រដ្ឋបាលខេត្តបញ្ចុះបឋមសីលាសាងសង់រង្វង់មូល«រូបសំណាកនៅព្រះវិស្ណុ»លើផ្លូវជាតិលេខ ៥៧ 

 

ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិននៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញបញ្ចុះបឋមសីលា សាងសង់រង្វង់មូលថ្មីបន្ថែម ទៀត«រូបសំណាកនៅព្រះវិស្ណុ» នៅលើដងផ្លូវជាតិ លេខ ៥៧ កន្លែងផ្លូវបំបែកជា៤ ចំណុចវត្តអូរច្រា ស្ថិតក្នុងសង្កាត់ ទួលល្វា ក្រុងប៉ៃលិន ដើម្បីលើក កម្ពស់ សោភ័ណភាព និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ធានាសុវត្ថិភាពក្នុងការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍លើកឡើងថា៖ ក្រោម គោលនយោបាយឈ្នះៗ និងក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខ សន្តិភាព ពេញផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិ យ៉ាង ក្តៅ គគុក មានការអភិវឌ្ឍ និងរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរធា ឡើងពីមួយថ្ងៃទៅ មួយ ថ្ងៃគួរជាទីមោទន ហើយជាក់ស្តែងបន្ទាប់ពីរង្វង់មូលមួយនេះ បានលេចចេញជារូបរៀងឡើងនាពេលខាងមុខ គឺនឹង ជួយ សម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ និងបានបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ដែលកើតមានឡើង ជាញឹកញាប់នៅត្រង់ចំណុចផ្លូវបំបែកជាបួននេះ ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋ នាំគ្នា ចូល រួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងសំណូមពរ រួមគ្នាជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេស មេត្តាយោគយល់ និងអធ្យាស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស  និង អាជ្ញាធរមូដ្ឋាន ដើម្បីឱ្យសមិទ្ធផលថ្មីនេះសម្រេចបានទៅតាមការគ្រោងទុក និងឆាប់បានប្រើប្រាស់ទាំងអស់គ្នា។

ប្រជាពលរដ្ឋ បានបង្ហាញនូវសេចក្តីត្រេកអរយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ បណ្ឌិតអភិបាលខេត្តប៉ៃលិន និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ដែលតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅ តាម មូលដ្ឋាន ជាពិសេសការធានាសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ នៅលើ ដងផ្លូវ ៕ ដោយ ៖ នាក់ ង៉យ

Leave a Reply

Your email address will not be published. Required fields are marked *