណ:នៃការដាំដុះនេះផងដែរ ដំបូងឡើយយើងទិញពូជដើមអំពៅគេយកមកកាប់ដាក់តាមរង នឹងមើលថែរទាំដាក់ជីលាមកអាចម៍គោរយ:ពេល១ឆ្នាំ ទើបយើងអាចកាប់យកទៅកៀបយកទឹកលក់ នៅខាងមុខផ្ទះដោយក្នុង១កែវបានតម្លៃ១ពាន់រៀល ហើយប្រាក់ដែលគាត់ទទួលបានពីដំណាំអំពៅក្នុង១រដូវកាល ចាប់ពី៤ទៅ៥លានរៀលផងដែរ។
សូមជម្រាបផងដែរថា បើយោងតាមការអះអាងពីប្រជាកសិករខាងលើបានរៀបរាប់បន្ថែមទៀតថា ចំពោះចំការអំពៅដែលគាត់ទទួលផលនេះទៀតសោត មិនមែនគាត់កៀបលក់នៅតែផ្ទះប៉ុណ្ណោះទេ ដោយពេលខ្លះមានគេមកទិញយកទៅគៀបលក់នៅក្នុងតំបន់ទីប្រជុំជនក្រុងសំរោង ខេត្តឧត្តរមានជ័យបន្តទៀត។ជាក់ស្តែងបច្ចុប្បន្ននេះគាត់បានដាំដើមរម៉ើលចន្លោះកណ្តាលចំការអំពៅដើម្បីយកទិន្នផលលក់បន្តដោយមានអាយុកាលបាន១ឆ្នាំមកហើយ នៅសល់តែ២ឆ្នាំទៀតចាប់ផ្តើមទទួលផលផ្លែរម៉ើលវិញម្តង។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ក្នុងភូមិឃុំរបស់ពួកគាត់មានប្រជាកសិករប្រកបមុខរបរបែបនេះមិនមានចំនួនច្រើនទេ ភាគច្រើនពួកគាត់ទៅរកការងារធ្វើនៅក្រៅស្រុក។ហើយអ្នកដែលដាំអំពៅគាបយកទឹកលក់ជាលក្ខណ:គ្រួសារមាន៤ទៅ៥គ្រួសារប៉ុណ្ណោះពួកគាត់អាចរកចំណូលប្រចាំថ្ងៃដោះស្រាយជីវភាពបានស្រួលដោយមិនចាំបាច់ចំណាកស្រុកទៅឆ្ងាយពីផ្ទះសម្បែងឡើយ។
(ដោយឈឿន ប៊ុនឈី)