ព័ត៌មានជាតិ

ប្រជាពលរដ្ឋចាប់ផ្ដើមប្រមូលទិញត្រីតាមស្រះជាលក្ខណៈគ្រួសារយកធ្វើប្រហុកផ្អកសម្រាប់ទុកហូបក្នុងរដូវវស្សា

  បន្ទាយមានជ័យ:រដូវនេសាទរយៈពេល ៦ ខែបានចាប់ផ្ដើមបើកឲ្យប្រជាពលរដ្ឋខ្មែរនេសាទជាលក្ខណៈគ្រួសារ ដើម្បីយកត្រីទាំងនោះមកធ្វើផ្អក ប្រហុក ត្រីងៀត ត្រីឆ្អើរ ទុកសម្រាប់ជីវភាពប្រចាំថ្ងៃ ក្នុងរដូវវស្សាធ្វើស្រែចំការដែលជា រដូវបិទការនេសាទ។ ការធ្វើបែបនេះជាទំនៀមទំលាប់របស់ប្រជាពលរដ្ឋខ្មែរដែលមានតាំងពីយូរយារណាស់មកហើយ។ លោកមាឃ មករា ប្រជានេសាទរស់នៅឃុំតាប៉ុនស្រុកព្រះនេតព្រះខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជារៀងរាល់ឆ្នាំគ្រួសារលោកតែងតែនេសាទត្រីនៅរដូវបើកឱ្យនេសាទដោយប្រើឧបករណ៍ស្របច្បាប់ ដើម្បីចាប់យកត្រីទាំងនេះមកធ្វើជាផ្អកប្រហុកត្រីឆ្អើរត្រីងៀតទុកសម្រាប់ហូរប្រចាំថ្ងៃ។ លោកបន្តថា នៅឆ្នាំនេះគ្រួសារលោកមិនបានទិញពីគេយកមកធ្វើផ្អកប្រហុកនោះទេគឺលោកបាននេសាទដោយខ្លួនឯងជាលក្ខណៈគ្រួសារកាលពីពេលមុនធ្លាប់ទិញពីគេផងនេសាទដោយខ្លួនឯងផង។ លោកបានបន្តទៀតថា ឆ្នាំនេះត្រីសំបូរ បើប្រៀបធៀបនិងឆ្នាំមុន។ត្រីចាប់ផ្ដើមត្រូវតាំងពីចុងខែ ១២ ចូលដល់ខែ ១ត្រូវខ្លាំង ភាគច្រើនជាប្រភេទត្រីចម្រុះអាចយកទៅធ្វើផ្អកប្រហុកត្រីងៀតត្រីឆ្អើរ បានតាមតំរូវការ។ លោកបន្តទៀតថា ក្រៅពីការនេសាទតាមដៃទន្លេនិងបឹងលោកបានទៅម៉ៅស្រះឬបៀររបស់ប្រជាពលរដ្ឋនៅតាមភូមិដើម្បីបូមចាប់ត្រីសម្រាប់ខ្លួនឯងផង និង លក់ចែកចាយបន្តដល់ប្រជាពលរដ្ឋ ដើម្បីយកទៅធ្វើផ្អកប្រហុកត្រីងៀតត្រីឆ្អើរផងដែរ។ លោកមេឃមករាបានបន្តទៀតថា រីឯតម្លៃត្រីក្នុងមួយគីឡូក្រាមពី ១,០០០ ទៅ ១៥,០០០ រៀលឬពាន់រៀលតម្លៃនេះប្រហាក់ប្រហែលនិងតម្លៃឆ្នាំមុនៗដែរ។។ អាជ្ញាធរនិងមន្ត្រីជំនាញជលផលមូលដ្ឋានភូមិស្រុកខាងលើបានឱ្យដឹងថា លោកមានការត្រេកអរដោយឃើញធនធានជនផលមានការកើនឡើង បើប្រៀបនឹងឆ្នាំនេះនិងឆ្នាំមុនៗឆ្នាំនេះត្រូវកើនឡើងនិងសម្បូរជាងឆ្នាំមុន។ហើយឃើញបងប្អូនប្រជាពលរដ្ឋមូលមីនាំគ្នានេសាទជាលក្ខណៈគ្រួសារដើម្បីយកត្រីទាំងនេះធ្វើជាផ្អកប្រហុកត្រីងៀតត្រីឆ្អើរទុកសម្រាប់ហូបទៅថ្ងៃខាងមុខ។ អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញជលផលខាងលើបានបញ្ជាក់និងសំណូមពរថា សូមឱ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាប្រជានេសាទត្រូវអនុវត្តទៅតាមច្បាប់នេសាទនិងការណែនាំរបស់មន្ត្រីជលផល។មិនត្រូវនេសាទនៅរដូវត្រីពងបន្តពូជនិងកុំប្រើប្រាស់ឧបករណ៍ណាដែលខុសច្បាប់កុំកាប់បំផ្លាញព្រៃលិចទឹកជាចម្រកត្រីពង ដើម្បីចាប់ត្រីវាបានធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិ។ដោយ(ស្រី ជួប)  

ព័ត៌មានសន្តិសុខសង្គម

ឡានសេរីទំនើបមួយគ្រឿងបើកបរលឿនរ៉េចង្កូតជ្រុលទៅបុកបង្គោលភ្លើងតាមផ្លូវជាតិបាក់ខ្ទេចខ្ទី

  ឧត្តរមានជ័យ: មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏មួយបង្កឡើងដោយនារីវ័យក្មេងម្នាក់បើករថយន្តមួយគ្រឿងម៉ាក លុចសុីសRX300ពណ៌ទឹកមាសពាក់ស្លាកលេខ2A បន្ទាយមានជ័យ6820បើកបរប៉ោះប៉ួយយ៉ាងលឿនទិសដៅពីជើងទៅត្បូងបានរ៉េចង្កូតទៅបុកជាមួយបង្គោលភ្លើងបាក់រៀបដល់ដីនិងឡានបែកកង់ទៅមុខលែងរួចបណ្តាលឲ្យខ្ទេចខ្ទីរថយន្តយ៉ាងដំណំមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។ ហេតុការណ៏ករណីគ្រោះថ្នាក់ចរាចរណ៏នេះបានកើតឡើងនៅថ្ងៃទី០៣ខែមករាឆ្នាំ២០២៣វេលាម៉ោង៧និង៣០នាទីព្រឹកស្ថិតនៅត្រង់ចំណុចផ្លូវជាតិលេខ៦៨ភូមិដូនកែនសែនជ័យ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ប្រភពពីចេញពីកន្លែងហេតុបានប្រាប់ឲ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចណ៏នេះដែរ មុនពេលកើតហេតុគាត់បានឃើញរថយន្តខាងលើបើកបរលើផ្លូវយ៉ាងលឿនទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុក៏បានរ៉េចង្កូតមិនដឹងជាគេចទៅនឹងអ្វីនោះទេបានបុកជាមួយបង្គោលភ្លើងបណ្តាលឲ្យបាក់ ដល់ដីចំណែកឯរថយន្តដាច់ក្រឡេបែកកង់ទៅមុខលែងរួចតែម្តង។ អ្នកឃើញហេតុការដដែលបានបញ្ជាក់បន្ថែមថា នៅក្រោយពេលកើតហេតុភ្លាមៗគាត់បានឃើញអ្នកបើកបរចេញពីក្នុងឡានជាមនុស្សស្រីហើយអ្នករួមដំណើរក៏មានកូនក្មេងតូចផងដែរតែពុំមានការរងរបួសអីឲ្យធ្ងន់ធ្ងរនោះទេ គ្រាន់តែខូតខាតរងរថយន្តផ្នែកខាងមុខយ៉ាងច្រើនធ្លាក់កាង មុខក្រពិតផ្ទាល់ខាងស្តាំ បែកកាឡេ បែកកង់នឹងបាក់បង្គោលភ្លើងរៀបដល់អស់មួយ។ សូមបញ្ជាក់ថា ក្រោយពេលកើតហេតុរួចសមត្ថកិច្ចជំនាញចរាចរណ៏ក្រុងសំរោងបានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យមើលជាក់ស្តែងករណីគ្រោះថ្នាក់ចរាចរណ៏នៅត្រង់ចំណុចខាងលើនេះដែរពុំមានប៉ះពាល់ដល់អ្នកដទៃនោះទេគ្រាន់តែខូតខាតរថយន្តនិងបាក់អស់បង្គោលភ្លើងនៅតាមដងផ្លូវតែមួយប៉ុណ្ណោះ។ (ដោយឈឿន ប៊ុនឈី)

ព័ត៌មានជាតិ

ប្រារព្ធពិធីអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់ឆ្នាំសិក្សា២០២២.២០២៣

ប៉ៃលិន :នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់ឆ្នាំ២០២២.២០២៣ ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យក្រុងទេពនិម្មិតហ៊ុនសែន ស្ថិតក្នុងភូមិអូរពឺតសង្កាត់ទួលល្វាក្រុងប៉ៃលិន។ បន្ទាប់ពីលោក ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិនឡើងអានសុន្ទរកថាស្តីពីពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងវិស័យអប់រំនៅក្នុងខេត្តប៉ៃលិន លោកសុខពិសីអភិបាលរងខេត្ត បានឡើងអានសារលិខិតទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីពិធីបើកបវេសនកាលនាពេលនេះគឺត្រូវបានប្រារព្ធធ្វើឡើង។ ក្នុងនោះដែរ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន បានអំពាវនាវអោយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ និងចូលរួមផ្សព្វផ្សាយបន្ថែម និងសូមអោយជៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនជាកង្វល់ដ៏ធំសម្រាប់យើងទាំងអស់គ្នា ដូច្នេះសូមលោកគ្រូ អ្នកគ្រូចូលរួមផ្សព្វផ្សាយអំពីបញ្ហា និងផលប៉ះពាល់អំពីគ្រឿងញៀន និងជាចុងក្រោយក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ ទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ត្រូវចូលរួមចាក់វ៉ាក់សាំងដូសជំរុញ(ដូសទី៦) ព្រោះសម្តេចតេជោបានបើកអោយចាក់ដូសទី៦ហើយ ដោយសារតែរហូតមកដល់ថ្ងៃនេះកូវីដអត់ទាន់ទៅណាឆ្ងាយពីយើងទេ៕នាក់ ង៉យ