ឧត្តរមានជ័យ:នារសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ លោកផល លឹម ប្រធានមន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ សហការជាមួយរដ្ឋបាលក្រុងសំរោង មន្ទីរអង្គភាពពាក់ព័ន្ធចុះ ពិនិត្យ ផ្ដល់ការណែនាំនិងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងស្លាកយីហោ ប៉ាណូ ដើម្បីធានាការអនុវត្តស្របតាមនីតិវិធីច្បាប់ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ។

ជាក់ស្តែងក្រុមការងារបានចុះត្រួតពិនិត្យសរុបចំនួន ៦ទីតាំង ដែលក្នុងនោះរួមមាន ម្ចាស់អាជីវកម្មជនជាតិខ្មែរ ៣ទីតាំង ម្ចាស់អាជីវកម្មជនជាតិបរទេស ៣ទីតាំង ដោយម្ចាស់អាជីវកម្ម បានអនុវត្ត ទទួលយកតាមការណែនាំ និងផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយក្រុមការងារ។
លោកប៊ុត វ៉ាន់ដេត អភិបាលរងក្រុងសំរោងបានបញ្ជាក់ប្រាប់ឲ្យដឹងថា ការចុះត្រួតពិនិត្យនឹងណែនាំដល់ម្ចាស់ទីតាំងដាក់ស្លាកយីហោនោះដែរក្រុមការងាររកឃើញចំនួន១៧ទីតាំងដែលពុំទាន់មានច្បាប់អនុញាតិត្រឹមត្រូវ យើងនឹងបន្តធ្វើទូទាំងក្រុងសំរោងខេត្តឧត្តរមានជ័យតែជំហានដំបូងយើងចាប់ផ្តើមអនុវត្តពីសង្កាត់អូរស្មាច់ទៅមុនសិន។

សូមជម្រាបថាបន្ទាប់ពីការចុះណែនាំ ផ្តល់សេចក្តីជូនដំណឹងរបស់ក្រុមការងាររួចមក ចំពោះម្ចាស់អាជីវកម្ម ទីតាំងដែលមិនសហការ ក្រុមការងារនឹងបន្តចាត់វិធានការនានាតាមនីតិវិធីជាធរមាន ដើម្បីធានាបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយប្រកបដោយប្រសិទ្ធភាពនៅក្នុងក្រុងសំរោង។( ដោយឈឿន ប៊ុនឈី)
