ខេត្តកំពង់ធំ៖បើមិនមានអ្វីប្រែប្រួលនោះទេនៅព្រឹកថ្ងៃទី ២១ ខែកញ្ញាឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោម៉ែន លី អតីតស្នងការខេត្តឧត្ដរមានជ័យនឹងត្រូវប្រកាសជាស្នងការខេត្តកំពង់ធំ ជំនួសលោកអ៉ិត គឹមស្រ៊ន ស្នងការស្ដីទី។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ស្នងការនគរបាលខេត្តកំពង់ធំ ដែលបានចេញជូនដំណឹងនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០។
សូមជម្រាបថាលោកឧត្តមសេនីយ៍ទោម៉ែន លី អតីតស្នងការនគរបាលខេត្តឧត្ដរមានជ័យ ត្រូវបានផ្លាស់ចេញបន្ទាប់ពីលោកឧត្តមសេនីយ៍ ហួត សុធីស្នងការរងខេត្តសៀមរាប ទៅកាន់មុខតំណែងជាស្នងការខេត្តឧត្តរមានជ័យជំនួសកាលពីថ្មីៗនេះ។
សូមបញ្ជាក់រផងដែរថាអតីតស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោអ៊ុក កុសល ត្រូវបានប្ដូរចេញ បន្ទាប់ពីមានរឿងចម្រូងចម្រាសដោយកូនចៅប្ដឹងទៅថ្នាក់ដឹកនាំពាក់ព័ន្ធករណីបៀតបៀនកេរ្តិ៍ខ្មាស់។ ចំណែកឧត្តមសេនីយ៍ត្រីអ៉ិត គឹមស្រ៊ន ស្នងការរង ត្រូវបានឡើងជាស្នងការស្ដីទីជំនួសលោកឧត្តមសេនីយ៍ទោអ៊ុក កុសល។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ធ្លាប់បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា ក្រសួងមហាផ្ទៃ បានសម្រេចបញ្ចប់ឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីតំណែងស្នងការខេត្តកំពង់ធំហើយ។
ការបញ្ចប់មុខតំណែងរបស់លោក អ៊ុក កុសល គឺបន្ទាប់ពីលោក ត្រូវនគរបាលនារីៗមួយចំនួន ក្រោមឱវាទ ប្តឹងទៅសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា បានបៀតបៀនកេរ្តិ៍ខ្មាសលើពួកនាង។
លោក ខៀវ សុភ័គ បានថ្លែងថា៖«ក្រោយពីស៊ើបអង្កេតទៅ ឃើញថា បានប្រព្រឹត្តដូចការប្តឹងមែន»។
បើតាមលោក ខៀវ សុភ័គ បញ្ជាក់ថា លោក អ៊ុក កុសល ត្រូវបានទម្លាក់ឋានន្តរស័ក្តិពីផ្កាយ២ (ឧត្តមសេនីយ៍ទោ) មកនៅត្រឹមស័ក្តិ៥ (វរសេនីយ៍ឯក) ហើយក្រសួងមហាផ្ទៃ បានស្នើឲ្យទម្លាក់ស័ក្តិ២ថ្នាក់ថែមទៀត (អាចនៅត្រឹមស័ក្តិ៣)។
បើគេចាំមិនភ្លេចទេខេត្តកំពង់ធំមានស្នងការជាច្រើនជំនាន់មកហើយ តែងតែមានកូនចៅថ្នាក់ក្រោមប្ដឹងពាក់ព័ន្ធទៅនឹងការងារដឹកនាំមានភាពមិនប្រក្រតី។ ទោះយ៉ាងណាគេសង្ឃឹមថា ស្នងការថ្មីគឺលោកឧត្តមសេនីយ៍ទោ ម៉ែនលី នឹងដឹកនាំអង្គភាពស្នងការនគរបាលខេត្តកំពង់ធំ មិនឱ្យមានករណីដូចស្នងការមុនៗឡើយ៕