ឧត្តរមានជ័យ: រដ្ឋបាលខេត្តឧត្តរមានជ័យ បានប្រារព្ធពិធីបុណ្យអភិសេកព្រះបដិមាលោកេស្វរៈ«រង្វង់មូលដៃ៨» ក្រោមវត្តមាន ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងពុទ្ធបរិស័ទយ៉ាងច្រើនកុះករផងដែរ នាព្រឹកថ្ងៃទី២៤ខែមករាឆ្នាំ២០២៦នៅរង្វង់មូលក្រុងសំរោងខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា ព្រះលោកេស្វរៈ ឬ ព្រះអវលោកិតេស្វរៈ គឺជាពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយាន ដែលតំណាងឱ្យ «សេចក្តីមេត្តាករុណាដ៏មហាសាល»។ តាមជំនឿរបស់បុព្វបុរសខ្មែរ តាំងពីសម័យអង្គរ (ជាពិសេសក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧) ព្រះលោកេស្វរៈត្រូវបានគេជឿថាជាអ្នកតាមជួយសង្គ្រោះមនុស្សលោកឱ្យផុតពីទុក្ខភ័យ និងនាំមកនូវសេចក្តីសុខសាន្ត។

ការសាងសង់រូបព្រះបដិមាលោកេស្វរៈនេះឡើង មិនត្រឹមតែដើម្បីសោភ័ណភាពក្រុងប៉ុណ្ណោះទេ ប៉ុន្តែគឺជាកន្លែងបួងសួងសុំសេចក្តីសុខ ជួយបីបាច់ថែរក្សា និងផ្តល់សេចក្តីសុខសាន្តត្រជាក់ត្រជុំជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ជាពិសេស រំលឹកដល់ដួងវិញ្ញាណក្ខន្ធដល់វីរៈកងទ័ពគ្រប់រូប ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីដងរែកមួយនេះ។

ការអភិសេកបដិមាលោកេស្វរៈ «រង្វង់មូលដៃ៨» នាថ្ងៃនេះ នឹងក្លាយជាកម្លាំងចលករថ្មីមួយក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅខេត្តឧត្តរមានជ័យកាន់តែច្រើនឡើង។ សមិទ្ធផលនេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទឹកដីភូមិភាគពាយព្យមួយនេះ កំពុងបោះជំហានទៅរកភាពរុងរឿងប្រកបដោយនិរន្តរភាព៕(ដោយឈឿន ប៊ុនឈី)


