ខេត្តតាកែវ: ពិតជាសង្វេកខ្លាំងណាស់!ករណីម្ចាស់គ្លីនិកមួយកន្លែង ចាក់ថ្នាំខុសបណ្តាលឱ្យស្រ្តីម្នាក់ប្រតិកម្មស្លាប់ ហេីយគ្រូពេទ្យដឹកយកសពជនរងគ្រោះ និងក្មេងស្រីតូចម្នាក់ដែល មកជាមួយជនរងគ្រោះអាយុ៣ខួប យកមកផ្លុងចោល ចម្ងាយប្រមាណ៣គីឡូមែត្រ ពីផ្ទះជនរងគ្រោះ ហេតុការណ៍នេះ កេីតឡេីងនៅចំណុចភូមិម្រះព្រៅ កេីត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវហេតុការណ៍ កើតឡើងនៅថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ ២០២៤ ។
បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ម្ចាស់មន្ទីរពេទ្យឯកជន ឈ្មោះ ស៊ុន ម៉ារីណា ស្ត្រីជនរងគ្រោះឈ្មោះ ណាំ ចន្ធូ អាយុ ៤១ឆ្នាំ រស់នៅភូមិ ម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវនិងកុមារម្នាក់ទៀត អាយុ០៣ឆ្នាំមិនទាន់ស្គាល់អត្តសញ្ញាណ។
ចម្លើយស្ត្រីម្ចាស់គ្លីនិកអត់ច្បាប់នៅស្រុកបាទីកំពុងជួយដោះបន្ទុកបុរសជាប្ដីដើម្បីកុំឱ្យជាប់ពាក់ព័ន្ធសមត្ថកិច្ចកំពុងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត។
តាមចម្លើយសារភាព របស់ស្ត្រីជាម្ចាស់គ្លីនិកដែលបង្កឲ្យមានស្ត្រីម្នាក់ស្លាប់នោះបញ្ជាក់ថា អ្វីៗដែលគាត់ធ្វើមិនពាក់ព័ន្ធនឹងប្ដីនោះឡើយ។ ប៉ុន្តែមានចំណុចគួរឲ្យសង្ស័យជាច្រើន ដែលមិនលំបាកពេកទេសម្រាប់សមត្ថកិច្ចស៊ើបអង្កេតដើម្បីបញ្ជាក់ឲ្យច្បាស់ថាតើស្ត្រីម្ចាស់គ្លីនិកខាងលើនេះ ពិតជាបានប្រព្រឹត្តអំពើមនុស្សឃាតដោយអចេតនាតែម្នាក់ឯង ដោយគ្មានការឃុបឃិតនិងចូលរួមពីប្ដីមែនឬយ៉ាងណា? តើសពជន រងគ្រោះ ត្រូវយកចេញពីទីតាំងគ្លីនិកទៅបោះចោលនៅក្បែរគុមសង្កែនោះដោយរបៀបណា? សំណួរងាយៗជា ច្រើននឹងបង្ហាញថា តើករណីនេះមានការចូលរួមពីប្ដីដែរឬទេ ឬក៏មានជនពាក់ព័ន្ធផ្សេងទៀត?
ចម្លើយរបស់ឈ្មោះគ្រូពេទ្យឈ្មោះ ស៊ុន ម៉ារីណា ភេទស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំង ស្រុកបាទី ដែលទទួលខុសត្រូវតែម្នាក់ ឯងចំពោះករណីនៃការស្លាប់ស្ត្រីណាំ ចាន់ធូ អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំងបានឱ្យដឹងថា នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ឈ្មោះ ណាំ ចាន់ធូ បានមកពិនិត្យ និងពិគ្រោះជម្ងឺនៅបន្ទប់ពិគ្រោះជម្ងឺសុងហាក់ ម៉ារីណា នៅភូមិបឹងពញ្ញាគុក ឃុំត្រពាំងក្រសាំងដោយពិនិត្យឃើញអ្នកជម្ងឺឈឺ រលាកក្រពះ រលាកសួត ជម្ងឺហត់ចុកទ្រូង និងលើសឈាម។ បន្ទាប់មកឈ្មោះ ស៊ុន ម៉ារីណា បានប្រាប់ទៅអ្នកជម្ងឺព្យាបាលរយ:ពេល ០៥ថ្ងៃ ហើយឈ្មោះ ណាំ ចាន់ធូ សុំព្យាបាលរយ:ពេល ៣ថ្ងៃ ដោយចាប់ផ្ដើមព្យាបាលលើកទី០១ នៅថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើថ្នាំ វីតមីនសេ1g ស៊ីមេទីឌីន 200g សង់តាមីសីន 80mg។ ព្យាបាលលើកទី០២ នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល និងលើកទី៣ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រើប្រាស់ថ្នាំភិនភាគខាងលើដដែល ។
ម្វាស់គ្លីនិចដដែលនេះបន្តថា ខណៈនោះឈ្មោះ ណាំ ចាន់ធូ បានប្រតិកម្មជាមួយថ្នាំស្លាប់តែម្ដង។ ក្រោយឈ្មោះ ណាំ ចាន់ធូ ស្លាប់ ឈ្មោះ ស៊ុន ម៉ារីណា មិនបានប្រាប់ប្ដីទេ រហូតដល់វេលាម៉ោង ២១ ឈ្មោះ ស៊ុន ម៉ារីណា ក៏បានយកសពដាក់រថយន្តម៉ាក ហ្វតពីអេសតា ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2U-0700 របស់ខ្លួនយកសពទៅផ្លុងចោលនៅចំណុចភូមិម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ រួច ហើយក៏បន្តដំណើរទៅមើលឪពុកឈឺ នៅឯខេត្តតាកែវ រហូតដល់វេលាម៉ោង ២២ និង ៣០ នាទី ទើបត្រឡប់មកផ្ទះវិញ ពេលមកដល់ផ្ទះក៏មិនបាននិយាយរៀបរាប់ដំណើររឿងប្រាប់ប្ដីដែរដោយព្យាយាមលាក់ ។
តាមចម្លើយរបស់ស្ត្រីម្ចាស់គ្លីនិកខាងលើបានបញ្ជាក់ថាករណីស្លាប់និងការដឹកជញ្ជូនសពជនរងគ្រោះចេញពី ផ្ទះគឺមិនពាក់ព័ន្ធនឹងប្ដីនោះឡើយ។ សមត្ថកិច្ចទំនងជាមិនលំបាកនោះទេថា តើស្ត្រីខាងលើនេះពិតជាបានលី សែងសពស្ត្រីរងគ្រោះដាក់លើរថយន្ត ហើយយកសពទៅបោះចោលតែម្នាក់ឯងមែនឬទេ? វាជាអំពើព្រៃផ្សៃហួសហេតុដែលម្ចាស់គ្លីនិកខាងលើនេះ ថែមទាំងបានដាក់ថ្នាំងងុយដេកឲ្យកូនក្មេងអាយុ៣ឆ្នាំ ឱ្យគ្នាងងុយ ដេកអង្គុយសំកុកជាមួយសពម្ដាយមីង ក្បែរគុម្ពសង្កែនោះទៀត? តើក្នុងរាត្រីនោះ តើនាងខ្លោចផ្សារយ៉ាងណានៅពេលដែលអង្គុយសំកុកជាមួយសពម្ដាយមីង? តើស្ត្រីជាគ្រូពេទ្យខាងលើនេះមានបេះដូងដែរឬទេ?
ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ឯណេះវិញ មជ្ឈដ្ឋានជាច្រើនបានលើកឡើងថា គ្លីនិកដែលមានទីតាំងស្ថិតនៅលើផ្លូវជាតិលេខ២ នៅទីប្រជុំជនសាលា ស្រុកបាទី បែរជាដំណើរការទៅបានដោយរលូនទាំងគ្មានច្បាប់ទម្លាប់? ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវពិតជាមិនដែលធ្វើដំណើរឆ្លងកាត់ស្រុកបាទី? ហើយមិនដែលឃើញទីតាំងគ្លីនិកលើកផ្លាកធំៗអត់ច្បាប់នេះទេឬ? គ្លីនិកអត់ច្បាប់មួយបើកដំណើរការអស់រយៈពេលជាង៣ឆ្នាំមកហើយ គ្មានសមត្ថកិច្ចជំនាញដែលខ្វល់ខ្វាយអ្វីឡើយ!
បច្ចុប្បន្នជនសង្ស័យជាម្ចាស់គ្លីនិចទាំងពីរនាក់ប្តីប្រពន្ធត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីសួរនាំចាត់ការបន្តតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ក្រោយការឃាត់ខ្លួនម្ចាស់គ្លីនិចអត់ច្បាប់មន្ទីរសុខាភិបាលខេត្តតាកែវ ចេញបំភ្លឺព័ត៌មានពាក់ព័ន្ធករណីស្លាប់ស្ត្រីឈ្មោះ ណាំ ចន្ធូ ដោយការផ្តល់សេវាសុខាភិបាលឯកជនឥតច្បាប់ ឈ្មោះ សុងហាក់ ម៉ារីណា។មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងថា ក្រោយបានទទួលព័ត៌មាននៃការស្លាប់របស់ស្ត្រីឈ្មោះ ណាំ ចន្ធូ ភេទស្រី អាយុ ៤១ឆ្នាំ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ បានចាត់តាំងមន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវ និងចាត់វិធានការភ្លាមជាបន្ទាន់ ដោយរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច៖
១. បញ្ឈប់ដំណើរការទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់ឈ្មោះសុងហាក់ ម៉ារីណា ដោយមិនឱ្យមានសកម្មភាពជាដាច់ខាត
២. អាជ្ញាធរមានសមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ទីតាំងផ្តល់សេវាសុខាភិបាលឥតច្បាប់នោះ ដើម្បីសាកសួរនិងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន
៣. មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ រួមជាមួយគណៈគ្រូពេទ្យ និងក្រុមការងារអធិការកិច្ចក្រសួងសុខាភិបាល ធ្វើការស្រាវជ្រាវ និងចាត់វិធានការចំពោះជនបង្ករតាមផ្លូវច្បាប់យ៉ាងម៉ឹងម៉ាត់បំផុត។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ ក្នុងនាមរដ្ឋបាលខេត្តតាកែវ សូមប្ដេជ្ញាចិត្តចំពោះមុខក្រសួងសុខាភិបាល បន្តខិតខំចុះពិនិត្យរាល់សកម្មភាពលើសេវាសុខាភិបាលឯកជនឥតច្បាប់ និងចាត់វិធានការយ៉ាង តឹងរ៉ឹងបំផុត ចំពោះជនបង្ករ ដើម្បីការពារសុខភាពសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ និងសោកស្តាយបំផុត ជាមួយក្រុមគ្រួសារសព និងសូមវិញ្ញាណក្ខន្ធនៃសពបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕