ប្រជាពលរដ្ធជាជនភៀសសឹករស់នៅក្នុងមណ្ឌលសុវត្ថិភាពព្រួយបារម្មណ៏ពីផ្ទះសម្បែងនិងខ្លាចចោរគាស់ចូលលួចរបស់របរដែលនៅសេសសល់

 

ឧត្តរមានជ័យ: ជនភៀសសឹកមួយចំនួន ដែលបានចាកចេញពីលំនៅឋានក្រោយពីផ្ទុះសង្គ្រាមឈ្លានពានពីសំណាក់ទាហានថៃបានព្រួយបារម្ភពីការបាត់បង់ទ្រព្យសម្បត្តិនិងសត្វពាហនៈ ខ្លះទៀតមិនទាន់បានច្រូតស្រូវនៅឡើយ និងមួយផ្នែកទៀត មិនបានទាន់ជញ្ជូន ស្រូវ ទុកដាក់ស្រួលបួល ហើយអ្នកខ្លះទៀតក៏មិនបាន ចាក់សោផ្ទះរវល់តែ ភ័យស្លន់ស្លោរត់ចេញដើម្បីទៅនៅក្នុងមណ្ឌលសុវត្ថិភាព។

 

ប្អ្នកស្រីភឿក ឈឹម វ័យ៥៣ឆ្នាំរស់នៅក្បែរប្រាសាទតាមាន់ធំក្នុងភូមិ រំចង់ឃុំគោកមនស្រុកបន្ទាយអំពិលបាននិយាយឲ្យដឹងនៅថ្ងៃទី១១ខែធ្នូឆ្នាំ២០២៥ថាមូលហេតុដែលគាត់បានចាកចេញនេះគឺដោយសារខ្លាច គ្រាប់ផ្លោងរបស់ទាហានសៀមហើយណាមួយក៏ព្រួយបារម្ភពី ការបាត់គោក្របីពីព្រោះថាគាត់មានគោចំនួនដប់ក្បាលមកទល់ម៉ោងនេះមិនដឹងថារកឃើញឬក៏អត់នោះទេ។

 

ចំណែកអ្នកស្រីមឿង ពឿត វ័យ៥៤ឆ្នាំរស់នៅក្បែរប្រាសាទតាមាន់ក្នុងភូមិថ្នល់បត់ឃុំគោកមនស្រុកបន្ទាយអំពិលក៏បាននិយាយថាអ្នកស្រីក៏មានការព្រួយបារម្ភចំពោះទ្រព្យសម្បត្តិ សំខាន់ៗមួយចំនួនហើយមួយទៀត ពុំទាន់បានច្រូត ហើយស្រូវដែលទុំពេញស្រែផងដែរ។

 

ចំណែក ជនភៀសសឹកលោក ថៃ ស្រួច វ័យ៦៣ឆ្នាំរស់នៅក្បែរប្រាសាទតាមាន់ក្នុងភូមិគូរឃុំគោកមនស្រុកបន្ទាយអំពិលបាននិយាយថាមូលហេតុដែលគាត់បានចាកចេញនេះគឺដោយសារភ័យខ្លាចគ្រាប់ផ្លោងនឹងព្រួយបារម្ភជាខ្លាំងចំពោះសត្វគោក្របីមាន់ទាជ្រូកជាដើមណាមួយទៀតនិងសម្ភារៈផ្សេង ដែលនៅក្នុងផ្ទះដែលពុំបានយកមកតាមខ្លួនអស់រវល់រត់សឹងតែមិនទាន់។

 

ចំណែកលោក កើត តិល វ័យ៧៣ឆ្នាំរស់នៅក្បែរប្រាសាទតាមក្របីក្នុងភូមិកញ្ជ្រៀចឃុំគោកមនស្រុកបន្ទាយអំពិលក៏បានលើកឡើងថាគាត់ក៏មានការព្រួយបារម្ភអំពីទ្រព្យសម្បត្តិរបស់គាត់ដែលនៅសេសសល់ក្នុងផ្ទះនិងមួយវិញទៀតមិនដឹងពេលណាបានត្រឡប់ ទៅផ្ទះសម្បែងនោះទេបើរវល់តែមករត់ភៀសសឹកមករស់នៅក្នុងមណ្ឌលសុវត្ថិភាព។

 

សូមជម្រាបថាទាក់ទិនទៅនឹងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋនេះដែរអ្នកស្រីឃួន ស្រីស្រស់ វ័យ៤៧ឆ្នាំជាមេភូមិថ្មដូនឃុំគោកមនស្រុកបន្ទាយអំពិលបានឱ្យដឹង ថាការដឹកនាំប្រជាពលរដ្ឋចំនួន១៥៨គ្រួសារមករស់នៅក្នុងមណ្ឌលសុវត្ថិភាពគឺដើម្បីគេចពីគ្រាប់ផ្លោងគាត់ក៏បានបញ្ជាក់ដែរថាចំពោះការរត់នេះដែរថ្ងៃដំបូងគឺនៅភូមិថ្មដូន ក្នុងភូមិរបស់គាត់ហ្នឹងគឺផ្ទុះខ្លាំងជាងគេហើយមួយទៀតបើ នៅផ្ទុះសង្គ្រាមខ្លាំងបែបនេះមើលប្រជាពលរដ្ឋនៅពេលនេះមិនដឹងថាថ្ងៃណាត្រឡប់ទៅវិញទេលុះត្រាតែស្ថានការណ៍ធូរស្រាលទើបនាំប្រជាពលរដ្ឋទៅវិញណាមួយទៀតផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួនខូចខាតច្រើនដែរក៏ប៉ុន្តែគាត់ពុំទាន់បាន បូករបាយការណ៍ឲ្យបានច្បាស់លាស់ទេគិតត្រឹមថ្ងៃនេះព្រោះរវល់នៅក្នុងមណ្ឌលសុវត្ថិភាពដែរ។ (ដោយឈឿន ប៊ុនឈី)

Leave a Reply

Your email address will not be published. Required fields are marked *