ព័ត៌មានជាតិ

រដ្ឋបាលក្រុងជូនដំណឹងឱ្យម្ចាស់លំនៅឋាន និង អាជីវកម្មដ្ឋានទាំងអស់នក្នុងសង្កាត់ស្វាយប៉ោ ត្រូវរុះរើផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញឲ្យអស់ ដើម្បីសោភ័ណភាពក្រុង

(#ក្រុងបាត់ដំបង)÷ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២នេះ រដ្ឋបាលក្រុងបាត់ដំបងបានចេញលិខិតជូនដំណឹងមួយដែលមានខ្លឹមសារថា ÷

រដ្ឋបាលក្រុងបាត់ដំបង មានកិត្តិយសសូមជូនដំណឹងដល់ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋាន ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងមេត្តាជ្រាបថា÷ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់ សោភ័ណភាពទីក្រុងឲ្យកាន់តែប្រសើរ រដ្ឋបាលក្រុង សូមជូនដំណឹងដល់ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋាន ស្ថិតនៅបណ្តោយផ្លូវលេខ១ កន្លះ ផ្លូវលេខ២ ផ្លូវលេខ ២ កន្លះ ផ្លូវលេខ៣ និងគ្រប់ផ្លូវកាត់ទទឹងពីផ្លូវលេខ១ដល់ផ្លូវលេខ៣ ស្ថិតតំបន់អភិរក្ស (ចាប់ពីវត្តពិភ័ទ្ទារាមដល់វត្តដំរី ស និងចាប់ពីផ្លូវលេខ១ ដល់ផ្លូវលេខ៣ នៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ត្រូវធ្វើការរុះរើ សំយាប ផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញឲ្យអស់ និងកែសម្រួលតាមគំរូនិងគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង ចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ រហូតដល់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ជាកំហិត។

ក្នុងករណី ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋានទាំងអស់ មិនអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះ រដ្ឋបាលក្រុង នឹងធ្វើការរុះរើ យកមករក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ជាធរមាន ហើយរាល់ការខូចខាត និងបាត់បង់រដ្ឋបាលក្រុងមិនទទួលខុសត្រូវឡើយ។

រដ្ឋបាលក្រុងបាត់ដំបង សង្ឃឹមនិងជឿជាក់ថា ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋាន នឹងអនុវត្តតាមសេចក្ដីជូនដំណឹងនេះ ដោយស្មារតីសហការខ្ពស់ ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថាន ទីក្រុងរបស់យើងទាំងអស់គ្នា ៕

#ដោយលោកអ៊នអឿម

kdn

Leave a Reply

Your email address will not be published.