ព័ត៌មានសេដ្ឋកិច្ច

ប្រជាពលរដ្ឋនាំគ្នាចុះស្ទឹងផ្សងសំណាង ជីកដីរែងរកកំទេចរ៉ែត្បូង ក្រោយពេលភ្លៀងធំ១មេ នៅក្នុងក្រុងប៉ៃលិន

 

ខេត្តប៉ៃលិន ៖ប្រជាពលរដ្ឋ ក្មេងចាស់នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះបាននាំគ្នាចុះទៅក្នុងស្ទឹងបយ៉ាខា ដោយម្នាក់ៗ ភ្ជាប់មកជាមួយ នូវកញ្ច្រែង ដែកស្បែង បាយកញ្ច ប់ ម្ហូបអាហារនំចំណី នាំគ្នាទៅជីកកកាយកំទេចដីក្នុងបាតស្ទឹង ដើម្បីផ្សងសំណាង រែងរករ៉ែត្បូងដ៏មានតម្លៃ ខណ:ដែលពួកគាត់មួយចំនួន សម្រាកពីការងារស្រែចំការ អ្នកខ្លះ អត់មានអ្វីធ្វើ។

លោកអ៊ឹម អោ អាយុ៦៨ឆ្នាំ រស់នៅក្នុងភូមិបតាំង ស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងថា ៖ ក្រោយសម្រាកពីការកាត់ស្មៅនៅក្នុងចំការពោត និងដំឡូងមីរបស់ខ្លួន គាត់បានទាញយកដែកស្បែង និងកញ្ច្រែង ចុះទៅក្នុងស្ទឹងបយ៉ាខា ដើម្បីជីកកកាយកំទេចដីថ្ម រែងរករ៉ែត្បូង សម្រាប់យកទៅលក់ផ្គត់ផ្គត់ជីវភាពប្រចាំថ្ងៃ។ គាត់បន្តទៀតថា ត្បូងនៅក្នុងស្ទឹងមិនទាន់អស់ទាំងស្រុងនៅឡើយទេ គ្រាន់តែខ្សត់ខ្សោយជាងមុន ហើយការស្វែងរកកំទេចរ៉ែត្បូងនេះពិតជាមានការផ្សងព្រេង និងមានការអត់ធ្មត់បំផុត ទើបអាចរករ៉ែត្បូង ដែលកប់នៅក្នុងជំរៅបាតស្ទឹងឃើញ។ លោកបានបញ្ជាក់ទៀតថា ក្រោយពេលមេឃបង្អុរភ្លៀងកក់ខែ ១មេធំ លុះព្រឹកឡើងគាត់ក៏នាំអ្នកជិតខាង ចុះទៅក្នុងស្ទឹងរែងរករ៉ែត្បូងតែម្តង។ នៅពេលនេះ មិនទាន់រកឃើញរ៉ែត្បូងណាល្អនៅឡើយទេ ខណ:ពេលដែល កាលពី១អាទិត្យមុន គាត់បានរែងប៉ះកំទេចរ៉ែត្បូងទទឹម១គ្រាប់ លក់ឱ្យឈ្មួញបានប្រាក់១០០ដុល្លារ និងរកឃើញរ៉ែត្បូងជាបន្តបន្ទាប់ពេលខ្លះ លក់បាន១៥០ដុល្លារផងដែរ។
ចំណែកបុរសចំណាស់ម្នាក់ ឈ្មោះ សៅ អាយុ៧៤ឆ្នាំ រស់នៅក្នុងភូមិបឹងព្រលិត ឃុំស្ទឹងកាច់ ស្រុសាលាក្រៅ ខេត្តប៉ៃលិន បានឱ្យដឹងដែរថា ៖ គាត់គឺជាជើងចាស់ក្នុងការរែងរករ៉ែត្បូង អស់រយ:ពេលជាយូរឆ្នាំមកហើយ ដោយមុខរបរមួយនេះ មិនងាយស្រួល ក៏មិនលំបាកប៉ុន្មានដែរ បើសិនជាខិតខំប្រឺងប្រែងចុះទឹកស្ទឹងរែងរាវរកកំទេចរ៉ែត្បូងយូរៗ ទៅ អាចនឹងជួបខ្លះៗហើយ ទោះបីជាតូច ឬធំ គឺអាចនឹងប៉ះជាក់ជាមិនខាន ឱ្យតែមានការព្យាយាម និងតស៊ូវក្នុងការត្រាំទឹកស្ទឹង។


ពួកគាត់ក៏រៀបរាប់ឱ្យដឹងដូចៗ គ្នាដែរថា ចាប់តាំងពីព្រឹករហូតដល់ពេលល្ងាច ទើបត្រឡប់ទៅផ្ទះវិញ ដោយសារតែពួកគាត់បានដាំបាយវេចខ្ចប់ ដោយស្លឹកចេក មានប្រហុកកប់ ត្រីងៀតចៀន សាច់ជ្រូក បុកម្ជូរស្វាយខ្ចី នាំគ្នាហូបនៅក្បែរមាត់ទឹក ពេលសម្រាកអាហារថ្ងៃត្រង់។ ក្រោយពេលទទួលបានមួយសន្ទុះរួច សម្រាកបន្តិច ក៏បន្តនាំគ្នាចុះទៅក្នុងទឹកស្ទឹង ជីកកកាយដីរែងរករ៉ែត្បូង រហូតដល់ពេលល្ងាច ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ ដោយថ្ងៃខ្លះ ក៏បានកំទេចរ៉ែត្បូងលក់ តែថ្ងៃខ្លះទៀត អត់បានអ្វីបន្តិចទាល់តែសោះ៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.