ភ្នំពេញ: សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាព្រឹកថ្ងៃអង្គារ៍ ៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍»នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ និងមានមោទនភាពចំពោះសមិទ្ធផលផ្នែកសុខាភិបាលមួយទៀតនាថ្ងៃនេះ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជានិងថ្លែងអំណរគុណដល់បណ្ដាសប្បុរសជនទាំងអស់ដែលបានចូលរួមក្នុងការកសាងនូវអគារមជ្ឈ
មណ្ឌលពហុឯកទេសនៃមន្ទីរពេទ្យកាលម៉ែត នាពេលនេះ។
សម្តេចតេជោហ៊ុន សែន មានប្រសាសន៍ថា ការកសាងអគារតេជោអភិវឌ្ឍន៍ នៃមន្ទីរពេទ្យកាល់ម៉ែតនេះ ពិតជាមានទំនាក់ទំនងជាមួយសម្តេចយពិតប្រាកដមែនដែលកាលណោះសម្តេចបានយកម្តាយក្មេកសម្តេចមកសង្គ្រោះនៅទីនេះហើយក៏បានមើលឃើញពីតម្រូវការចាំបាច់នៃមន្ទីរពេទ្យកាល់ម៉ែត្រនេះ ដូច្នេះទើបសម្រេចបញ្ចេញថវិការដ្ឋ និងមានការចូលរួមពីបណ្ដាសប្បុរសជនជាច្រើនទៀតផងដែរ។
សម្តេចតេជោបានមានប្រសាសន៍បន្តថា ការសាងសង់មន្ទីរពេទ្យនេះបានប្រើប្រាស់ថវិកាសរុបសម្រាប់ផ្នែកអគារអស់ចំនួន៧០លាន៣សែនដុល្លារនិងចំណាយចំនួន១១លាន ៣សែន ទៀតដុល្លារទៀត ទៅលើសម្ភារៈបរិក្ខា ដូច្នេះការសាង
សង់សរុបជាង៨២លានដុល្លារ ខណៈថវិកានៃការសាងសង់មន្ទីរពេទ្យនេះ គឺជាថវិកាផ្សាភ្ជាប់ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
សម្ដេចតេជោបានមានប្រសាន៍បញ្ជាក់ថា ការកសាងបាននូវមន្ទីរពេទ្យដែលមានសមត្ថភាពសង្គ្រោះ ពិនិត្យព្យាបាលនេះ គឺបានជួយកម្ពុជាក្នុងការបង្កើតបាននូវជំនឿទុកចិត្តនៃអ្នកការទូតដែលមកធ្វើការនៅកម្ពុជាបង្កើតបាននូវជំនឿទុកចិត្តសម្រាប់វិនិយោគិននានានិងបង្កើតបាននូវជំនឿទុកចិត្តសម្រាប់ទេសចរដែលមកកាន់កម្ពុជាផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា វិស័យឯកជននៅក្នុងប្រទេសកម្ពុជា ក៏បានចូលរួមចំណែកជាច្រើនក្នុងការជួយដល់រាជរដ្ឋាភិបាល និងប្រជាជនផងដែរ ទាំងវិស័យសុខាភិបាល ការងារ និងវិស័យជាច្រើនទៀត។
ជាថ្មីម្ដងទៀតសម្ដេចតេជោបានមានប្រសាសន៍ទៅកាន់វិស័យសុខាភិបាលថា ពេលដែលយើងមានកន្លែងធ្វើការស្អាត និងទំនើបហើយនោះ យើងត្រូវតែមានការពង្រឹងសមត្ថភាពធនធានមនុស្សរបស់យើងឲ្យរឹងមាំ ជាពិសេសចំណេះជំនាញផ្នែកពេទ្យឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីបម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋកាន់តែមានភាពល្អប្រសើរ និងជំជឿទុកចិត្តពីអ្នកជំងឺ។
ជាមួយនឹងការប្រកាសជាផ្លូវប្រកាសឲ្យដំណើរការនៅអាគារតេជោអភិវឌ្ឍន៍នៃមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃនេះ សម្តេចតេជោក៏បានជូនពរ ឱ្យបុគ្គលិកសុខាភិបាលទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា។ នៅក្នុងឱកាសនេះផងដែរ សម្តេចតេជោហ៊ុន សែន ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយសនិងមេដាយការងារជូនដល់មន្ត្រីសុខាភិបាល និងសប្បុរសជនជាតិ និងអន្តរជាតិមួយចំនួនផងដែរ៕
ឯកឧត្តមម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងថា “អគារតេជោអភិវឌ្ឍន៍”នេះ ជាអគារថ្មី ដែលត្រូវបានសាងសង់ឡើង ដោយបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដែលនាំចូលមកពីប្រទេសអាលឺ្លម៉ង់ និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាក្តីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា លើសេវាសុខភាពសាធារណៈនៅកម្ពុជា។
ឯកឧត្តមបន្តថា អគារមជ្ឈមណ្ឌលពហុឯកទេសនេះ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់កាលពីដើមខែមីនា ឆ្នាំ២០១៨ កន្លង
ទៅ។ អគារទំនើបថ្មីមួយនេះមានប្រមាណ៤៦៥គ្រែ និងមានបន្ទប់វះកាត់ចំនួន១០ ដោយបំពាក់បច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រសំខាន់ៗទាំងអស់ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្មពហុឯកទេសទំនើបទៀតផង។