ស្វាយរៀង៖ជនសង្ស័យចំនួនពីរនាក់ជាជនជាតិវៀតណាមត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងសហការជាមួយជំនាញក្រុងបាវិតឃាត់ខ្លួនពីបទជួញដូរ រក្សាទុកកែឆ្នៃនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត។ នេះបើយោងតាមការឱ្យដឹងសមត្ថកិច្ចជំនាញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោង ១៥:៤៥នាទី កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូររក្សាទុកកែឆ្នៃនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបុរីCKស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ជាលទ្ធផលក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ (ជនជាតិវៀតណាម) ទី១. ឈ្មោះ វ៉ូ ទន់ណាម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរីCK, ២.ឈ្មោះ ង្វៀង ទន់ហៀប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរីCK។
ចំពោះវត្ថុតាងដែលដកហូតបានក្នុងការបង្ក្រាប រួមមាន ដុំម្សៅក្រាមពណ៌ស ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៤កញ្ចប់ ទម្ងន់ ២៥០០,៥៦
ក្រាម(២គីឡូក្រាម និង៥៦ក្រាម), សារធាតុគីមីផ្សំចំនួន២កញ្ចប់ ទម្ងន់ ១៤៥៧,៣៦ក្រាម, អាសុីត ៩ដប, ម្សៅស្ងួតម៉ត់ ១គីឡូក្រាម, ក្រាមសូដ្យូម ១កញ្ចប់ធំ, ថ្នាំដបម៉ាក Makun ៤ដប, ឆ្នាំងចំហុយ សម្ងួតចំនួន៣, បំពង់កែវជក់ ៥, ទូរសព្ទ័ដៃ ៣គ្រឿង, លិខិតឆ្លងដែន ៤ក្បាល, អត្ត/ប័ណ្ណវៀតណាម ៤សន្លឹកព្រមទាំងឧបករណ៍ សម្ភារ:មួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមនីតិវិធី៕