ខេត្តប៉ៃលិន + បាត់ដំបង ៖ នៅព្រឹកថ្ងៃទី២៦.១១.២០២០នេះ បើតាមប្រភពច្បាស់ការមួយបានឲ្យដឹងថា ៖ ដើមឈើតូចធំជាច្រើនកន្លែង ស្ថិតនៅចំណុចភ្នំបង្គ្រួម ភូមិសាស្រ្ដខេត្តបាត់ដំបង ជាប់នឹងខេត្តប៉ៃលិន ក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ដែលគ្រប់គ្រងដោយមន្ដ្រីបរិស្ថានខេត្តបាត់ដំបង សហការជាមួយខេត្តប៉ៃលិន ហៅថា ក្រុមអភិរក្សសត្វព្រៃ និងព្រៃឈើ (MJP) យាមកាមយ៉ាងតឹងរឹងសព្វថ្ងៃនេះ មិនឲ្យប្រជាពលរដ្ឋចេញចូលនោះ ពេលនេះកំពុងតែត្រូវបានគេលួចកាប់ផ្ដួលដេករណូករណែលពាសពេញក្នុងព្រៃលើកំពូលភ្នំ យ៉ាងអនាធិបតេយ្យ ។
បើតាមប្រភពដដែលបានឲ្យដឹងបន្ដទៀតថា នៅចំនុចភ្នំបង្គ្រួម និង ចំនុចស្ទឹងស្លេវ ភូមិសាស្ដ្របាត់ដំបង និងខេត្តប៉ៃលិន ជាដែនជំរករក្សាការពារតំបន់ប្រើប្រាស់ច្រើនយ៉ាង (MJP) កំពុងតែត្រូវបានរក្សាការពារដោយមន្ដ្រីបរិស្ថាន យាមកាមមិនអោយរថយន្ដ គោយន្ដកន្ត្រៃឬមធ្យោបាយណាមួយប្រព្រឹត្តបទល្មើសផ្សេងៗ ចេញចូលតំបន់នោះបានឡើយ។ តែប្រជាពលរដ្ឋឆ្ងល់ថា ចុះមូលហេតុអី្វបានជាដើមឈើតូចធំគ្រប់ប្រភេទ នៅតំបន់នោះរងការកាប់បំផ្លាញយ៉ាងអនាធិបតេយ្យបែបនេះទៅវិញ នេះជាការលើកឡើង របស់ប្រជាពលរដ្នរស់នៅតំបន់នោះផ្ទាល់តែម្តង ។
ប្រភពដដែលបានបញ្ជាក់ថា នៅលើភ្នំខាងលើនេះ គេឃើញសកម្មភាពលួចកាត់ឈើទាំងថ្ងៃទាំងយប់ ដោយលាន់ឮសំឡេងម៉ាស៊ីនត្រង់ទីន័រកងរំពងពេញក្នងព្រៃ ដោយគ្មានរំខានដល់មន្ត្រីណាម្នាក់ឡើយ ហេតុនេះទើបអ្នកភូមិដាក់ការសង្ស័យថា បើមិនមានការបើកភ្លើងខៀវ ចេញពីមន្ដ្រីបរិស្ថានខេត្តទាំងពីរឈរយាមកាមពីក្រោយនៅចំនុចខាងលើនោះទេ ក៍គ្មានអ្នកប្រព្រឹត្តបទល្មើសព្រៃឈើទាំងនោះ ចូលទៅធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើទាំងនោះបានឡើយ ។
ប្រជាពលរដ្នរស់នៅតំបន់នោះបានសំណូមពរដល់គណ:បញ្ជាការឯកភាព បាត់ដំបង និងខេត្តប៉ៃលិន សូមឱ្យមានវិធានការទប់ស្កាត់និងចុះសិក្សាស្រាវជ្រាវ ស្វែងរកមេខ្លោងដុះស្លែដែលកំពុងតែបំផ្លិចបំផ្លាញព្រៃឈើ នៅចំនុចខាងលើនោះ ដោយចាប់យកមកចាត់ការតាមផ្លូវច្បាប់ ជាពិសេសអាចជាប់ពាក់ព័ន្ធនឹងមន្ដ្រី ដែលឈរជើងការពារនៅតំបន់នោះពោលគឺជាបុគ្គលមួយក្តាប់តូច ដែលសម្ងំលាក់ខ្លួនក្នុងភូមិទីនោះតែម្តង ។
ជុំវិញសកម្មភាពកាប់បំផ្លាញព្រៃឈើនៅចំនុចខាងលើក្រុមការងារយើងបានទាក់ទងទៅលោក អ៊ាវ រ៉ា នាយកតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតប៉ៃលិន បានឱ្យដឹងថា ៖ ខាងលោកក៍បានទទួលដំណឹងនេះដែរ ដោយបានរាយការណ៍ដល់រដ្ឋមន្ត្រីហើយ គឺនឹងចពិនិត្យនៅថ្ងៃស្អែក ។
ចំណែកលោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា គេលួចកាប់ព្រៃឈើនៅក្នុងទឹកដីខេត្តបាត់ដំបង មិនជាប់ពាក់ព័ន្ធនឹងខេត្តប៉ៃលិននោះទេ ហើយនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកក៍បានដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យមើលដែរ ៕ ដោយ ៖ នាក់ ង៉យ