ឧត្ដរមានជ័យ: ឯកឧត្តម ឆាយឬទ្ធិសែន រដ្ធមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទបានថ្លែងថា ខេត្តឧត្តរមានជ័យ គឺជាខេត្តទី១៩ក្នុងចំណោមខេត្តដ៏ទៃទៀត ដែលត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការ ជាខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលODF។
ការថ្លែងបែបនេះប្រព្រឹត្តធ្វើឡើងនៅក្នុងពិធីប្រកាសទទួលស្គាល់ខេត្តឧត្តរមានជ័យ ទទួលបានជ័យលាភី ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នាព្រឹកថ្ងៃទី០៧ខែមេសាឆ្នាំ២០២៥នេះ ស្ថិតនៅត្រង់បរិវេណបរិវេណសួនច្បារបឹងស្នោរ ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធសិស្សានុសិស្ស ប្រមាណជាជាង១០០០នាក់ ព្រមទាំងរៀបចំជាក្បួនដង្ហែពានជ័យលាភី ODF (ក្រុមថ្មើរជើង និងក្បួនរថយន្ត) យ៉ាងអធិកអធមផងដែរ។
ឯកឧត្តមរដ្ធមន្ត្រីបានមានប្រសាសន៍បន្តថា គោលបំណងនៃពិធីនេះ គឺដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃការប្រតិបត្តិអនាម័យ និងបង្កើនការទទួលបាននូវការ លើកកម្ពស់អនាម័យនៅតាមសហគមន៍ជនបទ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ដោយផ្លាស់ប្តូរឥរិយាបថប្រតិបត្តិអនាម័យឲ្យបានត្រឹមត្រូវ ប្រើប្រាស់បង្គន់អនាម័យ ទំលាប់លាងសម្អាតដៃនឹងសាប៊ូក្រោយបន្ទោបង់ ការទទួលទានទឹកមានសុវត្ថភាពក្នុងគ្រួសារ និងរស់នៅក្នុងបរិស្ថានស្អាត ជាពិសេសបញ្ចប់ការបន្ទោបង់ពាស់វាលពាសកាល។
ឯកឧត្ដម រដ្ធមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការធ្វើឱ្យប្រសើរឡើងនៅស្ថានភាពអនាម័យ គឺជាតម្រូវការចាំបាច់សម្រាប់ប្រជាពលរដ្ឋខ្មែរ ពិសេសនៅតំបន់ជនបទ និងជាអាទិភាពមួយក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយអនុវត្តតាមចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឱ្យមានប្រសិទ្ធិភាព និងសម្រេចឱ្យបាននូវទស្សនៈវិស័យ នៅឆ្នាំ២០២៥/២០៣០ ប្រជាជនគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ផងដែរ។
ឯកឧត្ដម ឃិន ញ៉ាណ អភិបាលរងខេត្តបានលើកឡើងថា នៅទូទាំងខេត្តឧត្ដរមានជ័យ មានចំនួនខ្នងផ្ទះសរុប ៦០០៥១ខ្នងផ្ទះ ខ្នងផ្ទះមានបង្គន់ផ្ទាល់ខ្លួន ៥៥ ៣៩៤ ខ្នងផ្ទះ គិតជាភាគរយ ជាក់ស្តែង គឺខ្នងផ្ទះ មានបង្គន់ផ្ទាល់ខ្លួនស្មើនឹង ៩៧.០៦%, ខ្នងផ្ទះប្រើបង្គន់រួមស្មើនឹង ២.៩៤%, ខ្នងផ្ទះមានកន្លែងលាងដៃ នឹងសាប៊ូស្មើនឹង ១០០%, ខ្នងផ្ទះទុកដាក់ទឹកសម្រាប់ផឹកមានសុវត្ថិភាពស្មើនឹង ១០០%, ខ្នងផ្ទះ ទុកដាក់ សំណល់ ខោលាមកកូនក្មេង លាមកសត្វ និងសំរាមមានរបៀបរៀបរយស្មើនឹង១០០%។ស្ថានភាពក្រុង ស្រុក ឃុំ សង្កាត់ និងភូមិ ដែលសម្រេចបានបញ្ចប់ការបន្ទោបង់ពាសវាលពាស កាល សរុប ១ក្រុង ៤ស្រុក គិតជាភាគរយ ៩២%។(ដោយឈឿន ប៊ុនឈី)