កំពង់ធំ: នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវបន្ដបង្ក្រាបករណីក្មេងទំនើងរួមនិងបទល្មើសផ្សេងៗទៀតកុំរង់ចាំតែបទបញ្ជារបស់ថ្នាក់ដឹកនាំ ពោលត្រូវម្ចាស់ការទទួលខុសត្រូវខ្ពស់ក្នុងនាមជាសមត្ថកិច្ចក្នុងមូលដ្ឋានរបស់ខ្លួន។
នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ដ្រីនគរបាល ត្រូវតែបង្ក្រាបរាល់គ្រប់បទល្មើសទាំងអស់មិនត្រូវធូររលុង ពិសេសករណីក្មេងទំនើងដែលជាក្ដីកង្វល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយថ្នាក់ដឹកនាំកំពូលតែងតែក្រើនរំលឹកជាបន្ដបន្ទាប់ឲ្យយកចិត្តទុកដាក់លើករណីនេះ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញប្រកាសចូលកាន់តំណែង លោកឧត្តមសេនីយ៍ត្រី ហេង សុផល ជាស្នងការនគរបាលខេត្តកំពង់ធំ ជំនួសលោកឧត្តមសេនីយ៍ទោ ម៉ែន លី ដែលត្រូវផ្ទេរទៅកាន់តំណែងជាស្នងការនគរបាលខេត្តតាកែវកាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ។
នាយឧត្តមសេនីយ៍ អគ្គស្នងការនករបាលជាតិ បានកត់សម្គាល់ថា ករណីក្មេងទំនើងនេះ ប្រសិនបើបណ្ដែតបណ្ដោយច្បាស់ណាស់នឹងជះឥទ្ធិពលមិនល្អនៅថ្ងៃក្រោយ ហើយនឹងឈានដល់ប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត ដូចជា ឃាតកម្ម ជួញដូរគ្រឿងញៀន និងប្លន់ប្រដាប់អាវុធជាដើម។
ក្នុងនោះឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យមន្រ្តីនគរបាលទាំងអស់ ត្រូវអនុវត្តនូវវិធានការបង្ការ អប់រំ និងធ្វើរដ្ឋបាល ដើម្បីពន្យល់ណែនាំអំពីផលប៉ះពាល់ដល់យុវជន យុវតី ដែលជាទំពាំងស្នងឫស្សី ឲ្យប្រែក្លាយជាទំពាំងមួយដ៏ល្អសម្រាប់ប្រទេសជាតិ។ នាយឧត្តមសេនីយ៍ ក៏ណែនាំឲ្យយកចិត្តទុកដាក់លើការងារគ្រប់គ្រងមុខសញ្ញា ហើយត្រូវធ្វើបច្ចុប្បន្នភាពឲ្យបានច្បាស់លាស់។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានជំរុញឲ្យយកចិត្តទុកដាក់កង្វល់របស់ប្រជាពលរដ្ឋ ចំពោះការអនុវត្តច្បាប់របស់មន្ដ្រី ពិសេសមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ពោលត្រូវអនុវត្តប្រកបដោយសីលធម៌ គុណធម៌ និងត្រូវបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានប្រកបដោយភាពរម្យទមម៉ឺងម៉ាត់និងការទទួលខុសខ្ពស់។