ខេត្តស្វាយរៀង៖ ក្រុមក្មេងទំនើងមានគ្នា៤នាក់ដែលធ្វើសកម្មភាពដេញវាយកាប់ទៅលើជនរង
គ្រោះម្នាក់យ៉ាងព្រៃផ្សៃបណ្តាលរងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវនិងឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងចាត់ការតាមផ្លូវច្បាប់។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថានៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ មានក្មេងទំនើងមួយក្រុមបានធ្វើសកម្មភាពដេញវាយដោយដំបង និងកាំបិតកាប់លើជនរងគ្រោះម្នាក់ បណ្តាលឱ្យរងបួសធ្ងន់ នៅចំណុចខាងត្បូងស្រះវង់ ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងខេត្តស្វាយរៀងបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅម្តុំនោះនិងរាយការណ៍មកសមត្ថកិច្ច។
សមត្ថកិច្ចបន្តទៀតថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្នុងការងារបង្ក្រាបក្មេងទំនើងទូទាំងខេត្តស្វាយរៀងនោះ ដោយនៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ កងកម្លាំង នៃផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលជំនួយការការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ធ្វើការស្រាវជ្រាវ និងបង្ក្រាបក្រុមក្មេងទំនើង ០១ក្រុម ឃាត់ខ្លួនចំនួន ៤នាក់ប្រុស និងបានដកហូត ម៉ូតូធ្វើសកម្មភាព ០២គ្រឿង។
នៅចំពោះមុខសមត្ថកិច្ចក្រុមក្មេងទំនើង ទាំង០៤នាក់បានឆ្លើយសារភាពថា បក្សពួកខ្លួន ពិតជាបានធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំងនេះសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕