ព័ត៌មានសន្តិសុខសង្គម

ប្រជាពលរដ្ឋព្រួយបារម្ភពីសុវត្ថិភាព ខណ:ក្មេងទំនើង នាំគ្នាគប់បំបែកបំពូលភ្លើងសូឡាបំភ្លឺផ្លូវអស់ជិត២០ដើម

ខេត្តប៉ៃលិន ៖ បំពូលភ្លើងសូឡាបំភ្លឺផ្លូវប្រមាណ១៩ដើម ដែលរដ្ឋបាលស្រុកសាលាក្រៅ បានដឹកនាំក្រុមការងារដាក់សងខាងផ្លូវ ដើម្បីបំភ្លឺពេលយប់ កាលពីជាង១ខែមុន នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ត្រូវបានក្រុមក្មេងទំនើងនាំគ្នាយកដុំថ្មគប់បំបែកខ្ទេចខ្ទីគ្មានសល់។ ជាហេតុ ធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ពីភូមិឃុំមានសុវត្ថិភាព ដែលហេតុការណ៍គប់បំបែកអំពូលភ្លើងសូឡានេះ បានកើតឡើងនៅវេលាម៉ោងប្រមាណចន្លោះ១ទៅ២រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០២២។ ក្រោយមកសមត្ថកិច្ចនគរបាល បានតាមប្រមាញ់ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ កំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដោយមិនទាន់ប្រាប់អត្តសញ្ញាណនៅឡើយទេ ខណ:តាមស៊ើបអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀត។
បើតាមការរៀបរាប់ពីប្រជាពលរដ្ឋម្នាក់ ឈ្មោះ គង់ សុភី រស់នៅក្នុងភូមិខាងលើ បានឱ្យដឹងថា ៖ កាលពីមិនទាន់មានការដាក់ភ្លើងបំភ្លឺតាមដងផ្លូវ ស្ទើរតែជារៀងរាល់យប់ មានក្មេងទំនើងវាយតប់ និងឈ្លោះទាស់ទែងគ្នា ក៏មានការលួចមាន់ ទា និងសម្ភារ ក្នុងភូមិផងដែរ។ លោកបន្តទៀតថា ប៉ុន្តែ ក្រោយពីខាងរដ្ឋបាលស្រុកសាលាក្រៅ បានដាក់ភ្លើងសូឡាបំភ្លឺសងខាងផ្លូវរួចមក មានការស្ងប់ស្ងាត់មួយរយ: ដែលធ្វើឱ្យពួកគាត់ មានការសប្បាយរីករាយយ៉ាងខ្លាំង។ ប៉ុន្តែនៅយប់ថ្ងៃកើតហេតុ ខាងលោកឮសម្លេងក្មេងទំនើងគប់បំបែកកញ្ចក់ពេញផ្លូវ ដោយស្មានតែពួកគេឈ្លោះទាស់ទែងគ្នាឯង ស្រាប់តែព្រឹកឡើងពិនិត្យឃើញបែកអំពូលភ្លើងសូឡាបំភ្លឺផ្លូវអស់ជិត២០ដើមតែម្តង។ លោកពិតជាមានការសោកស្តាយយ៉ាងខ្លាំង ហើយក៏មានការព្រួយបារម្ភពីសុវត្ថិភាពផងដែរ ដោយសំណូមពរឱ្យសមត្ថកិច្ចនគរបាលចុះល្បាតជារៀងរាល់យប់ ដើម្បីរក្សាសុវតិ្ថភាពជូនប្រជាពលរដ្ឋក្នុងភូមិក៏ដូចជាទូទាំងខេត្តផងដែរ។
ចំណេកលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅ បានឱ្យដឹងថា ៖ ករណីក្មេងទំនើងយកដុំថ្មគប់បំបែកភ្លើងសូឡាបំភ្លឺផ្លូវសាធារណនេះ ពិតជាកើតមានមែន ហើយត្រូវបាននគរបាលចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ យកមកសាកសួរ ពាក់ព័ន្ធនឹងរឿងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋដោយចេតនា មិនអាចអត់ឱនឱ្យបាននោះទេ។ លោកបន្តទៀតថា នេះជាគំរូដ៍អាក្រក់បំផុត ក្នុង សង្គម ព្រោះជាបង្គោលភ្លើង និងអំពូលភ្លើងបំភ្លឺផ្លូវសាធារណ:សោះ ហេតុអី្វក៏នាំគ្នាទៅគប់បំផ្លាញ និងទាញផ្តួលចោលបែបនេះ រហូតដល់អស់ចំនួន១៩បង្គោលទៅវិញ។ លោកអភិបាលស្រុកសាលាក្រៅបានបញ្ជាក់បន្តទៀតថា បង្គោលភ្លើងកំពស់៦ម៉ែត្រ ទុកបំភ្លឺផ្លូវសាធារណ:ត្រូវក្មេងទំនើងនាំគ្នាយកដុំថ្មទៅគប់កម្ទេចចោលឡើយ ខណ:ក្រុមការងារបាននាំគ្នាយកទៅដាក់ដាំតាមដងផ្លូវ បានត្រឹមតែរយ:ពេលជាង១ខែប៉ុណ្ណោះ ហើយនឹងរៀបចំសំនុំរឿងបញ្ជូនទៅតុលាការ៕ ដោយ ៖ នាក់ ង៉យ
kdn

Leave a Reply

Your email address will not be published.