ឧត្តរមានជ័យ:បងប្អូនដែលជាអាជីវករលក់ដូរ បន្លែត្រីសាច់ គ្រឿងឧបភោគ បរិភោគ សឹងតែគ្រប់គ្នាស្ថិតនៅក្នុងបរិវេណផ្សារស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យបានត្អូញត្អែរលក់ដូរមិនសូវដាច់ មានតែអ្នកលក់អត់មានអ្នកទិញបាត់មនុស្សម្នាទៅណាអស់ប្រមាណជាជិតពីរឆ្នាំចុងក្រោយ គិតត្រឹមថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៤នេះតែម្តង ។
បើតាមការលើកឡើងពីលោកស្រីផើងយិន អាយុ៦៦ឆ្នាំជាអាជីវករលក់ដូរខោអាវ ក្នុងផ្សារអន្លង់វែង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី១៨ខែធ្នូឆ្នាំ២០២៤ថា ជារៀងរាល់ថ្ងៃនេះគាត់លក់ដូរពុំសូវដាច់ដូចមុននោះទេមួយព្រឹកថ្ងៃត្រង់ មានអ្នកចូលទិញ ម្នាក់ទៅ២នាក់ប៉ុណ្ណោះ ពេលខ្លះ ពុំមានអ្នកមកកៅឆាយក៏មានដែរតែមិនដឹងធ្វើមិចចេះតែទ្រាំព្រោះមុខរបរលក់នៅតែផ្សារទៅហើយនោះ។ហើយជាក់ស្តែងការលក់ដូរក្នុងតូបរបស់គាត់សព្វថ្ងៃនេះមានជាច្រើនដូចជាខោអាវ កាបូប កន្ទេលមុងភួយ អង្រឹង ព្រមទាំងអីវ៉ាន់ ច្រើនផ្សេងទៀតហើយជាក់ស្ដែងការលក់ដូរស្ងាត់បែបនេះប្រមាណជាជិតពីរឆ្នាំចុងក្រោយ មកនេះ។
ដោយឡែកអាជីវករម្នាក់ទៀតលោកស្រី ខុមសៀងលី ជាអាជីវករលក់ត្រីបានរៀបរាប់ឲ្យដឹងថាការលក់ដូររបស់គាត់ក៏ពុំសូវដាច់ដូចតែគ្នាដែរ កាលពីមុនលក់ត្រីក្នុងមួយថ្ងៃគាត់រកបានចំណូលចាប់ពីប្រាំបីមុឺនដប់ម៉ឺនរៀលក្នុង១ថ្ងៃ ដោយឡែកសព្វថ្ងៃនេះលក់១ថ្ងៃរកតែប្រាំមុឺនរៀលសឹងតែមិនបានផង។
បើតាមការបញ្ជាក់ពី បងប្អូនអាជីវករផ្សេងទៀតក៏បានអះអាងយ៉ាងច្បាស់ថា មូលហេតុដែល ពួកគាត់លក់ដូរពុំសូវដាច់គឺដោយសារតែបងប្អូនប្រជាកសិករ ធ្វើស្រែចម្ការដូចជាដាំដំឡូងមីដំណាំស្រូវធ្វើបានផលហើយលក់បានថោក ហើយមួយវិញទៀតសម្រាប់អ្នកលក់ដូរក្នុងផ្សារស្រុកអន្លង់វែងដោយមើលឃើញជាក់ស្ដែង នេះជាក្នុងរដូវប្រមូលផលផងប្រសិនបើក្រៅរដូវប្រមូលផលរបរជាកសិករវិញកាន់តែពិបាកលក់និងស្ងាត់ជាងនេះថែមទៀត ។
សូមជម្រាបថា ចំពោះការលក់ដូរប្រចាំថ្ងៃនេះរបស់បងប្អូនអាជីវករទូទៅ ការលក់មិនសូវដាច់នេះផងដែរពុំមែនតែពួកគាត់នោះទេគឺសឹងតែ១ផ្សារទៅហើយ ដូចជា អ្នកលក់ដូរ បន្លែ ត្រីសាច់ អ្នកលក់មាស ខោអាវ គ្រឿងក្រអូប ចាប់ហួយ ផ្សេងៗជាដើម ហើយផ្សារក្នុងទីរួមស្រុកអន្លង់វែងនេះផងដែរមានបងប្អូនប្រជាពលរដ្ឋមកពីស្រុកស្រែចម្ការចាប់តែពី ព្រឹករហូតដល់ថ្ងៃត្រង់យ៉ាងយូរដល់ត្រឹមម៉ោងមួយរសៀលគឺមនុស្សម្នាស្ងាត់រលីងអស់ពីទីផ្សារហើយ។ (ដោយឈឿន ប៊ុនឈី)