ប៉ៃលិន៖ អភិបាលខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍ដាក់គោលដៅ អភិវឌ្ឍន៍ ហេដ្ឋា រចនាសម្ព័ន្ធនៅក្នុងខេត្ត ដោយសម្រេចស្ថាបនាផ្លូវជាប្រភេទបេតុង និងកៅស៊ូដើម្បីទប់ទល់ជាមួយនឹងអាកាសធាតុ និងរក្សានូវគុណភាព ជាពិសេសរួមចំណែកសន្សំសំចៃរថវិកាជាតិផងដែរ បើទោះបីជាធ្វើបានតិច តែគុណភាពប្រើប្រាស់ បានយូរអង្វែង ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងបែបនេះ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញដឹកនាំមន្ត្រី ជំនាញ និងក្រុមការងារ ចុះសិក្សាពីលទ្ធភាព ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ មួយ ចំនួន បន្ថែមទៀត នៅក្នុងសង្កាត់ បរយ៉ាខា ក្រុងប៉ៃលិន ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ និងបន្តពិនិត្យមើលផ្លូវ ក្រាល កៅស៊ូ ប្រភេទ DBST ១ខ្សែ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដែលទើបស្ថាបរួចរាល់ ដើម្បីកំណត់ទីតាំង ដាក់ស្លាកសញ្ញា ចរាចរណ៍ និងគូសគំនូស លើទ្រូងផ្លូវ ក្នុងគោលបំណងចូលរួមទប់ស្កាត់ករណីគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ ។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានមានប្រសាសន៍ឱ្យដឹងថា៖ ខេត្តប៉ៃលិន មានសណ្ឋានដី ជាតំបន់ ភ្នំ និងខ្ពង់រាប ហើយ អាកាសធាតុមានភ្លៀងធ្លាក់ច្រើន ដូច្នេះសម្រាប់ផ្លូវក្នុងខេត្ត បើសិន ជា ធ្វើខុសពីការចាក់បេតុង ឬ ក្រាលកៅស៊ូ នោះនឹង មាន ការជួសជុលរហូត ដែលនឹងត្រូវបាត់បង់ថវិកាជាតិច្រើនណាស់ និងចំណាយ ពេល ថែទាំថែម ទៀតផង ។
លោកជំទាវអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ផ្លូវជាទូទៅ នៅពេលមានប្រើប្រាស់ តែងតែរង ការខូច និងត្រូវការជួសជុល ប៉ុន្តែដោយសារតែពិនិត្យឃើញទៅលើបញ្ហានេះ ថ្នាក់ដឹកនាំខេត្ត ទាំងគណៈអភិបាល ក្រុម ប្រឹក្សាខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត គឺបានសិក្សារួមគ្នា ដោយសារកត្តា ភូមិសាស្ត្រ និងធម្មជាតិ មិន អំណោយផលទៅលើការសាងសង់ផ្លូវ ដែលយើងប្រើប្រាស់បានក្នុងតែរយៈពេលខ្លី ដូច្នេះរដ្ឋ បាលខេត្ត នឹង មាន គម្រោង រៀបចំឡើងនូវហេដ្ឋារចនាសម្ព័ន្ធទីប្រជុំជន និងជនបទ ឱ្យមានលក្ខណៈល្អប្រសើរ ហើយប្រើ ប្រាស់ប្រកប ដោយគុណភាពបំផុត ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ និងដើម្បីទាក់ទាញទេសចរផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បានស្រីមុំក៍បានមានប្រសាសន៍ផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមថែរក្សា ដើម្បីធានាដល់ការប្រើប្រាស់បានយូរអង្វែង ជាពិសេសត្រូវចូលរួមអនុវត្តន៍ គោលនយោបាយ ភូមិ/ឃុំមានសុវត្ថិភាព ក្នុងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានរបស់យើង ៕ដោយ ៖ នាក់ ង៉យ