ព័ត៌មានសន្តិសុខសង្គម

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យ រៀបចំហេដ្ឋារចនាសម្ព័ន្ធនានាក្នុងតំបន់រមណីយ៍ដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ ដើម្បីទទួលភ្ញៀវទេសចរក្នុងឱកាសចូលឆ្នាំចិន នាពេលខាងមុខ

ប៉ៃលិន ៖នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងឯកឧត្តមតំណាងរាស្ត្រ ព្រមទាំងអភិបាលរងខេត្ត មន្ត្រីជំនាញរដ្ឋបាលសាលាខេត្ត បានអញ្ជើញចុះពិនិត្យ ត្រៀមរៀបចំរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ដើម្បីបើកទទួលភ្ញៀវទេសចរនៅក្នុងឱកាសបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ បន្ទាប់ពី រមណីដ្ឋាននេះបានផ្អាកជាបណ្តោះអាសន្ន ក្នុងការស្ថាបនាផ្លូវឡើងទៅ និងបានធ្វើកែលំអរ បរិស្ថានមួយចំនួនធំ ដើម្បីជាសោភ័ណភាពបន្ថែម ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពរ របស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវ័ននានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយ បច្ចុប្បន្ននេះ រដ្ឋបាល ខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងខេត្ត ជាពិសេសអភិវឌ្ឍន៍តំបន់រម្មណីយដ្ឋានទេសចរណ៍នានា ឱ្យបានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តក្នុងខេត្តប៉ៃលិនយើង ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញ កំណើនសេដ្ឋកិច្ច ជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។

លោកជំទាវ បានបញ្ជាក់ថា ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរធម្មជាតិ និងដើម្បីលើកកម្ពស់សោភ័ណភាព រមណីដ្ឋានធម្មជាតិទឹកធ្លាក់អូរតាវ៉ៅ លោកជំទាវ បានណែនាំអោយយុវជន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សហការជាមួយមន្ត្រីជំនាញ ធ្វើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងកែរលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងរុះរើកញ្ចុះដែលពុកផុយចេញ និងដាក់ជំនួសដោយកញ្ចុះថ្មី រៀបចំទីសក្ការៈគោរពបូជា សួនផ្កាចម្រុះព៌ណ ដែលមានរចនាបថបែបទាក់ទាញ ប្រកបដោយសុវត្ថិភាព សម្រាប់ទទួលភ្ញៀវទេសចរណ៍ ចូលមកកម្សាន្តនៅលើទឹកដីដ៏តូចច្រឡឹងនៃខេត្តត្បូងពេជ្រមួយនេះ។

ក្នុងឱកាសនោះផងដែរ លោកជំទាវ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងអស់ ដែលមកកំសាន្តតាមរម្មណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់សំរាមឲ្យបានល្អ និងនាំយកទៅទុកដាក់ឲ្យបានត្រឹមត្រូវតាមក្បួនខ្នាត ជៀសវាងការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សោភ័ណភាព និងអនាម័យសាធារណៈ។ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.