ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនៅខេត្តបន្ទាយមានជ័យ 

 

បន្ទាយមានជ័យ:សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនៅរសៀលថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២នេះបានជួបសំណេះសំណាលថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ ក្រុមប្រឹក្សាខេត្ត ក្រុង/ស្រុក ឃុំ/សង្កាត់ មន្ត្រីរាជការទូទៅ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជាង ១ពាន់នាក់។សម្តេចតេជោ ហ៊ុន សែន បានថ្លែងអបអរសាទរចំពោះក្រុមប្រឹក្សាឃុំ/សង្កាត់​ក្នុងខេត្តបន្ទាយមានជ័យទាំងអស់ ដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋតាមរយៈការបោះឆ្នោតកាលពីពេលថ្មីៗនេះ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងនៅក្នុងខេត្ត ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋពេលជួបគ្រោះទឹកជំនន់នាពេលថ្មីៗនេះ។ ជាពិសេសការប្រឹងប្រែងរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់នូវទង្វើបង្កចលាចលនានាក្នុងសង្គម។

សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់មន្ត្រីរាជការ ជាពិសេសក្រុមប្រឹក្សាឃុំ/សង្កាត់ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជន ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស។ ចៀសវាងដាច់ខាតការបង្កបង្កើតនូវបញ្ហានានា ដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ៕

មកឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញថ្លែងរបាយការណ៍ជម្រាបសម្តេចតេជោ និងអង្គពិធីទាំងមូលពាក់ព័ន្ធសភាពការណ៍មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងការងារផ្សេងៗនៅក្នុងខេត្ត។

ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា មន្ដ្រីរាជការទូទាំងខេត្តបន្ទាយមានជ័យមានសរុបជាង ៨ពាន់នាក់ មានស្រីជិត ៤ពាន់នាក់។ ក្នុងនោះ មន្ត្រីសាលាខេត្ត មានចំនួន ១២៦នាក់ (ស្រី៣៥នាក់)បុគ្គលិកអប់រំ-គ្រូបង្រៀន ចំនួន ៥,៨៨៨នាក់ (ស្រី ២,៨៨២នាក់) មន្ត្រីសុខាភិបាល-គ្រូពេទ្យ ចំនួន ១,២១៨នាក់ (ស្រី ៦៤៩នាក់) មន្ត្រីមន្ទីរ អង្គភាព ចំនួន៧៥៣នាក់ (ស្រី២១៧នាក់) មន្ត្រីសាលាក្រុង ស្រុក ចំនួន ៥៣០នាក់ (ស្រី១៥០នាក់) ស្មៀនឃុំ សង្កាត់ ចំនួន ៦៧នាក់ (ស្រី១៥នាក់)។ រីឯមន្ត្រីកងកម្លាំងប្រដាប់អាវុធឈរជើងក្នុងខេត្ត មានចំនួនសរុបជាង ៥ពាន់នាក់។ដោយឡែកក្រុមប្រឹក្សាខេត្តមានចំនួនសរុប ២៥នាក់, ក្រុមប្រឹក្សាក្រុង ស្រុកសរុបចំនួន ១៦៩នាក់, ក្រុមប្រឹក្សាឃុំ/សង្កាត់ សរុបចំនួន ៥៣៣នាក់។

អភិបាលខេត្ត ក៏បានជម្រាបសម្តេចតេជោ និងអ្នកចូលរួមក្នុងពិធីសំណេះសំណាលលើការងារគ្រោះទឹកជំនន់, ការចាក់ស្រោចវ៉ាក់សាំងដើម្បីទប់ស្កាត់ជំងឺកូវីដ១៩,ការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាល, ការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ, ការដោះមីន និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម, ការវាស់វែងដីប្រជាពលរដ្ឋបានអាស្រ័យផលជាក់ស្តែងយូរហើយក្នុងតំបន់៣, ការផ្ដល់ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងប្រយុទ្ធនឹងជំងឺកូវីដ១៩, ការដោះស្រាយទំនាស់ដីធ្លីនៅបឹងជង្រុក និងបឹង៧៥ ភូមិទំនប់ដាច់ ចំណីផ្លូវរថភ្លើងប៉ោយប៉ែតជាដើម។

ក្នុងពិធីនេះអភិបាលខេត្តបន្ទាយមានជ័យ តំណាងឱ្យមន្ត្រីរាជការក្នុងខេត្ត បានប្រកាសគាំទ្រពេញទំហឹងចំពោះសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជន នាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ដើម្បីប្រជាជន និងប្រទេសជាតិរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។

ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ 24h✅ដោយ ហុីង ចាន់ថន

kdn

Leave a Reply

Your email address will not be published.