ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនក្មេងទំនេីងចំនួន០៥នាក់ រួមនឹងវត្ថុតាង ករណី​ហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

(ក្រុងសិរីសោភ័ណ៖)​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ​ បេីកប្រតិបត្តិការ​ឃាត់ខ្លួនក្មេងទំនេីងចំនួន០៥នាក់ រួមនឹងវត្ថុតាង ករណី​ហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត កាលពីវេលាម៉ោង ១៥ និង១៥នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ៧ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោករវសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័​ណ​បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការដល់កន្លែងកើតហេតុ ហើយធ្វើការ ឃាត់ខ្លួនបានជនបង្ករចំនួន៥នាក់ភ្លាមៗផងដែរ ព្រមទាំងដកហូតវត្ថុតាងរួមមាន​៖ កាំបិតខ្វែវចំនួន ០៤ដើម​ (ដងដែកចំនួន០២ដើម និងដងឈើចំនួន ០២ដើម), និងម៉ូតូចំនួន០៣គ្រឿង ហើយយកមកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង ។

លោកវសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានឱ្យដឹងទៀតថា ជនបង្កទាំង៥នាក់៖ ១. ឈ្មោះ ឡេង ប៉ឹប ភេទប្រុស អាយុ ១៧ឆ្នាំ, ២.ឈ្មោះ សៀក សុខអាន ភេទប្រុស អាយុ ១៧ឆ្នាំ,​៣.ឈ្មោះ ហាត់ កុយ (ហៅ ចាន់) ភេទប្រុស អាយុ១៨ឆ្នាំ,​៤.ឈ្មោះ មៅ ពិឈិញ ភេទប្រុស អាយុ ១៧ឆ្នាំ,​ ៥.ឈ្មោះ ឌី រ៉ាឌិន ភេទប្រុស អាយុ ២០ឆ្នាំ ។

ជនសង្ស័យទាំង០៥នាក់ ក្រោយពីកម្លាំងសួរនាំរួច បានឆ្លើយសារភាពថា ពួកគេមានគ្នា០៩នាក់ ជិះម៉ូតូ០៣គ្រឿង បានធ្វើសកម្មភាពដេញកាប់ទៅលើ ជនរងគ្រោះឈ្មោះ ផាត សុវណ្ណារ៉ា ភេទប្រុស អាយុ ១៥ឆ្នាំ ពិតប្រាកដមែន តែកាប់មិនបានសម្រេច​ ព្រោះជនរងគ្រោះបានរត់ចូលក្នុងផ្ទះប្រជាពលរដ្ឋដេីម្បីឱ្យគេជួយ ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា​ មុនពេលបង្រ្កាបករណីខាងលើនេះក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស​ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត​ហើយនៅរសៀលថ្ងៃអាទិត្យ ទី៣១ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ ចំណែកបក្សចំនួន០៤នាក់ទៀត កម្លាំងកំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត ៕

kdn

Leave a Reply

Your email address will not be published.