ឧត្តរមានជ័យ:វិទ្យាល័យហ៊ុនសែនចុងកាល់ បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ ឯកឧត្ដម ស៉ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងសមាសភាពចូលរួមយ៉ាងច្រើនកុះករផងដែរ នាព្រឹកថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២៥នេះ។

ឯកឧត្ដម មាន ចាន់យ៉ាដា បានលើកឡើងថា “ការបើកបវេសនកាលនាពេលនេះ គឺជាការបើកនូវទំព័រថ្មីនៃការសិក្សារបស់សិស្សានុសិស្ស សំដៅលើការចាប់ផ្តើមឆ្នាំសិក្សាថ្មី ដែលនាំមកនូវឱកាស និងក្តីសង្ឃឹមថ្មីៗ ជាពិសេសដើម្បីដាស់ស្មារតីសិស្សានុសិស្ស ឲ្យយកចិត្តទុកដាក់ខ្ពស់ លើការសិក្សារបស់ខ្លួនគ្រប់ពេលវេលា។”
សម្រាប់ឆ្នាំសិក្សាថ្មី២០២៥នេះ ចំនួនសិស្សដែលជាបេក្ខជន ចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានចំនួនសរុប១៧៧២នាក់ ស្រី១០១៤នាក់។
ជាលទ្ធផល ចំនួនបេក្ខជនដែលប្រឡងជាប់ និទ្ទេសA ចំនួន១៤នាក់ ស្រី១០នាក់
និទ្ទេសB ចំនួន៨០នាក់ ស្រី៤១នាក់
និទ្ទេសC ចំនួន៣២៩នាក់ ស្រី២១៨នាក់
និទ្ទេសD ចំនួន៦៣៦នាក់ ស្រី៣៨៤នាក់
និងនិទ្ទេសE ចំនួន៤៨០នាក់ ស្រី២៥២នាក់។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងសន្ទរកថាគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការបន្តអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
ឯកឧត្ដមបណ្ឌិតសភាចារ្យ អំពាវនាវដល់លោកគ្រូអ្នកគ្រូទាំងអស់ បន្តបំពេញការងារដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបង្កើនការអប់រំទាំងចំណេះដឹង ចំណេះធ្វើ គុណធម៌ សីលធម៌ និងឥរិយាបថថ្លៃថ្នូរដល់ក្មួយៗសិស្សានុសិស្ស ព្រមទាំងជំរុញឲ្យសិស្សានុសិស្សខិតខំប្រឹងប្រែងក្រេបជញ្ជក់ចំណេះដឹង និងចំណេះធ្វើ ឆ្លើយតបទៅនឹងបាវចនា “រៀន រៀនឱ្យខ្លាំង រៀនឱ្យពូកែ” ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិផងដែរ៕( ដោយឈឿន ប៊ុនឈី)
