ខេត្តប៉ៃលិន ៖ ក្រោយទទួលបានដំណឹងពីមន្ទីរកិច្ចការនារីខេត្តថា មានក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ត្រូវបានលោកតាបង្កើតរបស់ខ្លួនចាប់រំលោភសេពសន្ថវៈ ទើបកម្លាំងជំនាញផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានសហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាក្រៅ ចុះទៅនាំខ្លួនជនសង្ស័យម្នាក់ មកធ្វើការសាកសួរ។
ហេតុការចុះទៅសាកសួរកាលពីវេលាម៉ោង៨ និង០០នាទីយប់ថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ
២០២០ នៅចំណុចឡឥដ្ឋតាប៉ៃ ស្ថិតក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
នគរបាលអធិការស្រុកសាលាក្រៅបានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០នេះ ជនសង្ស័យមាន ឈ្មោះ ឡាយ សូរិយ៉ា ភេទប្រុស អាយុ៥៩ឆ្នាំ ត្រូវជាជីតាបង្កើត ហើយជាកម្មករឡឥដ្ឋមានស្រុកកំណើតនៅភូមិក្រោម ឃុំម្លុង ស្រុកត្រាំង ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្នុងឡឥដ្ឋខាងលើ ។
ចំណែកជនរងគ្រោះ មានឈ្មោះ ធ.ន ជ.វ ភេទស្រី អាយុ១០ឆ្នាំ ត្រូវជាចៅ
បង្កើត។សមត្ថកិច្ចបន្តទៀតថា នៅថ្ងៃកើតហេតុរយៈពេល២ថ្ងៃមុន តានិងចៅស្រី ស្នាក់នៅក្នុងផ្ទះតែ២នាក់ ដោយសារលោកយាយចេញទៅធ្វើការខាងក្រៅ ។ ពេលនោះគេឃើញផ្ទះបិទទ្វារជិត និងមានបាំងវាំងននងងឹតឈឹង ស្រាប់តែក្រោយមកក្មេងស្រីរងគ្រោះបានស្រែកយំ និងរត់ចេញមកខាងក្រៅ លុះគេសួរនាំ នាងក៍និយាយប្រាប់ទាំងក្តីភិតភ័យថា តារបស់ខ្លួនបានចាប់រំលោភ ហើយគេក៍ប្រញាប់នាំក្មេងស្រីរងគ្រោះទៅកាន់មន្ទីរកិច្ចការនារីខេត្ត ដើម្បីដាក់ពាក្យបណ្តឹង ។ ក្រោយមក ទើបខាងមន្ទីរបញ្ជូនសំនុំរឿងនេះ ទៅខាងនគរបាលនៃអធិការស្រុកសាលាក្រៅ ដើម្បីចុះទៅនាំជនសង្ស័យមកសួរនាំតែម្តង ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ជនសង្ស័យខាងលើ ត្រូវបាននគរបាលឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ សួរនាំបន្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ ដោយ ៖ នាក់ ង៉យ