ព័ត៌មានសន្តិសុខសង្គម

អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការ នគរបាលខេត្តព្រៃវែង ឃាត់ខ្លួនជនដៃដល់បញ្ជូនទៅតុលាការ

 

ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យស្នងការនគរបាលខេត្តព្រៃវែង ឃាត់ខ្លួនលោក ស៊ាង ប៊ុនណាល់ អធិការរងនគរបាលស្រុកបាភ្នំ និងបញ្ជូនសំណុំរឿងទៅតុលាការ វិនិច្ឆ័យតាមច្បាប់ករណីផ្ទុះអាវុធ បណ្តាលឲ្យ ប្រជាពលរដ្ឋម្នាក់ រងរបួសធ្ងន់ ក្នុងពេលចុះបង្ក្រាបល្បែងជល់មាន់ នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។

ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿនបានមានប្រសាសន៍ឱ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃទី១៨ ខែមេសា នេះថា “ទាក់ទងករណីនេះខ្ញុំបានណែនាំទៅស្នងការនគរបាល ខេត្តព្រៃវែង ទី១.ឲ្យយកមនុស្សនឹង មករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ផ្អាកការងារ ។ ទី២.បញ្ជូានឯកសារទាំងស្រុង ទៅតុលាការវិនិច្ឆ័យតាមច្បាប់។ ទី៣.ឲ្យស្នងការ សួរសុខទុក្ខ និងសុំទោសដល់ គ្រួសារ ព្រមទាំងដោះស្រាយជាគោលនយោបាយ សម្រាប់ព្យាបាល”។

អធិការរងស្រុកបាភ្នំ លោក ស៊ាង ប៊ុនណាល់ បានផ្ទុះអាវុធ ត្រូវប្រជាពលរដ្ឋម្នាក់ បណ្តាលឲ្យរងរបួសធ្ងន់ នៅពេលចុះបង្ក្រាបកន្លែងជល់មាន់ ស្ថិតនៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។

ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថាៈ ជនរងគ្រោះ ឈ្មោះ សាន វិច្ឆិកា ភេទប្រុស អាយុ ៣៦ ឆ្នាំ រស់នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ត្រូវគ្រាប់ ត្រង់ចង្កេះ បែកឆ្អឹងធ្លាយខួរឆ្អឹង ហើយផ្លាតក្បាលគ្រាប់ បៀមជាប់ថ្លើមជ្រៅ ទើបគ្រូពេទ្យ មិនអាចវះកាត់ យកក្បាលគ្រាប់ចេញបាន ហើយកំពុងសម្រាក ព្យាបាលនៅមន្ទីពេទ្យជោរី ភ្នំពេញ។

អ្នកស្រី សួន សារឿន ត្រូវជាម្តាយបង្កើតរបស់ជនរងគ្រោះ សូមឱ្យអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌ ដល់កូនប្រុសអ្នកស្រី ឈ្មោះ សាន វិច្ឆិកា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ម្តាយជនរងគ្រោះ បានរៀបរាប់ថាៈ “នៅថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៣ នគរបាលស្រុកបាភ្នំ បួននាក់ បានចុះចាប់អ្នកជល់មាន់ ស្ថិតនៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែងដោយលោកអធិការងម្នាក់ឈ្មោះ ស៊ាន ប៊ុនណាល់ អាយុ២៦ឆ្នាំ បានដកកាំភ្លើង បាញ់កូនប្រុសនាងខ្ញុំ ដែលអង្គុយលើម៉ូតូដែលលោកប៉ូលិស នៅក្បែរគាត់ ចំងាយប្រហែលមួយម៉ែត្រ ត្រូវចំចង្កេះខាង ក្រោយ ផ្នែកខាងឆ្វេង ធ្លុះឡើងទៅដល់គ្រាប់បៀមជាប់ថ្លើម ក្នុងខណ:ពេលដែល គាត់ បំរុងនឹងជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជោរី ភ្នំពេញ ដែលមានសភាពធ្ងន់ធ្ងរ។ ឥឡូវ កូនប្រុស និងក្រុមគ្រួសារ នាងខ្ញុំ កំពុងរង់ចាំការវះកាត់ នៅវេលាព្រឹកថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។ ស្ថានភាពគ្រួសារ (ភរិយាទើបសម្រាលកូនបាន ២៥ ថ្ងៃ) ហើយលោកវេជ្ជ បណ្ឌិត បានអះអាងថា​ ជនរងគ្រោះ ត្រូវប្រឈមមុខនឹងពិការភាព អស់មួយ ជីវិត។


ហេតុដូចនេះម្តាយជនរងគ្រោះសូមមេត្តាសម្តេចក្រឡាហោម ជួយរកយុត្តិធម៌ជូនដល់ គ្រួសារនាងខ្ញុំ ដោយអនុគ្រោះផងចុះ”៕ ប្រភពពី V / N

kdn

Leave a Reply

Your email address will not be published.