ចោរអម្បុកអម្បែង  ធ្លាប់ជាប់គុកម្តងហើយមិនរៀងចាលចេញមកវិញនាំបក្សពួកដើរលួចមិនរើសមុខត្រូវបានសមត្ថកិច្ចបង្ក្រាបចាប់អនុវត្តតាមច្បាប់បន្ត

 

ឧត្តរមានជ័យ:នាពេលថ្មីៗនេះ  បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋជាបន្តបន្ទាប់មកថាមានចោរ១ក្រុមចេះតែដើរធ្វើសកម្មភាពលួចនៅតាមខ្នងផ្ទះអ្នកស្រុកបាត់របស់របរជាច្រើន  នេះបើយោងតាមរបាយការណ៏របស់សមត្ថកិច្ចជំនាញនៅថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២៥។

 

ជាក់ស្តែងដោយមានការចង្អុលបង្ហាញផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត  និងការដឹកនាំពី លោកវរសេនីយ៍ឯក ហម ភិរក្ស ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ  នៅអំឡុងយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥   កន្លងទៅនេះលោកវរសេនីយ៍ឯក ស៊ូ  នូវ  អធិការនគរបាលស្រុក  បានដឹកនាំកម្លាំងផែនការងារនគរបាលយុត្តិធម៌  និងកម្លាំងប៉ុស្តិ៍រដ្ឋបាលអន្លង់វែង    ចុះល្បាតពួនស្ទាក់ និងស្រាវជ្រាវឈានដល់ការបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរអម្បុកអម្បែង បន្តបន្ទាប់ចំនួន ៣នាក់  ដែលជាមុខសញ្ញាលួចកាត់ខ្សែភ្លើង លួចគាស់ផ្ទះ លួចយករបស់របរប្រជាពលរដ្ឋយ៉ាងសកម្មក្នុងភូមិសាស្រ្តទីរួមស្រុកអន្លង់វែង នាពេលកន្លងមក   និងដកហូតវត្ថុតាងខ្សែភ្លើងដុតយកលួសមួយចំនួន  ម៉ូតូម៉ាក់វ៉េវ ចាស់ ១ គ្រឿង  និងកង់ ១  ជាមធ្យោបាយជិះធ្វើសកម្មភាពកន្លងមក ដង្កាប់សម្រាប់កាត់ខ្សែភ្លើងចំនួន២  មានឈ្មោះដូចខាងក្រោម។/១ ឈ្មោះ ញ៉េន ហាន ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិប្រលាន ឃុំអន្លង់វែង ស្រុកអន្លង់វែង មុខរបរមិនពិតប្រាកដ  ជាមុខសញ្ញាដើររើសអេតចាយនៅពេលយប់។

២/ ឈ្មោះ ឡូញ ថាវរ៉ាត់ ( ហៅ រ៉ាតើ )  ភេទប្រុស អាយុ ៣៦ឆ្នាំ  ស្នាក់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង មុខរបរមិនពិតប្រាកដ  ជាមុខសញ្ញាដើររើសអេតចាយនៅពេលយប់។

៣/ ឈ្មោះ ចាន់ សុភី  ភេទប្រុស អាយុ  ៣២ឆ្នាំ   ស្នាក់នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង  ស្រុកអន្លង់វែង  មុខរបរមិនពិតប្រាកដ។

 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ  បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង លួចគាស់ផ្ទះ លួចយកចានឆ្នាំង និងលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នាពេលកន្លងមកពិតមែន   ដោយខ្សែភ្លើងខ្លួនយកទៅដុតយកលួស រួចយកទៅលក់រួមទាំងរបស់របរផ្សេងទៀតដែលពួកខ្លួនលួចបាន  ទៅឱ្យអ្នកដើរទិញអេតចាយ។

 

ឆ្លងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច  និងចម្លើយសារភាពរបស់ជនសង្ស័យឃើញថា  ក្រុមនេះជាមុខសញ្ញាប្រភេទចោរអម្បុកអម្បែងតែងតែធ្វើសកម្មភាពលួចយ៉ាងសកម្មមិនរើសមុខ ប៉ះអីយកហ្នឹង  ហើយកន្លងមកក៏ធ្លាប់បានបង្ក្រាបចាប់បញ្ជូនទៅដាក់ពន្ធនាគាររួចមកហើយដែរ   តែពេលចេញមកវិញបានតែមួយរយៈខ្លី ក៏ចាប់ផ្តើមធ្វើសកម្មភាពលួចសារជាថ្មីទៀតមិនរាងចាលឡើយ។

 

សម្ភារ:ដែលក្រុមជនសង្ស័យខាងលើនេះធ្លាប់លួចយកកន្លងមក រួមមាន ៖

១/ខ្សែភ្លើងខ្សែភ្លើងប្រហែលប្រវែង ៥៥០ ម៉ែត្រ។

២/ឆ្នាំងស្ងោរនំចំនួន ៣។

៣/ចានដែកចំនួន ៥។

៤/កាបូបសម្រាប់លក់ចំនួន ៣០ កាបូប ។

៥/កង្ហារ ចំនួន ២។

៦/អាគុយចំនួន  ៣ ។

៧/ក្បាល DTV ចំនួន១ ។

៨/អាំងម៉ូទ័រសម្រាប់បញ្ចូលអាគុយចំនួន១ ។

៩/ដងសន្ទូចសម្រាប់ស្ទូចត្រីចំនួន ១ឈុត។

១០/ចាន ឆ្នាំង កាំបិត កំប៉ុងស្រាបៀរ និងរបស់របរមួយចំនួនទៀត ។

 

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ និងវត្ថុតាងខាងលើ  សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត  ដើម្បីចាត់ការបន្តតាមនិតិវិធី។ ( ឈឿន ប៊ុនឈី )

Leave a Reply

Your email address will not be published. Required fields are marked *