ឧត្តរមានជ័យ:កាលពីអំឡុងឆ្នាំ២០២២ និងថ្មីៗត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោងឃាត់ខ្លួនចាត់ការតាមនីតិវិធី !!ដោយមានការណែនាំ ចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យនិងដោយមានការសម្របសម្រួលនិតិវិធីពីឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ
🇰🇭នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានចាត់លោកវរសេនីយ៍ទោ សត្យា រ៉ូម៉េអ៊ូ អធិការរងទទួលផែនការងារនគរបាលយុត្តិធម៌ ចុះដឹកនាំកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលកូនក្រៀល, កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរស្មាច់ ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់: ១-ឈ្មោះ វ៉ាន់ វាសនា ហៅ វិ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង, ២-ឈ្មោះ ភួយ វ៉ាន់ឌី ហៅ ជេម ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ពីបទ: លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៤:00នាទីតាមអំណាចដីការបញ្ជាឲ្យចូលខ្លួនលេខ: ០១៨/២៣ ដបចខ និង ០១៩/២៣ ដបចខ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣ ចេញដោយឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តមានជ័យ ។
👉អំពីរឿងហេតុ: កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងចន្លោះ ០០:០០នាទី ដល់ម៉ោង ០៤:០០នាទី និងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី នៅចំណុចភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណី លួចមានស្ថានទម្ងន់ទោស និងករណី ប៉ុនប៉ងលួច បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពគាស់ទ្វារផ្ទះខាងក្រោយរបស់ជនរងគ្រោះឈ្មោះ ហេង ប្រុស ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ចូលលួចយកបានប្រាក់ចំនួន ២៣.៥៥០.០០០រៀល និងទូរសព្ទដៃ ០១គ្រឿង ម៉ាក Oppo ពណ៌ខ្មៅ, ជនរងគ្រោះឈ្មោះ ម៉ែន សំអន ភេទប្រុស អាយុ៣៥ឆ្នាំមានទីលំនៅភូមិកើតហេតុខាងលើ លួចយកបានប្រាក់ចំនួន ៤.២៨០.០០០រៀល, ជនរងគ្រោះឈ្មោះ យឿន តុង ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ លួចយកបានប្រាក់ចំនួន ២.៥០០.០០០រៀល និងកាតទូរសព្ទប្រហែល ៥០ដុល្លាអាមេរិច, ជនរងគ្រោះឈ្មោះ សៀត ណែត ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើ ពុំទាន់បានលួចយកបានអ្វីទេ ដោយសារម្ចាស់ផ្ទះមកទាន់។
👉ក្នុងពេលសួរនាំជនសង្ស័យទាំង ០២នាក់ខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា: ពួកខ្លួនធ្លាប់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបានចំនួន ០៤លើក ដោយលើកទី១: នៅថ្ងៃខែមិនចាំ ក្នុងឆ្នាំ២០២២ វេលាម៉ោងប្រហែល ២២:០០នាទី ពួកខ្លួនមានគ្នាសរុបចំនួន ០៣នាក់ រួមមាន: ១-ឈ្មោះ វ៉ាន់ វាសនា (ឃាត់ខ្លួនបាន), ២-ឈ្មោះ ភួយ វ៉ាន់ឌី ហៅ ជេម (ឃាត់ខ្លួនបាន), ៣-ឈ្មោះ ណាត មិនស្គាល់ត្រកូល ភេទប្រុស អាយុប្រហែល ២០ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (គេចខ្លួន) បាននាំគ្នាទៅធ្វើសកម្មភាពលួចនៅផ្ទះរបស់ជនរងគ្រោះឈ្មោះ យាយ ៧០ ភេទស្រី អាយុប្រហែលជាង ៦០ឆ្នាំ មានទីលំនៅភូមិអូរពក សង្កាត់កូនក្រៀល ក្រុងសំរោង បានដែកថ្នាំងអំពៅ ០១ដើម ទំហំ ២១មម × ២១មម ប្រវែង ០១ម៉ែត្រ និងសំបកកំប៉ុង ០២ការ៉ុង យកទៅលក់នៅសំរោង ស្តង់អេតចាយ បានប្រាក់ ១៦ម៉ឺនរៀល យកមកចែកគ្នា។
លើកទី២: នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២៣:០០នាទី ពួកខ្លួនទាំង ០៣នាក់ដដែល បាននាំគ្នាទៅធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ឈ្មោះ ហេង ប្រុស យកបានប្រាក់ចំនួនប្រហែល ០៣លានរៀល បន្ទាប់មកពួកខ្លួនក៏នាំគ្នាបន្តទៅគាស់ទ្វារផ្ទះរបស់ឈ្មោះ ម៉ែន សំអន យកបានប្រាក់ប្រហែល ០១លានរៀល និងបន្តទៅគាស់ទ្វារផ្ទះរបស់ឈ្មោះ យឿន តុង យកបានប្រាក់ចំនួន ២.៥០០.០០០រៀល ហើយក៏យកទៅចែកគ្នានៅចំណុចស្ពានអូរពក។ លើកទី៣: នៅថ្ងៃខែមិនចាំ ក្នុងឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២២:០០នាទី ពួកខ្លួនទាំង ០៣នាក់ដដែល បាននាំគ្នាទៅធ្វើសកម្មភាពលួចលុយរបស់លោកសង្ឃនៅក្នុងសាលាឆាន់ វត្តផ្អុង បានចំនួន ២០ម៉ឺនរៀល។ លើកទី៤: នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទី ពួកខ្លួនបាននាំគ្នាទៅឆ្កឹះសោរបើកទ្វារផ្ទះរបស់ឈ្មោះ សៀត ណែត រើកកាយបម្រុងលួចទ្រព្យសម្បត្តិ តែត្រូវម្ចាស់ផ្ទះមកទាន់ ពួកខ្លួនក៏នាំគ្នារត់គេច លុះយប់ឡើងពួកខ្លួនបានទៅម្ដងទៀតបម្រុងលួចយកម៉ូតូ តែដោយឆ្កែព្រុសខ្លាំងពេក ពួកខ្លួនក៏នាំគ្នាត្រឡប់ទៅផ្ទះវិញ។
👉 សរុបការបាត់បង់ប្រាក់ ចំនួន ៣០,៣៣០,០០០រៀល, កាតទូរស័ព្ទ ចំនួន ៥០ដុល្លាអាមរិច និងទូរស័ព្ទដៃ ម៉ាក Oppo ចំនួន ០១គ្រឿង ។
👉 បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ខាននគរបាលខេត្តដេីម្បីចាត់ការតាមនិតិវិធី ៕(ដោយ ឈឿន ប៊ុនឈី)