ខេត្តប៉ៃលិន ៖ ក្រោយពី ថ្មភ្នំ បានបាក់ធ្លាក់ទៅលើចិញ្ចើមផ្លូវ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន មានការព្រួយបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំង ខណ:បើកបរម៉ូតូទៅមកនាពេលយប់និងពេលថ្ងៃ បណ្តាលឱ្យរងរបួសជាញឹបញាប់ដោយសារកំទេចថ្ម ទើបពេលនេះ អាជ្ញាធរខេត្តបញ្ជាឱ្យខាងមន្ទីរសាធារណការខេត្តប៉ៃលិន បានយកគ្រឿងចក្រទៅជីកកកាយដីភ្នំដែលបាក់នោះចេញ ដើម្បីការពារគ្រោះថ្នាក់កើតឡើងបន្តទៀត។
ហេតុការណ៍ជីកកកាយដីភ្នំដែលបាក់ទៅលើផ្លូវថ្នល់នេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចជ្រោះមរណ: តាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិនបានឱ្យដឹងថា ថ្មភ្នំខាងលើ បានប្រេះស្រាំ និងទទួលរងការបាក់ធ្លាក់ជាច្រើនដុំ ខ្ទាតទៅលើផ្លូវថ្នល់ តែមិនបណ្តាល ឱ្យប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវណាម្នាក់ ទទួលរងគ្រោះថ្នាក់នោះទេ ។
មន្រ្តីដដែលបន្តថា លុះក្រោយមកក៏យករនាំងទៅដាក់បាំង ដើម្បីឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះគ្រោះថ្នាក់ដែលនឹងកើតឡើងជាយថាហេតុ ។ ដូច្នេះ រហូតមកដល់ពេលនេះ ទើបខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត យកគ្រឿងចក្រទៅជីកកកាយដីភ្នំខាងលើយកទៅចាក់នៅក្បែរម្ខាងផ្លូវទៀត សម្រាប់ពង្រីកផ្លូវបន្ថែមទៀត ។
មន្រ្តីរូបនេះបញ្ជាក់ទៀតថា ក្រុមការងារយកគ្រឿងចក្រទៅធ្វើការជីកកកាយដីភ្នំនេះ ឱ្យរាបជាងមុនបន្តិច ដើម្បីកុំឱ្យបាក់ធ្លាក់ទៅលើផ្លូវជាតិបន្តទៀត ក្រែងកើតមានបញ្ហាដល់អាយុជីវិតអ្នកធ្វើដំណើរ និងពង្រីកផ្លូវក្បែរនោះបន្ថែមទៀត ឱ្យធំទូលាយជាងមុនបន្តិច ងាយស្រួលបើកបរផងដែរ ។
សូមបញ្ជាក់ថា កាលពីមុន នៅកន្លែងជ្រោះមរណ:នេះ ធ្លាប់មានក្មេងទំនើងយកដុំថ្មចាំគប់ ប្រជាពលរដ្ឋធ្វើដំណើរនៅពេលយប់ ធ្វើឱ្យម្នាក់ៗខ្លាចរអា ប៉ុន្តែក្រោយមកក៏ស្ងាត់ ខណ:មន្រ្តីនគរបាលចុះល្បាតជាញឹកញាប់ ។ ហើយផ្លូវខាងលើនេះ ក៏ធ្លាប់មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូជាច្រើនលើក ច្រើនសារ បណ្តាលឱ្យរបួស និងស្លាប់ ក្លាយទៅជាមានខ្មោចលងបន្លាចអ្នកធ្វើដំណើរនាពេលយប់ផងដែរ ៕ នាក់ ង៉យ