ព័ត៌មានសេដ្ឋកិច្ច

កសិករចិញ្ចឹមសត្វជ្រូកត្អូញត្អែរ ខណ:តម្លៃចេះតែធ្លាក់ចុះ ដោយមិនមានតម្លៃទីផ្សា១ច្បាស់លាស់

ខេត្តប៉ៃលិន ៖ ក្រោយពីសង្កេតឃើញតម្លៃទីផ្សារសត្វជ្រូករស់ បានធ្លាក់ចុះយ៉ាងខ្លាំងគួរឱ្យព្រួយ បារម្ភ ដែលធ្វើឱ្យកសិករម្នាក់ៗ ខាតថវិកាអស់១០ ទៅ២០លានរៀល ធ្វើឱ្យពួកគាត់គិតអ្វីមិនចេញ មានតែនាំគ្នាលើកដៃសំពះស្រែកអង្វរក. ដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសអភិបាលខេត្ត ខាងមន្ទីរកសិ កម្ម និងមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ជួយរកទីផ្សារជូនពួកគាត់ ដើម្បីឱ្យមានថវិកាសម្រាប់បន្តចិញ្ចឹមសត្វជ្រូកលក់យកថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃបន្ត ខណ:ដែលពួកគាត់ម្នាក់ៗ ស្ទើរតែបោះបង់ចោលមុខរបរមួយនេះ។ 

 

បើតាមការរៀបរាប់ពីស្រ្តីម្នាក់ ឈ្មោះ ចែច្រឹប អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិតាង៉ែនក្រោម ឃុំស្ទឹង កាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងថា ៖ គាត់បានចិញ្ចឹមសត្វជ្រូកអស់រយ:ពេលជាច្រើនឆ្នាំមកហើយ កន្លងមកកាក់កបមានជីវភាពគ្រាន់បើដែរ តែពេលនេះតម្លៃលក់ថយចុះទៅៗឈ្មួញទិញតម្លៃដដែលៗមិនឱ្យឡើងសោះ។ រីឯចំណីអាហារជ្រូកចេះតែលក់ឡើងថ្លៃរគុណគូរលេខអត្តទៅអត់ឃើញចំណេញចង់បោះបង់ចោលការចិញ្ចឹម លើមុខរបរមួយនេះ។

 

ស្រ្តីខាងលើបន្តថា នៅពេលនេះ គាត់បានចិញ្ចឹមជ្រូកជាង១០០ក្បាល ដោយទិញចំណីដាក់ឱ្យស៊ី។

ជ្រូកសាច់របស់គាត់ដល់ពេលត្រូវចាប់លក់ឱ្យឈ្មួញហើយ តែគេឱ្យតម្លៃ ទាបពេក ដោយពីមុនជ្រូករស់១គីឡូក្រាមអាចលក់បានតម្លៃចាប់ ១,០០០រៀល ទៅ១២,០០០រៀល។តែពេលនេះ ឈ្មួញបានបង្អាប់តម្លៃយ៉ាងខ្លាំង ដោយគេហ៊ានទិញត្រឹមតែ១គីឡូក្រាមតម្លៃ៧,២០០រៀល ទៅ៧,៣០០រៀលប៉ុណ្ណោះ ដែលធ្វើឱ្យគាត់ស្ទើរតែស្រែកយំម្តងៗ ដោយមិនអាចរកថវិកាសងជំពាក់ធនាគារបាននោះឡើយ។

គាត់និយាយបន្តទាំងអួលដើមក.ឱ្យដឹងថា បញ្ហាសាច់សត្វជ្រូករស់ធ្លាក់ថ្លៃ បែរជាចំណីសត្វជ្រូកតូចធំឡើងថ្លៃខ្ពស់ត្រដែត ដែលមិនសមតុល្យគ្នាទាល់តែសោះ ដោយចំណីជ្រូក១ការ៉ុង ឈ្មួញលក់តម្លៃ១២០,០០០រៀលឯណោះ ខណ:ពីមុន ចំណីសត្វជ្រូក១ការ៉ុង ឈ្មួញលក់ត្រឹមតែ១០៥,០០០រៀលប៉ុណ្ណោះ ដែលធ្វើឱ្យគាត់មិនអាច រកលុយសម្រាប់ទិញចំណីឱ្យជ្រូកស៊ីប្រចាំថ្ងៃបាននោះឡើយ មានតែលក់ចោលទាំងអស់បែរទៅប្រកបរបរអ្វីផ្សេងវិញ។ 

 

គាត់ក៏លើកដៃសំពះអង្វរទៅខាងអាជ្ញាធរខេត្តប៉ៃ លិន ជាពិសេសលោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត ឱ្យជួយរកទីផ្សារជូនពួកគាត់ផងដែរ។

ចំណែកស្រ្តីម្នាក់ទៀត ឈ្មោះ ចែអូន អាយុ៥១ឆ្នាំ រស់នៅក្នុងភូមិតាង៉ែនលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន បានឱ្យដឹងដែរថា ៖ គាត់បានចិញ្ចឹមសត្វជ្រូកប្រមាណ៩០ក្បាល អស់រយ:ពេល៧ឆ្នាំមកហើយ តែនៅពេលចុងក្រោយនេះ តម្លៃទីផ្សារសត្វជ្រូករបស់ខ្លួន ធ្លាក់ចុះគួរឱ្យកត់សម្គាល់ ខណ:តម្លៃសាច់ជ្រូកនៅទីផ្សារនៅដដែលឈ្មួញលក់១គីឡូក្រាមតម្លៃ២០,០០០រៀល រីឯឆ្អឹង១គីឡូក្រាម១៦,០០០រៀល បែរទៅមើលប្រេងសាំង ប្រេងម៉ាស៊ូត ឡើងថ្លៃខ្ពស់ខ្លាំង ដែលលំឱ្យមានការលំបាកគ្រប់ សព្វទាំងអស់។ 

 

ពាក់ព័ន្ធទៅនឹងបញ្ហានេះ លោក សាយ សុផាត ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ចំពោះបញ្ហាតម្លៃទីផ្សារសត្វជ្រូកធ្លាក់ចុះនេះ ខាងលោកមិនដឹងទេ បើចង់ដឹងច្បាស់ ឱ្យទាក់ទងសួរនាំទៅខាងមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិន ព្រោះគេទទួលរ៉ាប់រងផ្នែកទីផ្សារមួយនេះ។

បើតាមការឱ្យដឹងពីលោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្តប៉ៃលិនបានឱ្យដឹងដែរថា ៖ បើសិនជាតម្លៃទីផ្សារសត្វជ្រូកមានការធ្លាក់ចុះបែបនេះ នៅថ្ងៃស្អែកខាងលោកនឹងចាត់ឱ្យក្រុមការងារចុះទៅត្រួត ពិនិត្យមើល ដោយពេលខ្លះខាងឈ្មួញឆក់យកឱកាស ដើម្បីទៅទម្លាក់តម្លៃប្រជាពលរដ្ឋតាមភូមិ។

លោកឆ្លើយដោះសារទៀតថា ម្យ៉ាងវិញទៀត នៅខែនេះ ត្រីសំបូរ អត់សូវមានអ្នកហូបសាច់ជ្រូក ទើបបណ្តាលឱ្យតម្លៃទីផ្សារសត្វជ្រូកមានការធ្លាក់ចុះផងដែរ៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.