ព័ត៌មានសន្តិសុខសង្គម

កសិករដាំចេកណាំវ៉ា (ចេកស) ជាង១០០០គុម្ព នៅលើដីចម្ការចំនួន៤,៥ហិកតា ដើម្បីលក់ផ្គត់ផ្គង់ជីវភាព

ខេត្តប៉ៃលិន ៖ ក្រៅពីដំណាំពោតក្រហម ដំឡូងមី និងដំណាំហូបផ្លែផ្សេងៗ ទៀត ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន មួយចំនួន បានចាប់ផ្តើមដាំ ដំណាំចេកណាំវ៉ា (ចេកស) នៅលើដីរបស់ខ្លួន ដើម្បីប្រមូលផលលក់ឱ្យឈ្មួញ សម្រាប់យកថវិកាផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។
ជាក់ស្តែងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ មានកសិករម្នាក់ ឈ្មោះ ហៀន ហន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានរៀបរាប់ឱ្យភ្នាក់ងារយើងដឹងថា ៖ លោកបានដាំ ដំណាំចេកណាំវ៉ា (ចេកស) ចំនួន១៣០០គុម្ព នៅលើដីចម្ការចំនួន៤,៥ហិកតា។ លោកបន្តទៀតថា ចេកណាំវ៉ានេះចាប់ផ្តើមដាំបានរយ:ពេលជិត១ឆ្នាំមកហើយ ក៏បានប្រមូលផល២ទៅ៣សារដែរ ដោយហាងឆេងផ្លែចេកបច្ចុប្បន្ន គឺងាយស្រួលក្នុងការលក់ដូរ ខណ:មានម៉ូយបើកបររថយន្តមកពីតាមបណ្តានានា ដូចជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងខេត្តសៀមរាបជាដើម ចូលមកទិញកាប់ស្ទងចេកដល់ចម្ការខ្លួនឯងតែម្តង។ ចំពោះការលក់ដូរ ផ្លែចេកនេះ គឺ១ស្និត ឈ្មួញទិញក្នុងតម្លៃ១០០០ ទៅ១១០០រៀល ដោយ១ខែ ប្រមូលផលម្តង ពោលគឺតាំងពីដាំរហូតមកដល់ពេលនេះ ប្រមូលផលបានជិត១០០០ស្និតហើយ។
លោកបញ្ជាក់ថា តែនៅរដូវប្រាំងឆ្នាំ២០២១ មានការងាប់ដើមចេកអស់ជាច្រើន ដោយសារតែរាំងភ្លៀងអស់រយ:ពេលយូរ អត់ទាន់មានប្រព័ន្ធទុយោទឹកបូមស្រោចតាមគុម្ពចេកនីមួយៗ តែក៏បានដាំជួសឡើងវិញពេញផ្ទៃដីអស់ហើយ និងដាំដើមដំឡូងមីនៅចន្លោះដើមគុម្ពចេកផងដែរ។ តែចាប់ពីឆ្នាំក្រោយទៅ មិនអាចដាំដំណាំផ្សេងទៀតបានឡើយ ព្រោះដំណាំចេក បានបែកគុម្ពរីកជិតចម្ការអស់ដែរ។ ទោះបីជាយ៉ាងណា ការថែទាំចេកណាំវ៉ានេះ មិនសូវមានការលំបាកខ្លាំងដូចដំណាំផ្សេងនោះទេ ដោយការពារកុំឱ្យមានករណីភ្លើងឆេះព្រៃ និងក្រាស៊ីដើមជាការស្រេច៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.