ឧត្តរមានជ័យ:គេសង្កេតឃើញថាប្រជាកសិកររស់នៅតាមសហគមន៏បន្ទាប់ពីធ្វើស្រែចំការរួចមក អ្នកភូមិ ជាច្រើនគ្រួសារតែងតែបាននាំគ្នា ប្រើបច្ចេកវិទ្យាថ្មីដោយកាប់ដើមដំឡូងមីដាក់តាមស្រែស្រះ បឹងបូរ ត្រពាំង ដើម្បីធ្វើជាអន្ទាក់ឲ្យហ្វូងសត្វខ្យងស៊ី ខាំជាប់ទៅនឹងដើមដំឡូងមី បានជាច្រើនគីឡូក្រាមក្នុងមួយថ្ងៃៗ ចាប់ពី២០ទៅ៣០គីឡូដើម្បីយកទៅលក់នៅលើទីផ្សារប្រចាំថ្ងៃមិនដែលដាច់។
ចំពោះទីតាំងភូមិសាស្ត្រដែលបងប្អូន ប្រជាពលរដ្ឋកាប់ដើមដំឡូងមី យកទៅដោតនៅតាមវាលស្រែរបស់ពួកគាត់ គឺស្ថិតនៅក្នុងភូមិក្រសាំង សង្កាត់បុសស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
អ្នកស្រី ឆូយ សឿត មានវ័យ ៣៥ឆ្នាំរស់នៅភូមិឃុំខាងលើ បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០២៤ថា មូលហេតុដែលពួកគាត់ កាប់ដើមដំឡូងមីកែច្នៃយកទៅដាក់ឲ្យខ្យងស៊ីនៅតាមស្រះបឹងត្រពាំងនេះ ដោយសារតែឃើញបងប្អូនអ្នកភូមិជាច្រើនគ្រួសារ គេនាំគ្នាកាប់ដើមដំឡូងមី ដាក់ជាអន្ទាក់ទាក់យកសត្វខ្យងបានជាបន្តបន្ទាប់ ដឹកយកទៅលក់នៅទីផ្សារជារៀងរាល់ព្រឹក ដូច្នេះពួកគាត់ក៏ធ្វើតាមគេតាមឯង ដោយនាំកូនចៅកាប់ដើមដំឡូងមីដាក់ឲ្យខ្យងស៊ី ហើយជាក់ស្តែងក្នុងមួយព្រឹកៗរកសត្វខ្យងបាន ប្រមាណជាម្ភៃឬសាមសិបគីឡូក្រាម។
១អ្នកស្រីបានអះអាងបន្តថា ចំពោះសត្វខ្យងខណ:នៅពេលគាត់រកបានពីការកែច្នៃ កាប់ដើមដំឡូងមីធ្វើឡើងតាមបច្ចេកទេសថ្មីចេះតៗគ្នាតាមលក្ខណៈគ្រួសារនេះផងដែរបើកាលណារកបានច្រើនគឺ ដឹកតាមម៉ូតូយកទៅលក់នៅផ្សារក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅពេលខ្លះក៏មានម៉ូយដើរមករកទិញនៅតាមផ្ទះលក់បានមួយគីឡូចាប់ពីបីពាន់រៀលឡើងទៅដោយឡែក ខ្យងដែលធំល្អអាចលក់ថ្លៃបានជាងនេះតែបច្ចុប្បន្ននេះដោយសារភ្លៀងរាំងយូរខែពេកទើបតែមានទឹកសត្វខ្យងដែលគាត់រកប្រចាំថ្ងៃមិនសូវបានធំនោះទេភាគច្រើនសុទ្ធតែតូចៗ។
សូមជម្រាបផងដែរថា បើយោងទៅតាមការរៀបរាប់ពីបងប្អូនអ្នកភូមិនិយាយតៗគ្នាបន្ថែមថា ការចេះកែច្នៃបច្ចេកទេសដោយយកដើមដំឡូងមីកាប់ចិញ្ច្រាំហើយដាក់ឲ្យសត្វខ្យងវាខាំឬក៏ស៊ីដើម្បីទាក់យកពពួកសត្វខ្យងនោះគឺពួកគាត់ធ្វើជាលក្ខណៈគ្រួសារហើយនឹងដាក់តាមតែវាលស្រែនិងបឹងត្រពាំង ក្នុងភូមិឃុំសហគមន៍ តែប៉ុណ្ណោះចំណែកការប្រើឧបករល្មើសច្បាប់វិញគឺពួកគាត់មិនប្រព្រឹត្តជាដាច់ខាត។
ទាក់ទងនឹងបញ្ហាប្រជាពលរដ្ឋកាប់ដើមដំឡូងមីដាក់ត្រាំក្នុងទឹកស្រះត្រពាំងបឹងបួននេះដើម្បីចាប់សត្វខ្យងអ្នកយកព័ត៌មានយើងមិនអាចសុំការទំនាក់ទំនងពីអាជ្ញាធរមូលដ្ឋានភូមិឃុំបាននៅឡើយទេអ្នកសារព័ត៌មានយើងនិងព្យាយាមសួរនាំពួកគាត់ដើម្បីដឹងពីចំនួនប្រជាពលរដ្ឋដែលពួកគាត់ប្រើបច្ចេកទេសថ្មីដើម្បីចាប់ខ្យងរកប្រាក់ចំណូលដោះស្រាយជីវភាពនេះចុះផ្សាយនៅលេខបន្ត។ (ដោយឈឿន ប៊ុនឈី )