ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រជុំពង្រឹងប្រសិទ្ធិភាពការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា

 

ប៉ៃលិន៖ នៅសាលាខេត្ត ព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាលខេត្តប៉ៃលិន និងប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈ​បញ្ជាការ​ឯកភាព​​ខេត្ត និង​​ពិនិត្យលើវឌ្ឍនភាពការងារអង្គភាពជួរមុខ នៅតាមបន្ទាត់ព្រំដែនកម្ពុជា+ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ដើម្បី​ពង្រឹង​ប្រសិទ្ធិភាពការងារ ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសខុសច្បាប់នានា, ការថែរក្សាសន្តិសុខសណ្តាប់​ធ្នាប់​សាធារណៈ និងការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានមានប្រសាសន៍ជម្រុញ និងលើកទឹកចិត្ត ដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ជាពិសេសអង្គភាពជួរមុខ នៅតាមបន្ទាត់ព្រំដែន​កម្ពុជា+ថៃ ត្រូវបង្កើនការខិតខំយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងពង្រឹងការអនុវត្ត​គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព នៅតាមក្រុង ស្រុក ឃុំ សង្កាត់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ នឹងត្រៀម​ជានិច្ច ដើម្បីបង្ការ និងទប់ស្កាត់ នូវរាល់ករណីបទល្មើសឆ្លងដែននានា ដោយត្រូវដាក់កម្លាំងការពារល្បាតតាម​ទីកន្លែង​កំសាន្ត​នានា មួយវិញទៀត តាមគ្រប់គោលដៅ តាមបណ្តាអធិការដ្ឋាននគរបាល និងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ត្រូវតែមាន មន្ត្រីនៅប្រចាំការ ២៤ម៉ោង /២៤ម៉ោង ដើម្បីត្រៀមដោះ ស្រាយបញ្ហាផ្សេង ៗជូនប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​​របស់ខ្លួន អោយបានទាន់ពេលវេលា។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងពីស្ថានភាពនៃការ​អភិវឌ្ឍប្រទេសជាតិនា​ពេល​បច្ចុប្បន្ន ដែលមាន​ការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះបងប្អូនប្រជាពលរដ្ឋក៏មានការងារធ្វើគ្រប់ៗគ្នា មានជីវភាពធូរធារ ដោយសាររាជ​រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្តរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគិតគូខ្ពស់ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ព្រមទាំងផ្សាភ្ជាប់ និងការអនុវត្តផ្ទាល់ ដោយមានក្រុមការងារចុះជួយពង្រឹងគ្រប់ ភូមិឃុំស្រុក​ខេត្ត នៅទូទាំង​ប្រទេស ហើយទាំងអស់នេះ មិនអាចប្រកែកបានឡើយ គឺកើតចេញពីគោលនយោបាយឈ្នះ-ឈ្នះ ក្រោម​ការដឹកនាំប្រកប​ដោយ​គតិបណ្ឌិត និងភាពប៉ិនប្រសប់របស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឲ្យសង្គមជាតិទទួលបាននូវសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាពលើ​ផ្ទៃ​ប្រទេស ។


នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ដែលកន្លងមកបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារ​ប្រកបដោយ កាទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសការបង្កើនប្រសិទ្ធភាព​ការងារ​ក្នុងការ​ផ្តល់​សេវាសាធារណ: ជូនដល់ប្រជាពលរដ្ឋប្រកបដោយសមធម៌ យុត្តិធម៌ តម្លាភាព និងដោះស្រាយបញ្ហា​ដែល​កើតមាន​ឡើងក៏ដូចជាសំណូមពរនានារបស់ប្រជាជន ស្របទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពរបស់​រាជរដ្ឋាភិបាល៕ ដោយ ៖ នាក់ ង៉យ

kdn

Leave a Reply

Your email address will not be published.