ព័ត៌មានសន្តិសុខសង្គម

សម្រេចបញ្ជូនជនសង្ស័យញៀនថ្នាំម្នាក់ ទៅតុលាការខេត្ត ខណ:ខឹងម្តាយស្តីបន្ទោសដុតផ្ទះឆេះខ្ទេចខ្ទី

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃ២០ ខែមករា ឆ្នាំ២០២២ មន្ត្រីនគរបាលជំនាញក្រុងប៉ៃលិន
បានធ្វើការបញ្ជូនបុរសជនសង្ស័យញៀនថ្នាំម្នាក់ ទៅតុលាការខេត្ត ក្នុងករណីប្រើប្រាស់ថ្នាំញៀនរហូតដល់កម្រិត (ជិតបែកថ្នាំ) ខណ:ខឹងនឹងម្ដាយបង្កើតស្ដីបន្ទោសបន្តិចបន្តួច ក៏យកភ្លើងទៅដុតផ្ទះរបស់ខ្លួនឆេះខ្ទេចអស់រលីង ស្ទើរតែរត់ចេញពីផ្ទះមិនទាន់ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងយប់ ទើបអ្នកជិតខាងប្តឹងឱ្យនគរបាលយករថយន្តពន្លត់អគ្គីភ័យទៅជួយអន្តរាគមន៍ភ្លាមៗ។
សូមបញ្ជាក់ថា ៖ កូនប្រុសញៀនថ្នាំយកភ្លើងដុតផ្ទះខ្លួនឯង បណ្តាលឱ្យឆេះរត់ចែកជើងគ្នានេះ បានកើតឡើង កាលពីវេលាម៉ោងប្រហែល១០ និង១០នាទី ថ្ងៃទី១៧ខែ មករា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ៖ ម្ចាស់ផ្ទះមាន ឈ្មោះ ថាន ឃាន ភេទស្រី អាយុ៥៤ឆ្នាំ ជាស្រ្តីមេម៉ាយ។ ចំណែកជនសង្ស័យជាកូនប្រុស ញៀនថ្នាំបង្កហេតុ មានឈ្មោះ ឈួន ឆែប ភេទប្រុស អាយុ៣១ឆ្នាំរស់នៅក្នុងភូមិ សង្កាត់ កើតហេតុខាងលើ។ ប្រភពបន្តទៀតថា មុនពេលកើតហេតុ ម្តាយបានណែនាំកូនប្រុសរបស់ខ្លួនឱ្យឈប់ដើរលេង និងសេពគប់ជាមួយមិត្តភក្តិមិនល្អ ថែមទាំងណែនាំឱ្យឈប់បន្តប្រើប្រាស់គ្រឿងញៀន លុះស្តីបន្ទោសចុះឡើងៗ បណ្តាលឱ្យកូនប្រុសរូបនេះខឹង ក៏រត់ទៅទាញយកដែកភ្លើងពីក្នុងផ្ទះ លួចដុត ខណ:ពេលដែលម្តាយកំពុងតែដេកលង់លក់ បង្កជាអណ្តាតភ្លើងសន្ធោរសន្ធៅផ្អើលដល់អ្នកភូមិស្រែកហៅម្ចាស់ផ្ទះ ក៏ស្ទុះរត់ចេញស្ទើរមិនទាន់ ទើបប្តឹងនគរបាលឱ្យយករថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍។ ក្រោយមកជនសង្ស័យ ត្រូវបានចាប់ឃាត់ខ្លួន និងបញ្ជូនទៅអធិការក្រុងប៉ៃលិន ដើម្បីសាកសួរ ដោយរូបគេបានសារភាពថា ខ្លួនពិតជាបានដុតផ្ទះមែន ព្រោះខឹងម្តាយស្តីបន្ទោស រួចក៏កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
នគរបាលបញ្ជាក់ថាផ្ទះស្រ្តីរងគ្រោះទទួលរងការការខូចខាត មានទំហំ ៥mX៧m ធ្វើពីឈឺ ប្រក់ស័ង្កសី ជញ្ជាំងបាំងស័ង្កសី ខូចខាតទាំងស្រុង។ តែសមត្ថកិច្ចក៏បានប្រើរថយន្តចំនួន០៣គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន០២រថយន្ត៕ ដោយ ៖ នាក់ ង៉យ
kdn

Leave a Reply

Your email address will not be published.