បាត់ដំបង៖ ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងការិយាល័យជំនាញលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១៤នឹង៥០នាទី នៅចំណុចភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់ បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ បង្ក្រាបបានករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ក្នុងបទល្មើសជាក់ស្តែង។

មន្ត្រីជំនាញបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ១.ឈ្មោះ នាង អិល ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង, ២.ឈ្មោះ ពាក សាវី ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង, ៣.ឈ្មោះ រឿន ណៃ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំង, ៤.ឈ្មោះ ឆុន វណ្ណឈី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិតាព្រហ្ម ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត (បច្ចុប្បន្នស្នាក់នៅបណ្ដោះអាសន្ន ភូមិនាងលេម ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង), ៥.ឈ្មោះ លេខ ឡុង ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង និង៦.ឈ្មោះ ថន ធឿន ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិនាងលេម ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់ ។
វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០៦ថង់, ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួន, សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន០៥គ្រឿង ។
សមត្ថកិច្ចបន្តថា ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ និងដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាណន់ បានបន្តកិច្ចប្រតិបត្តិការ រហូតឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត នៅថ្ងៃខែឆ្នាំដដែល វេលាម៉ោង១៧នឹង៣០នាទី នៅចំណុចភូមិពេជ្រចង្វា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ឈ្មោះ គុណ តុលា ហៅកុង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិពេជ្រចង្វា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាំមកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់វត្ថុតាងចាប់យកបានរួមមាន៖ ទូរស័ព្ទដៃចំនួន០១គ្រឿង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពួកខ្លួនពិតជាបានជាប់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនពិតប្រាកដមែន។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធានការបន្តតាមនីតិវិធី៕


