បាត់ដំបង ៖ សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ ផល រិទ្ធិ ហៅ ខ្លា ភេទប្រុស អាយុ ៣២ឆ្នាំ ស្នាក់នៅមិនពិតប្រាកដត្រូវបានចាប់ខ្លួនបន្ទាប់ពីរូបគេធ្វើសកម្មភាពលួចម៉ូតូក្នុងភូមិរួចមក។
ជនសង្ស័យត្រូវបានកម្លាំងនរគបាល សហការគ្នា តាមចាប់ខ្លួនបានដល់ក្រុងប៉ោយប៉ែត បន្ទាប់ពីលួចម៉ូតូនៅស្រុកបវេល ហើយជិះគេចខ្លួនទៅសម្ងំលាក់ខ្លួននៅទីនោះ។
សមត្ថកិច្ចបន្តថា ជនសង្ស័យរូបនេះមានឈ្មោះ ផល រិទ្ធិ ហៅ ខ្លា ត្រូវបានសង្ស័យថា បានធ្វើសកម្មភាពលួចយកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ចាម 1AB-7749 របស់ជនរងគ្រោះឈ្មោះ ឆុន រីមឆេង ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល កាលពីយប់ថ្ងៃទី២៧ ខែកក្កដា។
ក្រោយពីលួចបានម៉ូតូ ជននេះបានជិះគេចខ្លួនទៅសម្ងំលាក់ខ្លួននៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនគេពិតជាបានជាប់ពាក់ព័ន្ធករណីលួចម៉ូតូពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ច ចាត់ការ និង បញ្ជូនតាមនិតិវិធី៕