ផ្លូវភ្លោះបេតុងអាមេប្រវែងជាង ៣ គីឡូម៉ែត្រ ចំកណ្ដាលបេះដូងនៃក្រុងសំរោងត្រូវបានបើកការដ្ឋានសាងសង់

 


ខេត្តឧត្តរមានជ័យ :រដ្ឋបាលខេត្តឧត្ដរមានជ័យ បានរៀបចំពិធីបើកការដ្ឋានស្ថាបនាផ្លូវ ក្រោមអធិបតីភាព ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ដោយមានការចូលរួមពីមន្រ្តីរាជការរួមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ នៅព្រឹកថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០២៦នេះ។

លោក ផុន ចាន់និល អភិបាលក្រុងសំរោង បានលើកឡើងថា ផ្លូវភ្លោះបេតុងអាមេដែលត្រូវបើកការដ្ឋានស្ថាបនាពេលនេះ មានប្រវែង ៣៤៦០ម៉ែត្រ ទទឹង១៥ម៉ែត្រ មានកម្រាស់២តឹក ចាប់ពីរង្វង់មូលព្រះលោកេស្វរៈ ដល់រង្វង់មូលព្រះបាទជ័យវរ្ម័នទីប្រាំពីរ សមិទ្ធផលផ្លូវភ្លោះបេតុងអាមេនេះ ក៏ជាចំណងដៃដ៏ថ្លៃថ្លាដែលកើតចេញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កម្រិតជីវភាពនិងការរស់នៅរបស់ប្រជាពលរដ្ឋជាយដែនយើងទាំងអស់គ្នា។

ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តបានមានប្រសាសន៍ថា «ការស្ថាបនាផ្លូវភ្លោះដ៏ធំនៅចំកណ្ដាលក្រុងសំរោងនេះ មិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស ទាន់ពេលវេលានិងមានសុវត្ថិភាពប៉ុណ្ណោះទេ ប៉ុន្តែវាគឺជា “ក្បាលម៉ាស៊ីន” សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់សោភ័ណភាពទីក្រុងឱ្យកាន់តែស្អាត និងមានរបៀបរៀបរយ ដើម្បីប្រែក្លាយមុខមាត់ទីក្រុងសំរោង ឱ្យទៅជាទីក្រុងដ៏ទាក់ទាញ បៃតង និងមានសោភ័ណភាពស៊ីវិល័យ ដែលជាមូលដ្ឋានគ្រឹះក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរឱ្យមកកាន់ខេត្តរបស់យើងកាន់តែច្រើនឡើង»។

ទន្ទឹមនឹងការអបអរសាទរសមិទ្ធផលថ្មីនេះ ឯកឧត្ដម អភិបាលខេត្ត  សំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ មេត្តាផ្តល់កិច្ចសហការឱ្យបានល្អជាមួយក្រុមបច្ចេកទេស ជាពិសេសយោគយល់អធ្យាស្រ័យចំពោះការរំខាននានា ដូចជាបញ្ហាហុយ ឬការរាំងស្ទះចរាចរណ៍មួយផ្នែកក្នុងអំឡុងពេលសាងសង់ ដើម្បីឱ្យគម្រោងនេះអាចសម្រេចទៅតាមផែនការដែលបានគ្រោងទុក ប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ប្រើប្រាស់បានយូរអង្វែង៕ (ដោយឈឿនប៊ុនឈី)

Leave a Reply

Your email address will not be published. Required fields are marked *