ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងក្នុងក្រុមតេលេក្រាមជាមួយអ្នកសារព័ត៌មានថា ដំណាក់កាលនេះ មិនមែនជាពេលដែលត្រូវរកខុសត្រូវនោះទេ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នាស្តាប់តាមការណែនាំរបស់សម្តេចតេជោ និងរបស់ក្រសួងសុខាភិបាល ឲ្យបានគ្រប់ៗគ្នា ដើម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៌ដ៏ស្មុគស្មាញថ្មីមួយនេះ។
លោកជំទាវ បានលើកឡើង បន្ទាប់ពីក្រុមការងារព័ត៌មានចោទសួរដេញដោលពាក់ព័ន្ធព័ត៌មានភរិយារបស់ឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ត្រូវបានរកឃើញ សង្ស័យថា ផ្ទុកខូវីដ ១៩ គាត់មកពីក្រៅប្រទេស ហើយមិនគោរពតាមចត្តាឡីស័ករបស់ក្រសួងសុខាភិបាល។
លោកជំទាវ ឱ វណ្ណឌីន នៅក្នុងក្រុមតេលេក្រាមជាមួយអ្នកសារព័ត៌មាន៖ «ខ្ញុំសូមឆ្លើយនូវសំណួរទាំងប៉ុន្មានខាងលើដោយទាំងមិនទាន់បានធ្មេចសោះឡើយតាំងពីថ្ងៃម្សិលមិញមកទល់ពេលនេះថា៖ ដំណាក់កាលនេះ មិនមែនជាពេលដែលត្រូវរកខុសត្រូវនោះទេ គឺជាពេលវេលាដែលខ្មែរត្រូវរួបរួមគ្នាស្តាប់តាមការណែនាំរបស់សម្តេចតេជោ និងរបស់ក្រសួងសុខាភិបាល ឲ្យបានគ្រប់ៗគ្នា ដើម្បីកម្ពុជាឆ្លងកាត់នូវព្រឹត្តិការណ៌ដ៏ស្មុគស្មាញថ្មីមួយនេះ។ ខ្ញុំសុំលើកដៃអង្វរលោកអ្នកទាំងអស់ សូមមេត្តាកុំរុញឲ្យខ្លោច កុំរោចឲ្យឆៅអី កុំគិតរកកំហុសទម្លាក់ដាក់អ្នកនេះអ្នកនោះអីណា។ អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺបុគ្គលគ្រប់រូបចាំបាច់ត្រូវអនុវត្តន៌វិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនមែនទែន ធ្វើយ៉ាងណាកុំឲ្យមានការចម្លងមកខ្លួនឯង កុំឲ្យពីបុគ្គលម្នាក់ចម្លងទៅបុគ្គលម្នាក់ទៀត និងកុំឲ្យចម្លងក្នុងសហគមន៍»។
លោកជំទាវ ឱ វណ្ណឌីន បានសង្កត់ធ្ងន់ថា នៅប្រទេសគេដែលមានធនធានច្រើនជាងកម្ពុជា នៅតែគ្រប់គ្រងមិនបាន ឈឺរាប់សែន រាប់លាននាក់ និងស្លាប់រាប់ពាន់ រាប់សែបនាក់ដែរ។ ប្រទេសកម្ពុជាតូច ធនធានតិច ខិតខំទប់ស្កាត់បានជិតមួយឆ្នាំហើយ ដែលមិនមានការចម្លងចូលសហគមន៌ ទើបតែថ្ងៃនេះទេ ដែលជាថ្ងៃដំបូងនៃការចម្លងក្នុងសហគមន៌៍ ដែលក្រុមការងារទាំងអស់ និងថ្នាក់ដឹកនាំក្រសួង មិនទាំងបានសម្រាន្ត ធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីទប់ការរាតត្បាតបន្ត និងដើម្បីសុខភាពទាំងអស់គ្នា។ សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅយប់ថ្ងៃទី ២៨ វិច្ឆកានេះ បានចាត់ទុករកឃើញវិជ្ជមានមេរោគកូវីដ១៩ លើខ្លួនស្រ្តី ខ្មែរម្នាក់«ជាការឆ្លងសហគមជាលើកដំបូងនៅកម្ពុជា» ពោលគឺបន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយសរុប ៦នាក់។