ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន នារសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័កព.ស ២៥៦៩ គ.ស ២០២៦ ដើម្បីចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី» ក៏ដូចជាការចូលរួមចំណែកលើកកម្ពស់វប្បធម៌ប្រពៃណីជាតិខ្មែរ។

លោកជំទាវបណ្ឌិត បានមានប្រសាសន៍ថា ដោយមានការណែនាំដ៏ ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ នាពេលខាងមុខឆាប់នេះ រដ្ឋបាលខេត្ត គ្រោងនឹងរៀបចំ ព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន ដើម្បីបង្កភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មកលេងកំសាន្ត ដោយមានការរៀបចំនូវលេងល្បែងប្រជាប្រិយ ការប្រគុំតន្ត្រីសម័យនាពេលរាត្រី និងលេងកម្សាន្តសប្បាយ ក្រោមម្លប់សុខ សន្តិភាព។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តប៉ៃលិន រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណវិមានឯករាជ្យ និងសួនច្បារមុខ សាលាខេត្ត ព្រមទាំងរៀបចំនៅតាមទីតាំងរមណីយដ្ឋាន និងទីវត្តអារាមនានាក្នុងខេត្តប៉ៃលិនផងដែរ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានមានប្រសាសន៍បន្តថា៖ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពនយោបាយ ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះនឹងផ្តល់ឱកាសជូនដល់បងប្អូនប្រជាពលរដ្ឋ សាធារណ:ជន ភ្ញៀវជាតិ-អន្តរជាតិ មកចូលរួមអបអរសាទរទទួលទេវតាឆ្នាំថ្មីព្រះនាម «រាក្សសាទេវី» ហើយក៏ជាឱកាសដ៏ល្អសម្រាប់ ការជួបជុំ ក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕ដោយ ៖នាក់ ង៉យ


