ព្រះសីហនុ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿងញៀនទ្រុងទ្រាយធំ ពោលគឺមួយភូមិ ដែលលក់ និងប្រើប្រាស់ថ្នាំញៀនដូចផ្សារលក់ត្រី នៅចំណុចក្រុម១១ ភូមិ០៣ សង្កាត់លេខ០៣ ក្រុង ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន មានករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅក្នុងភូមិខាងលើ ដូចផ្សារលក់ត្រីរួចមក ទើបនៅពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង ១៥:៣០នាទី លោក វរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យ ចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់នូវសារធាតុញៀន បានចុះបង្រ្កាបទីតាំងខាងលើ ឃាត់ខ្លួនមនុស្សបានចំនួន៧១នាក់ ដកហូតគ្រឿងញៀន ដូចជាម្សៅក្រាមពណ៌សថ្លាចំនួន៤៤ កញ្ចប់ ទម្ងន់៣៤ .៣៤ក្រាម, ខ្សែជក់០៣, ទូរសព្ទ៣១គ្រឿង, ម៉ូតូ២០គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ទាំង៧១នាក់ នឹងវត្ថុតាងកំពុងបន្តនីតិវិធីនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
មជ្ឈដ្ឋានទូទៅបានសាទរចំពោះសមត្ថកិច្ចដែលបានបង្រ្កាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនមានទ្រុងទ្រាយធំបែបនេះ។