ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ម្ចាស់ដីប្តឹងទៅតុលាការដើម្បីវែករកមុខមេខ្យល់បំផុសឲ្យជនជាតិភាគតិច៨គ្រួសារចូលទន្ទ្រានយកដីរបស់ខ្លួន

មណ្ឌលគិរី ៖ ម្ចាស់ដីបានកើតទុក្ខមិនសុខចិត្តដោយសារខ្លួនបានទិញដីស្របច្បាប់ ពីប្រជាពលរដ្ឋនិងមាន ទាំងលិខិតស្នាមទិញ-លក់ ផ្ទេរសិទ្ធិ និងទទួលស្គាល់ពីមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ ផងនោះ តាំងពីកំឡុងឆ្នាំ២០១៨។ស្រាប់តែពេលថ្មីៗនេះមានប្រជាពលរដ្ឋជាជនជាតិភាគតិចព្នងចំនួន០៨គ្រួសារបានចូលទៅ ទន្ទ្រានកាន់កាប់រស់នៅ ដាំបង្គោល បោះតង់ លើដីរបស់ខ្លួនយ៉ាង គគ្លើន ដោយគ្មានញញើតច្បាប់ តាមការ
ញ៉ុះញុងរបស់មេខ្យល់ ទោះបីអាជ្ញាធរមូលដ្ឋាន និង ម្ចាស់ដីធ្វើការហាមឃាត់ និងស្នើសុំឱ្យផ្អាកដើម្បីបង្ហាញឯកសារ ក៏ពួកគេនៅតែមិនព្រមបញ្ឈប់សកម្មភាពទាំងនោះដែរ ។

ម្ចាស់ដីបានទទូចស្នើសុំដល់អាជ្ញាធរស្រុក-ខេត្ត ព្រមទាំងសមត្ថកិច្ចមេត្តាចាត់វិធានការតាមផ្លូវច្បាប់ទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ដើម្បីកុំឱ្យភាពអនាធិបតេយ្យនេះបន្តរីករាលដាលកាន់តែធំយ៉ាងណាក្តី តែក៏នៅមិនមានប្រសិទ្ធភាពទើបម្ចាស់ដីសម្រេចចិត្តប្តឹងទៅតុលាការតែម្តង។

លោកឧកញ៉ា ស្រី ចន្ធូ ជាម្ចាស់ដីបានបញ្ជាក់ថា ខ្លួនបានទិញនិងគ្រប់គ្រងដីពីប្រជាពលរដ្ឋ នៅក្នុងភូមិពូទ្រូលើ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរីតាំងពីអំឡុងឆ្នាំ២០១៨ មកម៉្លេះមានទំហំដីចំនួន៤២ហិកតា ដោយ
មានឯកសារទិញ-លក់ លិខិតផ្ទេរសិទ្ធិ និងទទួលស្គាល់ពីអាជ្ញាធរភូមិ-ឃុំ ស្រុក ហើយថែមទាំងបានចុះបញ្ជីរជាលក្ខណៈប្រព័ន្ធ ដោយជំនាញសុរិយោដីព្រមទាំងចេញចុងសន្លឹកឱ្យរង់ចាំតែទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុតែប៉ុណ្ណោះ។ ដើម្បីធ្វើការអភិវឌ្ឍវិនិយោគដីលើវិស័យអប់រំ និងកសិកម្ម៖ សាងសង់បណ្តុំស្ថានីយ៏បង្កាត់ពូជសត្វ បន្លែ ផ្លែឈើ និងរុក្ខជាតិផ្សេងៗ និងវិនិយោគលើវិស័យកសិ-ទេសចរណ៍ ( ផ្សារកសិផលខេត្តមណ្ឌលគីរី) ព្រមទាំងវិនិយោគលើវិស័យកីឡា រួមទាំងលំនៅដ្ឋានអ្នកចូលនិវត្តន៍ ( ទេចរណ៍វ័យចំណាស់ ) ដែលគម្រោងទាំងនេះ ត្រូវបានឯកភាពដោយរដ្ឋបាលខេត្តមានការចុះហត្ថលេខាពីឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្ត កាលពីឆ្នាំ២០២០កន្លងទៅថែមទៀតផង។

លោកឧកញ៉ា ស្រី ចន្ធូ បានបន្ថែមទៀតថា ចាប់តាំងពីធ្វើការប្រមូលទិញ រហូតដល់ដំណាក់កាលធ្វើប្លង់ជាប្រព័ន្ធមិនដែលមាន ការតវ៉ាអ្វីឡើយ ប៉ុន្តែស្រាប់តែថ្មីៗកន្លងទៅនេះ មានពលរដ្ឋ១គ្រួសារធ្វើការជំទាស់ និងកើនគ្នាឡើងរហូតដល់៨គ្រួសារ ដោយមានទាំងអ្នកដែលបានលក់ដីឱ្យរូបលោកផងដែរ កែនគ្នាចូល ទៅទន្ទ្រានបោះបង្គោល បោះតង់ កាន់កាប់ដីរបស់លោកទាំងបំពានច្បាប់ទៅវិញ ធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍ និងទ្រព្យសម្បត្តិអ្នកដ៏ទៃ និងធ្វើការគម្រាមកំហែងមកលើរូបលោកជាម្ចាស់ដីស្របច្បាប់ថែមទៀតផង។ដូច្នេះលោកសូមប្តឹងទៅតុលាការមេត្តាជួយស្រាវជ្រាវស្វែងរកមុខមេខ្យល់ដែលនៅពីក្រោយខ្នង បំផុសឱ្យពលរដ្ឋទាំង៨គ្រួសារចូលមកកាន់កាប់លើដីរបស់លោកទាំងបំពាន ដើម្បីចាត់ការតាមផ្លូវច្បាប់ផង។

លោកសៀក មុន្នី អភិបាលស្រុកអូររាំង បានបញ្ជាក់ឲ្យដឹងថា ការពិតទីតាំងដីដែលកំពុង មានវិវាទ គឺប្រជាពលរដ្ឋជនជាតិភាគតិចបានលក់មកឲ្យលោកឧកញ៉ា ស្រី ចន្ធូ ម្ដងរួចមកហើយ ប៉ុន្តែក្រោយមកសាច់ញាតិរបស់អ្នកលក់ដីទាំងនោះ បានចេញមកអះអាងថាជាដីរបស់ពួកគេទៅវិញ។ លោកបន្តថា នៅពេលកើតរឿងបែបនេះអាជ្ញាធរស្រុកបានចេញមកដោះស្រាយ និងសង សំណងជូនពលរដ្ឋដែលអះអាងថាជាម្ចាស់ដីដែរនោះ ក្នុង១ហិកតា៥,០០០ដុល្លារ
(កន្លែងដីមាន ដំណាំជាក់ស្ដែង) ហើយកន្លែងដីអត់មានដំណាំជូនពួកគាត់១ហិកតា៣,០០០ដុល្លារ ពួកគេបាន ទទួលយកប្រាក់គ្រប់គ្នាទាំងអស់ លើកលែងតែគ្រួសារ១ប៉ុណ្ណោះមិនព្រមទទួល ព្រោះគេចង់លក់ដីឲ្យ អ្នកផ្សេងក្រោយមកគេបានប្រមូលគ្នីគ្នាមកបន្ថែម ឲ្យមានចំនួនមនុស្សច្រើនដើម្បី ធ្វើការតវ៉ាម្ដងទៀត។

ប្រជាពលរដ្ឋទាំង៨គ្រួសារដែលជាជនជាតិភាគតិចព្នង រស់នៅភូមិពូទ្រូលើ ឃុំសែន មនោរម្យ ស្រុកអូររាំងបានឲ្យដឹងថា ដីដែលកំពុងមានបញ្ហាចំនួន៤២ហិកតា នេះពួកគាត់ បានធ្វើស្រែចំការអាស្រ័យផលនៅតាមមាត់អូរ និងឃ្វៀលគោក្របីនៅកន្លែងនេះតាំងពីឆ្នាំ១៩៩៧ រហូត ដល់ពេលនេះ ហើយមូលហេតុដែលពួកគាត់ដឹងថា ដីទាំងនេះត្រូវឧកញ៉ា ស្រី ចន្ធូ ធ្វើប្លង់ រឹងយក គឺនៅពេលពួកគាត់ចង់លក់ដីទាំងនេះ និងចង់ធ្វើប្លង់ផ្ទេរកម្មសិទ្ធិ តែមិនអាចធ្វើបាន ដោយមន្ត្រីសូរិយោដីបានប្រាប់ក្នុងប្រព័ន្ធទិន្នន័យថាដីទាំងនេះសុទ្ធតែជាដីរបស់លោកឧកញ៉ាស្រីចន្ធូ ទៅវិញ ទើបពួកគាត់កើតទុក្ខមិនសុខចិត្តនាំគ្នាចូលទៅរស់នៅតែម្តង។

ពាក់ព័ន្ធហ្នឹងករណីវិវាទនេះ មតិសាធារណៈជនបានងឿងឆ្ងល់ និងលើកជាសំណួរថា ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ គឺធ្វើឡើងជាសារធារណៈ មានច្រើនដំណាក់កាលមានទាំងដំណាក់កាលចុះវាស់វែង បិទផ្សាយទិន្នន័យក្បាលដីដើម្បីឱ្យភាគីពាក់ព័ន្ធមកពិនិត្យ និងធ្វើការកែតម្រូវ ក៏ដូចជាការតវ៉ា ផ្សេងៗ ចុះហេតុអ្វីបានជា មិនធ្វើតវ៉ាក្នុងដំណាក់កាល ដែលធ្វើការបិទផ្សាយទិន្នន័យ បែរជាទើបមកនាំគ្នាតវ៉ាចូលទៅកាប់កាប់ដីរបស់គេដោយខុសច្បាប់ ខណៈម្ចាស់រង់ចាំតែបណ្ណកម្មសិទ្ធិចេញទៅហើយនោះទៅវិញ? តិចលោមានមេខ្យល់ទុច្ចរិតនៅពីក្រោយខ្នងជាអ្នកញុះញុង ព្រោះចង់បានដីនោះមែនទេដឹង? ដូច្នេះមានតែតុលាការទេ ទើបមានសមត្ថកិច្ចក្នុងការស្រាវជ្រាវ វែកមុខរកអ្នកអុជអាល យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីកុំឱ្យភាពអនាធិបតេយ្យ ទន្ទ្រាន កាន់កាប់ដីរបស់អ្នកដ៏ទៃ កើតមានឡើងក្នុងសង្គមបន្តទៀត។

kdn

Leave a Reply

Your email address will not be published.