កែប ៖ កម្លាំងចម្រុះប្រចាំគោលដៅត្រួតពិនិត្យច្រកចេញ-ចូលក្នុងភូមិសាស្ត្រខេត្តកែប លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់កំពត-កែប នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ បានឃាត់ខ្លួនជនជាតិវៀតណាម ចំនួន៧នាក់ (ស្រី៥នាក់) ធ្វើដំណើរមកពីខេត្តព្រះសីហនុ និងជនជាតិខ្មែរម្នាក់ ជាអ្នកនាំផ្លូវបន្ត តាមម៉ូតូពីខេត្តកំពតឆ្ពោះមកខេត្តកែបតាមផ្លូវលំដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យក្នុងគោលដៅទៅកាន់ប្រទេសវៀតណាម។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយឃាត់ខ្លួនជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីបន្តនីតិវិធីប្រគល់ជូនមន្ទីរសុខាភិបាលខេត្ត បញ្ជូនទៅមណ្ឌលចត្តាឡីស័ក និងរង់ចាំយកសំណាកវត្ថុវិភាគ ចំណែកជនជាតិខ្មែរជាអ្នកផ្តល់មធ្យោបាយនាំផ្លូវ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត។
លោកអភិបាលខេត្តកែបបាន ក្រើនរំលឹក និងណែនាំបន្ថែមដល់កងកម្លាំងសមត្ថកិច្ច បន្តការរឹតបន្តឹងឲ្យបានតឹងរឹងបន្ថែមទៀត និងសុំការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ ដែលនៅតំបន់ក្រហម និងតំបន់បិទខ្ទប់ សូមកុំធ្វើការចល័តចេញ ក្នុងកាលៈទេសៈដ៏លំបាកនេះ ពិសេស កុំយកគំរូតាមករណីខាងលើ ព្រោះការលួចគេច មិនអាចរួចផុតពីកម្លាំងសមត្ថកិច្ចបានទេ ហើយត្រូវប្រឈមនឹងការអនុវត្តវិធានការច្បាប់ និងវិធានការសុខាភិបាលផងដែរ៕